Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) គម្រោងអភិវឌ្ឍន៍លំនៅឋាន របស់បុរីសូណាត្រា...

(Khmer) គម្រោងអភិវឌ្ឍន៍លំនៅឋាន របស់បុរីសូណាត្រា នឹងក្លាយជាជម្រើសថ្មីបន្ថែមទៀត សម្រាប់បំពេញតម្រូវការទីផ្សារអចលនទ្រព្យ

Published Date: Monday, January 17, 2022, 11:46 AM

(Khmer)

img16012223 img16012232

 

 

 

 

 

          ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអបអរសាទរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុន សូណាត្រា គ្រុប ដែលបានបណ្តាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងវិស័យអចលនទ្រព្យ, សំណង់, ហិរញ្ញប្បទាន, គណនេយ្យ-សវនកម្ម និងភោជនីយដ្ឋានជប៉ុន ព្រមទាំងការ វិនិយោគមួយចំនួនទៀតក្នុងមូលដ្ឋានរាជធានីភ្នំពេញ។ នេះពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពជោគជ័យថ្មីមួយទៀតរបស់កម្ពុជា ក្នុងការទាក់ទាញ ការវិនិយោគទាំងក្នុង និងក្រៅប្រទេស មកបណ្តាក់ទុន ធ្វើអាជីវកម្មនៅកម្ពុជា កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍរាជធានីភ្នំពេញឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

នេះបើតាមការបញ្ជាក់របស់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ ខណៈដែលឯកឧត្តមបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដា្ឋនសាងសង់ និងបើកលក់ជាផ្លូវការនូវគម្រោងលំនៅឋានរបស់បុរីសូណាត្រា ដែលមានទីតាំងស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ នាថ្ងៃអាទិត្យទី១៦ ខែមករា ឆ្នាំ២០២២។

            ឯកឧត្ដម បញ្ជាក់ថា គម្រោងអភិវឌ្ឍន៍លំនៅឋាន របស់បុរីសូណាត្រា នឹងក្លាយជាជម្រើសថ្មីបន្ថែមទៀត សម្រាប់បំពេញតម្រូវការទីផ្សារអចលនទ្រព្យ ជូនដល់ពាណិជ្ជករ ធុរជន វិនិយោគិន ជនបរទេស ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរ ស្របពេលដែលប្រទេសជាតិយើងបានបើកដំណើរការសកម្មភាពសេដ្ឋកិច្ច-សង្គម ពេញលេញឡើងវិញលើគ្រប់វិស័យ។

            បច្ចុប្បន្ន វិស័យអចលនទ្រព្យ គឺជាជន្ទល់ដ៏សំខាន់មួយ នៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ម្ល៉ោះហើយការសម្រេចចិត្តវិនិយោគក្នុងវិស័យសំណង់លំនៅឋាន និងពាណិជ្ជកម្ម ពិតជាមានតម្រូវការក្នុងអត្រាខ្ពស់ និងនៅមានភាពទូលំទូលាយ ដើម្បីគាំទ្រដល់ការលូតលាស់ផ្នែកអចលនទ្រព្យ និងដើម្បីបង្កើនភាពធន់របស់វិស័យឯកជន ឱ្យកាន់តែរឹងមាំ និងប្រសើរឡើង។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា៖ ក្នុងរយៈពេល ០២ ទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ ៦ ក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ច រីកចម្រើនលឿនជាងគេនៅលើពិភពលោក ដែលមានកំណើនសេដ្ឋកិច្ចជាតិជាមធ្យម ៧% ក្នុងមួយឆ្នាំ ទន្ទឹមគ្នាទៅនឹងការកើនឡើងនូវផលិតផលក្នុងស្រុកសរុបសម្រាប់ប្រជាជនកម្ពុជាម្នាក់ៗ (GDP per Capita) ពីប្រមាណ ៧៣៨$ នៅឆ្នាំ២០០៨ ដល់ ១.៦៨៣$ នៅឆ្នាំ២០២០ និងកំពុងឈានឆ្ពោះទៅសម្រេចចក្ខុវិស័យ កម្ពុជាជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

            ក្នុងឱកាសនោះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានអំពាវនាវយ៉ាងទទូចដល់បុគ្គលិក កម្មករ-និយោជិត ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តារួសរាន់អញ្ជើញទៅចាក់វ៉ាក់សាំង ឬ នាំយកបុត្រធីតារបស់លោកអ្នកដែលមានអាយុចាប់ពី ៥ឆ្នាំ ឡើងទៅ ឱ្យទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងទាំងដូសជំរុញ ឱ្យបានទាន់ពេលវេលា និងគ្រប់ៗគ្នា។

            លោកឧកញ៉ា ស៊ន សុខណា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនសូណាត្រាគ្រុប បានមានប្រសាសន៍លើកឡើងថា៖ ការបើកការដា្ឋនសាងសង់ និងបើកលក់ជាផ្លូវការ គម្រោងលំនៅឋាននេះ ជាការបង្ហាញពីជ្រុងមួយនៃការរីកចំរើនរបស់កម្ពុជា ។

            លោកឧកញ៉ាបន្តថា អាជ្ញាធររាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងណាស់ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ រហូតបានបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលបានធ្វើឱ្យក្រុមហ៊ុនរបស់លោកអាច បើកការដា្ឋនសាងសង់ និងបើកលក់ជាផ្លូវការនាថ្ងៃនេះ។

ក្នុងឱកាសនោះដែរលោកឧកញ៉ាក៏បាបថ្លែងកោតសរសើរចំពោះការដឹកនាំ របស់ឯកឧត្ដម ឃួង ស្រេង មានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះមានវិស័យសំណង់ និងអចលនៈទ្រព្យ ជាក់ស្ដែងថ្ងៃនេះ ឯកឧត្ដមបានគាំទ្រវិស័យឯកជនដោយបានអញ្ជើញក្នុងពិធីបើកការដា្ឋនសាងសង់ និងបើកលក់ជាផ្លូវការនូវគម្រោងលំនៅឋាន របស់បុរីសូណាត្រា៕

img1601224 img1601222 img1601226 img1601225 img16012236 img16012228 img16012227 img16012230 img16012211 img16012213 img16012214 img16012215 img16012231 img16012229 img16012240 img16012238 img16012239 img16012237 img16012235 img16012234 img16012221 img1601223