Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) វត្តប្រសិទ្ធីរីម្មារាម ត្រូវបានកសាងឈាបន...

(Khmer) វត្តប្រសិទ្ធីរីម្មារាម ត្រូវបានកសាងឈាបនដ្ឋាន ជាច្រើនដើម្បីបូជាសពស្លាប់ដោយសារជំងឺ Covid-19

Published Date: Tuesday, September 20, 2022, 4:13 PM

(Khmer)

img2009221 img2092250

 

 

 

 

 

            វត្តប្រសិទ្ធីរីម្មារាម ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ កសាងឈាបនដ្ឋាន ជាច្រើនដើម្បីបូជាសពអ្នកដែលបានស្លាប់ដោយសារជំងឺ covid-19 ហើយក្រោយ​បញ្ចប់កូវីដ-១៩ ឈាបនដ្ឋាននេះ វាក៏នៅតែមានតួនាទីយ៉ាងសំខាន់ក្នុងការបូជាសពសម្រាប់ប្រជាពលរដ្ឋទូទៅ ខណៈដែលនៅរាជធានីភ្នំពេញ ឈាបនដ្ឋាននៅកណ្តាលក្រុងនឹងត្រូវបានបិទ ដោយបង្វែរទិសមកកាន់ទីតាំងជាយក្រុងវិញ។

            អភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង ក្រោយបញ្ចប់ពិធីបុណ្យកាន់បិណ្ឌវេនទី១០ ត្រូវនឹងព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ វត្តប្រសិទ្ធីរីម្មារាម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ បានមានប្រសាសន៍លើកឡើងថា៖ វត្តប្រសិទ្ធីរីម្មារាម ជាវត្តថ្មីមួយដែលបានកសាងសមិទ្ធផលជាច្រើននៅក្នុងវត្តនេះ ហើយអ្វីដែលសំខាន់នោះ ទីរាម នេះ ក្រោមការណែនាំពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន រដ្ឋបាលរាជធានីភ្នំពេញ បានកសាងឈាបនដ្ឋានជាច្រើននៅទីនេះ ដើម្បីបូជាសព អ្នកដែលស្លាប់ដោយសារ ជំងឺ covid-19 ខណៈដែលប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោកត្រូវបានរាតត្បាតខ្លាំងដោយជំងឺកូវីដ-១៩។ វត្តនេះបានដើរតួយ៉ាងសំខាន់ ដោយយើងបានបង្កើតនូវជាឈាបនដ្ឋានជាច្រើន ដើម្បីបូជាសពអ្នកដែលស្លាប់ដោយសារជំងឺ covid-19 ជាមួយនឹងការផ្តល់ម្ឈូស កោដិ ដោយមិនគិតថ្លៃជូនប្រជាពលរដ្ឋ ដែលមានបងប្អូន សាច់ញាតិ ស្លាប់ដោយជំងឺកូវីដ-១៩នេះផងដែរ។

            ឯកឧត្ដម ឃួង ស្រេង បានបន្តថា ៖ នេះជាការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដោយសម្តេចមិនត្រឹមតែរំដោះប្រទេសជាតិចេញពីរបប ប៉ុល ពត និងការកសាងអភិវឌ្ឍន៍ប្រទេសឱ្យរីកចំរើនប៉ុណ្ណោះទេ សម្តេចបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋពីការរីករាលដាលពីជំងឺកូវីដ-១៩ ថែមទៀត ដោយសម្តេចបានដាក់ចេញនូវវិធានការបិទខ្ទប់រាជធានី ជាមួយនឹងការស្រោចវ៉ាក់សាំងការពារជំងឺ covid-19 ជូនប្រជាណលរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យជំងឺនេះបានថមថយនិងឈានទៅដល់ការបើកឱ្យដំណើរការសេដ្ឋកិច្ចប្រទេសជាប្រក្រតីឡើងវិញ។

            ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ៖ ទីតាំងឈាបនដ្ឋានខាងលើនេះ មានទំហំដីជាងមួយហិចតា ហើយក្នុងតំណាក់កាលកូវីដ-១៩ កំពុងរីករាលដាលខ្លាំង ទីតាំងនេះបានដើរតួយ៉ាងសំខាន់ក្នុងការបូជាសព ដោយប្រើប្រាស់ពេលវេលានៃការដុតសព ម្នាក់ប្រមាណជាង១ម៉ោងប៉ុណ្ណោះ (ឈាបនដ្ឋាន២ មានឡូតិ៍ចំនួន៨) ។

             ឯកឧត្ដមបញ្ជាក់ផងដែរថា ៖ឈាបនដ្ឋាននេះ មានទីតាំងធំទូលាយ សម្រាប់ធ្វើពិធីបុណ្យ។ ក្រោយបញ្ចប់កូវីដ-១៩ ឈាបនដ្ឋាននេះក៏នៅតែមានតួនាទីយ៉ាងសំខាន់ក្នុងការបូជាសព សម្រាប់ប្រជាពលរដ្ឋទូទៅ ខណៈដែលនៅរាជធានីភ្នំពេញ ឈាបនដ្ឋាននៅកណ្តាលក្រុងនឹងត្រូវបានបិទ ដោយបង្វែរមកកាន់ទីតាំងខាងលើនេះវិញ៕

img2009222 img2009226 img2009223 img20092210 img2009229 img2009228 img2009227 img2009225 img2009224