Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ពលរដ្ឋស្នើសុំបិទការ៉ាសបញ្ចូលហ្គាស និងហា...

(Khmer) ពលរដ្ឋស្នើសុំបិទការ៉ាសបញ្ចូលហ្គាស និងហាងបៀហ្គាឌិន ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅខណ្ឌបឹងកេងកង

Published Date: Tuesday, October 18, 2022, 2:37 PM

(Khmer)

img18102217 img1810224

 

 

 

 

 

            ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋបានស្នើឱ្យអាជ្ញាធរជួយដោះស្រាយសំណើរ សំណូមពរ ជាច្រើន មានទាំងការសុំបិទទីតាំងសប្បាយភាព បិទការ៉ាសបញ្ចូលហ្គាស ការសុំបន្តការរៀបចំសណ្តាប់ធ្នាប់នៅមុខសាលារៀន និងការសុំធ្វើបណ្តាញលូផងដែរ។ ប៉ុន្តែទោះបី ជាយ៉ាងណាក្តី ការស្នើសុំដោះស្រាយបញ្ហាកកស្ទះសំរាម ប្រជាពលរដ្ឋមិនបានលើកឡើងក្នុងវេទិកានេះទេ។

            វេទិកានេះធ្វើឡើងក្រោមវត្តមាន ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។ វេទិកានេះប្រជាពលរដ្ឋលើកឡើងពីហាងបៀហ្គាឌិនដែលបានរំខានដោយសំលេងលឺៗ ដេកពួនមិនបាន។ ប្រជាពលរដ្ឋបានស្នើឱ្យរៀបចំសណ្តាប់ធ្នាប់នៅមុខសាលាបឋមសិក្សាអូឡាំពិក ដោយសារការចតគ្មានសណ្តាប់ធ្នាប់ សម្រួលកុំឱ្យស្ទះផ្លូវ១៦៣,១៧៣ និងធ្វើស្លាកសញ្ញាចរាចរ សូមធ្វើលូនៅផ្លូវ២៧៦ នៅសង្កាត់អូឡាំពិក សូមដោះស្រាយខ្សែភ្លើងធ្លាក់រញ៉េរញ៉ៃបង្កហានិភ័យដល់ប្រជាពលរដ្ឋ សូមអាជ្ញាធរជួយបើកផ្លូវ៣៨៦ ជាដើម។

            ឯកឧត្ដម ឃួង ស្រេង ក្នុងឱកាសនោះ បានជំរុញឱ្យអាជ្ញាធរខណ្ឌ សង្កាត់រួមគ្នាដោះស្រាយរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អ ពិសេសនៅតាមសាលារៀន ដោយឯកឧត្តមបានណែនាំឱ្យអាជ្ញាធរខណ្ឌ ត្រូវយកចិត្តទុកដាក់ខ្ពស់នៅតាមសាលារៀន កុំធ្វេសប្រហែសបណ្តាលឱ្យមានហេតុការអាក្រក់កើតឡើង ចំពោះក្មួយៗសិស្សានុសិស្ស ដូចករណីលិចទូកនៅស្រុកលើកដែក ខេត្តកណ្តាល ជាគំរូស្រាប់ មិនត្រូវឱ្យមានសោធនាកម្មបែបនេះកើតឡើង ផ្តើមចេញពីការទ្វេសប្រហែសរបស់អាជ្ញាធរយើងនោះទេ។ 

            ឯកឧត្ដម ឃួង ស្រេង បានបន្តថា យើងពិតជាបានឃើញពីសកម្មភាពល្អរបស់កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរ ក្នុងការជួយសម្រួលចរាចរណ៍ចំពោះសិស្ស ជាមួយនឹងការជួយនាំក្មួយៗឆ្លងផ្លូវថែមទៀត។ ឯកឧត្ដម សូមឱ្យបន្តសកម្មភាពនេះឱ្យកាន់តែល្អថែមទៀត។

            ឯកឧត្ដមបន្តទៀតថា បច្ចុប្បន្ន ប្រជាពលរដ្ឋរស់នៅបែបស៊ីវីល័យហើយ ដូច្នេះសម្រាប់ការបំរើប្រជាពលរដ្ឋត្រូវតែស៊ីវីល័យដូចគ្នាដែរ ពោលគឺត្រូវជំរុញអភិបាលកិច្ចឱ្យបានល្អ មិនអាចអន់ថយនោះទេ។

            ឯកឧត្ដម ឃួង ស្រេង បញ្ជាក់ថា ការសុំបិទបៀហ្គាដិន ការ៉ាសបញ្ចូលហ្គាស អាជ្ញាធរខណ្ឌ សង្កាត់ត្រូវសហការជាមួយប៉ុស្តិ៍ ចុះអនុវត្តការងារនេះជូនប្រជាពលរដ្ឋ មានន័យថាអ្វីដែលជាភាពចាំបាច់របស់ប្រជាពលរដ្ឋត្រូវតែធ្វើជូនពួកគាត់ បើទោះបីត្រូវបិទការ៉ាសបញ្ចូលហ្គាស និងបៀហ្កាឌិនក៏ដោយ ។

            អាជ្ញាធរ និងកងកម្លាំងរបស់ខណ្ឌត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិសេសកិច្ចការពារសន្តិសុខ សុវត្ថិភាព ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២នាពេលខាងមុខនេះ ដោយធានាថាកិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅដោយរលូន និងជោគជ័យតាមការគ្រោងទុក ជាមួយគ្នានេះ អាជ្ញាធរខណ្ឌ សង្កាត់ អធិការដ្ឋាន ប៉ុស្តិ៍ ត្រូវធ្វើយ៉ាងណា ឱ្យមូលដ្ឋានរបស់ខ្លួនត្រូវតែគ្មានល្បែងស៊ីសងខុសច្បាប់ ទៅតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន។

            ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្ដម ម៉ប់ សារិន បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធនឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៏នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានដឹងលឺ និងរកយន្តការដោះស្រាយជូន។

            វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំបេញ ត្រូវបានធ្វើឡើងក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើររបស់ប្រជាពលរដ្ឋ។ ប៉ុន្តែក្នុងរយៈពេល២ឆ្នាំជាប់គ្នានេះត្រូវបានខកខានដោយការរាតត្បាតជំងឺកូវីដ-១៩។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី រដ្ឋបាលរាជធានីភ្នំពេញនៅតែបន្តដោះស្រាយទុក្ខកង្វល់ប្រជាពលរដ្ឋជានិច្ច៕

img18102241 img18102233 img18102234 img18102235 img18102232 img18102238 img18102221 img18102220 img18102230 img18102231 img18102237 img18102236 img18102229 img18102228 img18102227 img18102219 img18102216 img18102226 img18102225 img18102224 img18102218 img18102222 img18102213 img18102212 img18102215 img18102214 img18102211 img18102210 img1810229 img1810228 img1810227 img1810226 img1810225 img1810223 img1810222 img1810221