Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំ ពា...

(Khmer) រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំ ពាក់ព័ន្ធនឹងការត្រួតពិនិត្យលើការកែច្នៃយានយន្តគ្រប់ប្រភេទ ការបំពាក់ស៊ីផ្លេរ បំពង់ស៊ីម៉ាំង យានយន្តខុសលក្ខណៈបច្ចេកទេស

Published Date: Tuesday, March 19, 2024, 9:15 AM

(Khmer)

img1803244 img1803243

 

 

 

 

 

         អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី  ហ៊ុន  ម៉ាណែត  នាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុជា  ពាក់ព័ន្ធនឹងការកែច្នៃ​យានយន្តខុសលក្ខណៈបច្ចេកទេសប៉ះពាល់ដល់សណ្ដាប់ធ្នាប់  របៀបរៀបរយតាមដងផ្លូវសាធារណៈ  ឯកឧត្ដម  ឃួង ស្រេង អភិបាល  នៃគណៈអភិបាលរាជធានីភ្នំពេញ  បានបើកកិច្ចប្រជុំបន្ទាន់មួយពាក់ព័ន្ធនឹងការត្រួតពិនិត្យលើការកែច្នៃយានយន្ត គ្រប់ប្រភេទ  ការបំពាក់ ស៊ីផ្លេរ  បំពង់ស៊ីម៉ាំង យានយន្តខុសលក្ខណៈបច្ចេកទេស  ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញ ។

          កិច្ចប្រនេះជុំបានធ្វើឡើងនារសៀលថ្ងៃ ទី ១៨  ខែមីនា  ឆ្នាំ ២០២៤ នេះដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

          នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានដាក់ចេញនៅគោលការណ៍៣ចំណុច ដោយទី១ ណែនាំដល់អ្នកដែលបានប្រើប្រាស់ស៊ីផ្លេឬបំពង់ស៊ីមុំាងខុសបច្ចេកទេ ត្រូវរួសរាន់ដកចេញវិញជាបន្ទាន់ ដើម្បីកុំឱ្យរងការផាកពិន័យ ទី២ ណែនាំដល់ម្ចាស់អាជីវកម្មលក់ដូរបំពង់ស៊ីមុំាង និងស៊ីផ្លេដែលខុសបច្ចេកទេសត្រូវបញ្ឈប់ការលក់ដូរ និងទី៣ ណែនាំដល់ម្ចាស់យាន្តដ្ឋាននានាក្នុងរាជធានីភ្នំពេញត្រូវបញ្ឈប់ការកែច្នៃស៊ីផ្លេ និងបំពង់ស៊ីមុំាងខុសបច្ចេកទេស ដើម្បីកុំឱ្យរងការផាកពិន័យ ឬឈានទៅបិទអាជីវកម្ម បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីជូនដំណឹងនាពេលដ៏ខ្លីខាងមុខ។

          ឯកឧត្ដម  ឃួង  ស្រេង  បានថ្លែងថា ការប្រើប្រាស់ស៊ីផ្លេ និងបំពង់ស៊ីមុំាងខុសបច្ចេកទេសនេះ  គឺបានបង្កការរំខានយ៉ាងខ្លំាងដល់សណ្តាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវ ដែលសមត្ថកិច្ចត្រូវតែពង្រឹងការផាក ពិនិត្យឱ្យបានម៉ឹងម៉ាត់ជាទីបំផុត។

          ឯកឧត្ដម  ឃួង ស្រេង ក៏បានណែនាំឱ្យចេញសារចរណែនាំមួយដោយហាមអ្នកលក់ដូរទំាងអស់ត្រូវបញ្ឈប់ការលក់ដូរ បំពង់ស៊ីមុំាងកែច្នៃ និងស៊ីផ្លេខុសបច្ចេកទេស  ហើយបើមិនអនុវត្តតាម នឹងត្រូវចាត់វិធានការណ៍តាមផ្លូវច្បាប់ដោយប្រមូលរបស់របរខុសចប្ចេកទេសទំាងនោះទៅរក្សាទុក និងអាចឈានទៅបិទអាជីវកម្មតែម្តង។

          បន្ថែមពីលើនេះទៀតក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្ដម  ឃួង សេ្រង  ក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ ត្រួតពិនិត្យឡើងវិញចំពោះអាជីវកម្មក្លឹបកំសាន្ត ក៏ដូចជាប៊ៀកាដិនជាដើម ដែលបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋដែរ។ ដោយឡែកចំពោះល្បែងស៊ីសងគ្រប់ប្រភេទក៏ត្រូវតែ  បង្ក្រាបអោយអស់ពីមូលដ្ឋានរបស់ខ្លួនផងដែរ។

          សូមបញ្ជាក់ថា ការបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ឱ្យក្រសួងជំនាញ និងសមត្ថកិច្ចត្រួតពិនិត្យលក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្តជាបន្ទាន់នេះ បន្ទាប់ពីក្នុងរយៈពេលថ្មីៗនេះ ឃើញមានការបង្ហោះតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងសកម្មភាពរបស់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជននិងកុមារ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ ដែលសកម្មភាពរាំលេងនេះធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូចជាបង្កហានិភ័យសម្រាប់ការធ្វើដំណើរ និងជាពិសេសអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ក្មួយៗតែម្តង។  ជាមួយគ្នានេះដែរ សម្ដេចធិបតី បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចតាមបណ្តាខេត្តមួយចំនួន បានចាត់វិធានការ ដោយបានធ្វើការណែនាំឱ្យអ្នកបើកបររថយន្តធំដោះស៊ីផ្លេខុសលក្ខណៈបច្ចេកទេសចេញ និងធ្វើការផ្លាស់ប្តូរស៊ីផ្លេវិញ ព្រមទាំងណែនាំដល់ក្មួយៗឱ្យបញ្ឈប់សកម្មភាពនេះ។

ដើម្បីឱ្យការអនុវត្តវិធានការនេះកាន់តែមានប្រសិទ្ធភាព និងកាន់តែទូលំទូលាយ សម្ដេចធិបតី បានណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធររាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ធ្វើការសហការគ្នា ត្រួតពិនិត្យ និងធ្វើការណែនាំពាក់ព័ន្ធនឹងលក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្ត ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ។ ជាពិសេសសម្ដេច សូមប្រគល់ភារកិច្ចជូនគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើការណែនាំ និងចាត់វិធានការឱ្យបានតឹងរ៉ឹង ដើម្បីទប់ស្កាត់សកម្មភាពអនាធិបតេយ្យដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈ និងអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ៕

img18032413 img1803247 img18032412 img18032411 img1803242 img1803244 img1803245 img1803246 img18032420 img18032418 img18032417 img18032421 img18032416 img18032415 img18032414 img18032410 img1803249 img1803248