Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ជំរុញឱ្យអាជ...

(Khmer) ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ច យកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីទទួលក្បួនដង្ហែ​ព្រះអគ្គិជ័យកីឡា

Published Date: Friday, April 21, 2023, 5:49 PM

(Khmer)

img214234 img214235

 

 

 

 

 

             អភិបាល នៃគណៈ អភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ កងកម្លាំងមានសមត្ថកិច្ចរបស់កងរាជអាវុធហត្ថ និងប៉ូលីសរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់អោយបានខ្ពស់បំផុត ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីអោយក្បួនដង្ហែព្រះអគ្គិជ័យកីឡានៃការប្រកួតកីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នេះ ទទួលបាននូវភាពអធិកអធម កុំអោយចាញ់ប្រទេសគេ ខណៈដែលយើងត្រូវធ្វើជាម្ចាស់ផ្ទះ។

            ការជំរុញបែបនេះរបស់ ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើង នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីដង្ហែព្រះអគ្គីជ័យកីទ្បា នៃការប្រកួតកីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ជាមួយអាជ្ញាធរខណ្ឌទាំង១៤,មន្ទីរពាក់ព័ន្ធ,កងកម្លាំងមានសមត្ថកិច្ចរបស់កងរាជអាវុធហត្ថរាជធានី និងស្នងការនគរបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ កម្ពុជាយើងបានរងចាំ៦៤ឆ្នាំហើយ ដើម្បីធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ។ ដូច្នេះទេ ឯកឧត្តមស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់អោយបានខ្ពស់បំផុត ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងក្រមសីលធម៌ ធ្វើយ៉ាងណាអោយក្បួនដង្ហែព្រះអគ្គិជ័យកីឡានៃការប្រកួត  កីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នេះ ទទួលបាននូវភាពអធិកអធម មិនចាញ់ប្រទេសគេ និងទទួលបានភាពជោគជ័យ ។

            ឯកឧត្ដមបញ្ជាក់ថា ចំពោះអ្នកដែលត្រូវដង្ហែរ និងអ្នកឈរទទួលក្បួនដង្ហែព្រះអគ្គិជ័យកីឡា គឺត្រូវតែប្រើប្រាស់យុវជន។ បន្ថែមពីនេះការលាងសំអាតផ្លូវ ការតុបតែងរាជធានីភ្នំពេញអោយមានសោភណ្ឌភាព ត្រូវតែអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

            សូមបញ្ជាក់ថា៖ កម្មវិធីពិធីដង្ហែព្រះអគ្គិជ័យកីឡាពីតំបន់អាស៊ាននេះ ត្រូវចូលមកព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងគ្រៀល-ណងណុកឈៀន ខេត្តស្ទឹងត្រែង និងដង្ហែបន្តទៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប ។ ក្នុងនោះនៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ ក្បួនដង្ហែព្រះអគ្គិជ័យកីឡា មកដល់ផ្សារព្រែកអញ្ចាញ ស្ពានទី១២ ព្រំប្រទល់ខេត្តកណ្តាល-រាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញរង់ចាំទទួលស្វាគមន៍ព្រះអគ្គិជ័យកីឡានៅស្ពានទី១២ ដើម្បីដង្ហែមកវេទិកានៅរមណីយដ្ឋានវត្តភ្នំ។ ឯកឧត្ដម នី ផល្លី តំណាង CAMSOC ប្រគល់ព្រះអគ្គិជ័យកីឡាជូនរដ្ឋបាលរាជធានីភ្នំពេញ ដង្ហែឆ្ពោះមកកាន់រមណីយដ្ឋានវត្តភ្នំ។ ក្បួនដង្ហែព្រះអគ្គិជ័យកីឡាដល់វេទិកាប្រារព្ធពិធីនៅរមណីយដ្ឋានវត្តភ្នំ។ បន្ទាប់ពីប្រារព្ធពិធី ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំរាជធានីភ្នំពេញ ដង្ហែព្រះអគ្គិជ័យកីឡា ពីចំណុចរមណីយដ្ឋានវត្តភ្នំ ឆ្ពោះទៅតម្កល់រក្សាទុកនៅវត្តលង្កាព្រះកុសុមារាម ដោយមានរៀបចំពិធីសាសនា និងបាញ់កាំជ្រួចផងដែរ។ (ការពារព្រះអគ្គិជ័យ កីឡាដោយរដ្ឋបាលរាជធានីភ្នំពេញ) ។

