(Khmer) ក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងមមាញឹកផ្តល់ប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋនៅបុរីកីឡា អោយរួចរាល់ក្នុងរយៈពេល២ថ្ងៃ
Published Date: Friday, February 17, 2023, 4:15 PM
(Khmer)
អនុវត្តតាមការណែនាំពី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃរដ្ឋបាលរាជធានីភ្នំពេញ ,អាជ្ញាធរខណ្ឌមករា និងមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដី រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បាននឹងកំពុងផ្តល់ប័ណ្ណកម្មសិទ្ធិលើចំណែកឯកជនជូនប្រជាពលរដ្ឋរស់នៅក្នុងអគារបុរីកីឡាប្រមាណជាង ១.២០០គ្រួសារ ស្មើនិង១.៣៩២បន្ទប់ យ៉ាងមមាញឹកបំផុត ក្រោយពី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជននេះ កាលនារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលម៉ិញ។
ឯកឧត្ដម ឃួង ស្រេង បានណែនាំថា ក្រុមការងារនៃរដ្ឋបាលរាជធានីភ្នំពេញ ,អាជ្ញាធរខណ្ឌមករា និងមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ត្រូវចែកជូនប័ណ្ណកម្មសិទ្ធិលើចំណែកឯកជនជូនប្រជាពលរដ្ឋរស់នៅក្នុងអគារបុរីកីឡានេះអោយរួចរាល់ក្នុងរយៈពេល២ថ្ងៃ។ ទទួលបានការណែនាំនេះ អាជ្ញាធរនិងមន្ទីរខាងលើបានបែងចែកក្រុមការងារចំនួន៨ក្រុម ពោលគឺចែកនៅគ្រប់អគារតែម្តង សំដៅធ្វើយ៉ាងណាអោយការងារនេះបានលឿន ទៅតាមការចង់បានរបស់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋដែលបានរស់នៅក្នុងអាគារបុរីកីឡាទាំងជាង១.២០០គ្រួសារ បានសម្ដែងនូវការត្រេកអរ រំភើព រីករាយនិងអរគុណយ៉ាងខ្លាំង ចំពោះសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលដែលបានផ្តល់ប្រគល់ ប័ណ្ណកម្មសិទ្ធិដល់ពួកគាត់ មានសិទ្ធិដោយគ្មានការភ័យខ្លាច ។
អ្នកស្រី ជា សូរិយា ដែលកំពុងរស់នៅជាន់ទី៦ បានបង្ហាញក្តីរីករាយថា លោកស្រីពិតជាមិននឹកស្មានថា មានភ័ព្វសំណាងទទួលបានបណ្ណកម្មសិទ្ធិ ដូចប្រជាពលរដ្ឋទូទៅនោះទេ។ អ្វីដែលធ្វើឲ្យលោកស្រីរីករាយបំផុត គឺសម្ដេចប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញគិតគូរដល់សុខទុក្ខនិងផ្ដល់ភាពកក់ក្តៅដល់អ្នករស់នៅសំណង់បុរីកីឡាទាំងអស់។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ ដែលរស់នៅក្នុងសំណង់អគារបុរីកីឡា «សូមថ្លែងនូវអំណរអរគុណយ៉ាងជ្រាវជ្រៅបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ ផ្ដល់ជូននូវបណ្ណកម្មសិទ្ធិដល់យើងខ្ញុំទាំងអស់គ្នា នាពេលនេះ»។
ចំណែកលោក ហយ ហ៊ុន និងលោកស្រី លុក លន់ចាន់ថាវរី បានថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាលសម្ដេចតែងតែយកចិត្តទុកដាក់ គិតគូរជាពិសេសសម្រាប់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតក៏ដូចជាប្រជាពលរដ្ឋដែលងាយរងគ្រោះ ហើយថ្ងៃនេះរូបលោក និងប្រជាពលរដ្ឋ ដែលរស់នៅទីនេះទាំងអស់ បានប័ណ្ណកម្មសិទ្ធិផ្ទាល់ខ្លួន សម្រាប់គ្រប់គ្រងលើផ្ទះសម្បែងដោយភាពកក់ក្តៅបំផុត និងមានឱកាសបានយកប្លង់ផ្ទះទាំងនោះទៅប្រើប្រាស់ជាប្រយោជន៍សម្រាប់ការរស់នៅប្រចាំថ្ងៃ។
គួរបញ្ជាក់ថា តំបន់បុរីកីឡាមានអគារចំនួន៨ មានប្រជាពលរដ្ឋចំនួនជាង១.២០០គ្រួសារ ស្មើ១.៣៩២យូនីត ឬ១.៣៩២ បន្ទប់៕