Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ...

(Khmer) ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធ និងកងកម្លាំងគ្រប់ប្រភេទ យកចិត្តទុកដាក់ខ្ពស់ចំពោះការព្យាបាលអ្នកជំងឺកូវីដ-១៩តាមផ្ទះ ដើម្បីឱ្យពលរដ្ឋមានទំនុកចិត្ត

Published Date: Wednesday, July 21, 2021, 8:18 AM

(Khmer)

img207216 img207211

 

 

 

 

 

           ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធនិងកងកម្លាំងទាំងអស់ ត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតចំពោះការព្យាបាលអ្នកជំងឺកូវីដ-១៩តាមផ្ទះ ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្ត ជឿមកលើក្រុមគ្រូពេទ្យ និងអាជ្ញាធររបស់យើង ស្ម័ក្រចិត្ត ព្យាបាលតាមផ្ទះកាន់តែច្រើន។ បន្ថែមពីនេះ ឯកឧត្តម ឃួង ស្រេង ក៏បានជំរុញឱ្យមន្ទីរទេសចរណ៍ និងអាជ្ញាធរខណ្ឌបន្តចុះត្រួតពិនិត្យ រិតបន្តឹងការគ្រប់គ្រងការជួបជុំ ការលួចបើកទីតាំងម៉ាស្សា KTV និងកន្លែងសប្បាយភាពផ្សេងៗទៀត។

            ការជំរុញបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើឡើងតាមរយះកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ជុំវិញការត្រួតពិនិត្យ ការផ្តល់ការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ តាមរយះ Video Conference នាល្ងាច ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ៖ ការព្យាបាលតាមផ្ទះជាជំរើសដ៏ល្អ ហើយត្រូវបានប្រជាពលរដ្ឋស្ម័ក្រចិត្តចូលរួមក្នុងការព្យាបាលតាមផ្ទះនេះកាន់តែច្រើនឡើង។ ដូច្នេះអ្វីដែលត្រូវអនុវត្តនោះ គឺអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធ និងកងកម្លាំងទាំងអស់ ត្រូវតែយកចិត្តទុកដាក់អោយបានខ្ពស់បំផុត ចំពោះការព្យាបាលតាមផ្ទះនេះ ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្ត ជឿមកលើក្រុមគ្រូពេទ្យ និងអាជ្ញាធររបស់យើង។

            ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ផងដែរថា ចំពោះខណ្ឌនិមួយៗត្រូវបង្កើតឲ្យមានទីបញ្ជាការស្រាលមួយកន្លែងក្នុងមួយខណ្ឌ ដើម្បីប្រចាំបញ្ជាជួយអន្តរាគមន៍ ប្រជាពលរដ្ឋពេលមានបញ្ហាអ្វីមួយ ហើយប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ (OD) ក៏ត្រូវតែនៅក្នុងទីបញ្ជាការស្រាលនេះដែរ ពោលគឺនៅពេលមានបញ្ហាអ្វីយើងអាចជួយបានទាន់ពេលវេលាមិនគ្រោះថ្នាក់ដល់អាយុជីវីត។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍បន្តទៀតថា ៖ ចំពោះអ្នកដែលពិនិត្យរកឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩ និងបានសម្រេចចិត្តព្យាបាលនៅតាមផ្ទះហើយ តែបែជាល្មើសនិងច្បាប់ ដោយលួចចេញមកខាងក្រៅនិងបានចម្លងដល់អ្នកដទៃថែមទៀតនោះ អ្នកនោះក្រោយពីព្យាបាលជំងឺបានជាសះស្បើយហើយនឹងចាប់មកទទួលទោសទៅតាមផ្លូវច្បាប់ធ្ងន់ធ្ងរ ដោយមិនមានការលើកលែងឡើយ។

            ចំណែក លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំនោះ ក៏បានពន្យល់ថា ចំពោះអ្នកដែលរកឃើញមានវិជ្ជមានជម្ងឺកូវីដ-១៩ ហើយស្ម័ក្រចិត្តព្យាបាលតាមផ្ទះ ត្រូវព្យាបាលឱ្យបាន១៣ថ្ងៃ។ ក្នុងថ្ងៃទី១៣នេះ គ្រូពេទ្យត្រូវទៅយកសំណាកបន្តទៀត។ នៅពេលពិនិត្យយកសំណាកនោះ បើទោះបីជារកឃើញឬរកមិនឃើញជំងឺកូវីដ-១៩ ក៏ដោយ ក៏ត្រូវតែបន្តដាក់ខ្លួនអោយនៅដាច់ដោយឡែកចំនួន១៤ថ្ងៃបន្តទៀត មិនអាចចេញក្រៅបានទេ៕

img207214 img207218 img207216 img207212 img207215 img207213