            នៅព្រឹកថ្ងៃសៅរ៍ទី២៩ ខែមេសា ឆ្នាំ២០២៣ ព្រះអគ្គិជ័យកីឡាត្រូវដង្ហែពីវត្តលង្កាព្រះកុសុមារាម ឆ្ពោះមកវិមានឯករាជ្យ ដឹកនាំដោយ ឯកឧត្ដម នី ផល្លី តំណាង CAMSOC និងអភិបាលរងរាជធានីភ្នំពេញ មានការអមដំណើរដោយ ប្រតិភូរាជធានីភ្នំពេញ ក្រុមការងារកីឡាករ កីឡាការិនីឆ្នើមមួយចំនួន និងមានក្រុមឆៃយ៉ាំនាំមុខ។ ឯកឧត្ដម នី ផល្លី តំណាង CAMSOC ប្រគល់ព្រះអគ្គិជ័យកីឡាជូនឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន  រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដង្ហែព្រះអគ្គិជ័យកីឡាពីវិមានឯករាជ្យ ឆ្ពោះទៅមុខស្ថានទូតសិង្ហបុរី។       ឯកឧត្ដមបណ្ឌិតសភាចារ្យបន្តប្រគល់ជូនឯកឧត្ដម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC ។ ឯកឧត្ដម ហោ សារុន បន្តប្រគល់ជូន ឯកឧត្ដម ឃួង ស្រេង ទីប្រឹក្សាផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដង្ហែបណ្តាក់ព្រះអគ្គិជ័យកីឡា អមដោយថ្នាក់ដឹកនាំរាជធានីភ្នំពេញ ពីមុខស្ថានទូតសិង្ហបុរី ឆ្ពោះទៅដល់មុខអង្គភាពប្រឆាំងអំពើពុករលួយ។ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បន្តប្រគល់ជូនឯកឧត្ដម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាង CAMSOC នៅមុខ អង្គភាពប្រឆាំងអំពើពុករលួយ។ ឯកឧត្ដម នី ផល្លី តំណាង CAMSOC បន្តប្រគល់ជូនតំណាងបណ្តាក្រុមហ៊ុនឧបត្ថម្ភទាំង១៤ ដង្ហែបណ្តាក់ព្រះអគ្គិជ័យកីឡាពីមុខអង្គភាពប្រឆាំងអំពើពុករលួយ ឆ្ពោះទៅរមណីយដ្ឋានវត្តភ្នំ តំណាងបណ្តាក្រុមហ៊ុនឧបត្ថម្ភចុងក្រោយ ប្រគល់ត្រលប់មកជូន លោកនី ផល្លី តំណាង CAMSOC ដើម្បីប្រគល់ជូនកីឡាករ កីឡាការិនីឆ្នើម ដង្ហែឆ្ពោះទៅកាន់ខេត្តកំពង់ឆ្នាំង ។

            នៅរសៀលថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣ ក្បួនដង្ហែព្រះអគ្គិជ័យកីឡាចេញពីទីប្រជុំជនស្គន់ ខេត្តកំពង់ចាម ឆ្ពោះមកកាន់រាជធានីភ្នំពេញ ត្រូវមកដល់ស្តុបម៉ាក្រូឈ្នះឈ្នះ ប្រមាណម៉ោង ១៩.០០នាទី។ ក្បួនដង្ហែព្រះអគ្គិជ័យកីឡាមកដល់ស្តុបម៉ាក្រូឈ្នះឈ្នះ នៅម៉ោង១៩.០០នាទី រៀបចំវេទិកាតូចល្មមនៅស្តុបម៉ាក្រូឈ្នះឈ្នះ ។ ថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិនឹងត្រូវទទួលព្រះអគ្គិជ័យកីឡារត់បណ្តាក់គ្នា ពីស្តុបម៉ាក្រូឈ្នះឈ្នះ ឆ្ពោះមកខ្លោងទ្វារ ពហុកីឡដ្ឋានមរតកតេជោ កីឡាករបាល់ទាត់ដែលមានប្រជាប្រិយភាពចំនួន ២រូប នឹងត្រូវទទួលព្រះអគ្គិជ័យកីឡាដង្ហែបន្តពីស្តុបម៉ាក្រូឈ្នះឈ្នះ ឆ្ពោះមកកាន់ច្រកទ្វារលេខ១ កីឡាករ កីឡាការិនី ម្ចាស់មេដាយមាសចំនួន ៥រូប នឹងត្រូវទទួលព្រះអគ្គិជ័យកីឡាដង្ហែបន្តពីច្រកទ្វារលេខ១ ចូលក្នុងបរិវេណទីលានបាល់ទាត់ ដែលជាកន្លែងប្រារព្ធពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាផ្លូវការ៕

img2142318 img2142315 img214237 img214238 img214239 img2142310 img2142311 img2142312 img2142314 img2142313 img214233 img214235 img214236 img214232 img214231 img2142316 img2142317 img2142320 img2142321 img2142319 img2142322 img2142326 img2142329 img2142330 img2142328 img2142327 img2142325 img2142324