Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) រដ្ឋបាលរាជធានីភ្នំពេញ នឹងបង្រួមតំបន់ក្រ...

(Khmer) រដ្ឋបាលរាជធានីភ្នំពេញ នឹងបង្រួមតំបន់ក្រហមអោយនៅតូចរហូតតាមខ្នងផ្ទះ តាមអគារឬនៅតាមខុនដូរ ដើម្បីផ្តាច់ឬសគល់កូវីដ-១៩

Published Date: Monday, May 17, 2021, 12:05 PM

(Khmer)

img170521a1 img170521a15

 

 

 

 

 

           រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងបង្រួមតំបន់ក្រហម ដែលជាតំបន់មានហានិភ័យខ្ពស់នៃការរីករាលដាលជំងឺកូវីដ-១៩ មកនៅទំហំតូចជាងមុន រហូតដល់តាមខ្នងផ្ទះ អគារឬនៅតាមខុនដូរ ហើយការងារនេះរដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃ១៩ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ ដើម្បីផ្តាច់​ឬ​ស​គល់​កូវីដ-១៩។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីវិធានការការពាររបស់ក្រសួងសុខាភិបាល ពិសេសការអនុវត្ត៣កុំ និង៣ការពារ ត្រូវតែបន្តអនុវត្តអោយបានម៉ឺងម៉ាត់បំផុត។

            នេះបើតាមការបញ្ជាក់ឲ្យដឹងពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំ តាមរយៈ Video conference ជាមួយអភិបាលខណ្ឌទាំង១៤ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ដើម្បីពិនិត្យ ពិភាក្សា និងកំណត់ទីតាំងឱ្យបានច្បាស់លាស់ ពាក់ព័ន្ធនឹងការបង្រួមតំបន់ក្រហមអោយនៅតូចរហូតតាមខ្នងផ្ទះ តាមអគារឬនៅតាមខុនដូរ នៅថ្ងៃ១៩ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ ដើម្បីផ្តាច់ឬសគល់ជម្ងឺកូវីដ-១៩ ។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បី ពិនិត្យពិភាក្សាទៅលើទីតាំងតំបន់ក្រហមទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីយើងបង្រួមតំបន់ក្រហមនេះឲ្យមកនៅតូចជាងមុន រហូតមកនៅត្រឹមតាមខ្នងផ្ទះ តាមអាគារ ឬនៅតាមខុនដូតែម្ដង នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ ។

ចំពោះទីតាំងតំបន់ក្រហម ម្ចាស់មូលដ្ឋានត្រូវតែទទួលខុសត្រូវ អនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ជៀសវាងការនាំជំងឺកូវីដ-១៩ពីតំបន់ក្រហមនេះ ទៅទីតាំងគេផ្សេងទៀត។ យើងសុខចិត្តឈឺចាប់នៅក្នុងមូលដ្ឋានរបស់យើង កុំឲ្យបន្តការឈឺចាប់ទៅមូលដ្ឋានគេផ្សេង។

            ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ផងដែរថា ចំពោះទីតាំងដែលបិទខ្ទប់ អាជ្ញាធរ ខណ្ឌត្រូវមើលការខុសត្រូវឲ្យបានម៉ត់ចត់បំផុត ទាំងបញ្ហាសុខភាពប្រជាពលរដ្ឋ និងស្បៀងអាហារ ព្រោះថាស្បៀងរបស់យើង មានគ្រប់គ្រាន់ មិនខ្វះចែកជូនប្រជាពលរដ្ឋនោះទេ។

            ឯកឧត្តម ឃួង ស្រេង បញ្ជាក់ទៀតថា ៖ ចំពោះការងារដែលត្រូវអនុវត្តនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ គឺការបង្រួមតំបន់ក្រហមមកនៅតូចជាងមុន មកនៅតាមខ្នងផ្ទះ តាមអគារ ឬនៅតាមខុនដូ ដើម្បីផ្ដាច់ឲ្យបានឫសគល់ជំងឺកូវីដ-១៩នេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្តម ឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរ ធ្វើការណែនាំនិងផ្សព្វផ្សាយឱ្យបងប្អូនប្រជាពលរដ្ឋ ប្រកាន់ភ្ជាប់នូវវិធានការការពាររបស់ក្រសួងសុខាភិបាល ពិសេស គឺការអនុវត្តបីកុំនិង៣ការពារ៕

img170521a9 img170521a5 img170521a14 img170521a7 img170521a12 img170521a11 img170521a4 img170521a10 img170521a13 img170521a3 img170521a2 img170521a8