Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យកម...

(Khmer) ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យកម្លាំងសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ រក្សាសន្តិសុខជូនប្រជាពលរដ្ឋ និងការពង្រឹងឱ្យបាននូវវិធានរបស់ក្រសួងសុខាភិបាល ក្នុងឱកាសឈប់សម្រាកបុណ្យអ៊ុទូកឆ្នាំនេះ

Published Date: Tuesday, November 16, 2021, 11:15 AM

(Khmer)

img1511211 img15112111

 

 

 

 

 

អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានជំរុញឱ្យកងកម្លាំងមានសមត្ថកិច្ចអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធទាំងអស់ ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវតែរក្សាឱ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិសេសគឺការអនុវត្តឱ្យបាននូវវិធានការរបស់ក្រសួងសុខាភិបាល និងការអនុវត្តវិធាន៣កុំនិង៣ការពាររបស់សម្ដេចតេជោ ហ៊ុន សែន ។

            ការជំរុញបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) នាល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា នៅសល់តែប៉ុន្មានថ្ងៃទៀតទេ ពោលគឺនៅថ្ងៃទី១៨ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ក្នុងឱកាសឈប់សម្រាកបុណ្យអុំទូក អកអំបុក សំពះព្រះខែនឹងឈានមកដល់ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ កងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវរក្សាឱ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរពីខេត្តមកលេងនៅរាជធានីភ្នំពេញ ពិសេសត្រូវបង្កើតឱ្យមានការប្រចាំការទាំងសមត្ថកិច្ចទាំងអាជ្ញាធរខណ្ឌ សង្កាត់ និងមន្ទីរពាក់ព័ន្ធមួយចំនួន។

            ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងប៉ូលីសប៉ុស្តិ៍រដ្ឋបាល ត្រូវមានកម្លាំងប្រចាំការដើម្បីទទួលពាក្យបណ្ដឹងបងប្អូនប្រជាពលរដ្ឋ។ បើមិនមានអ្នកប្រចាំការ ដើម្បីទទួលពាក្យបណ្ដឹងរបស់បងប្អូនប្រជាពលរដ្ឋទេ រដ្ឋបាលរាជធានីភ្នំពេញមិនអាចទទួលយកបានទេ។

            ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ផងដែរថា បញ្ហាជំងឺកូវីដ-១៩ មកដល់បច្ចុប្បន្ននេះ ស្ថានភាពបានធូរស្រាលមួយកម្រិតធំហើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងត្រូវតែបន្តការយកចិត្តទុកដាក់ឱ្យខ្លាំងក្លាដដែរ ពោលគឺត្រូវបន្តការផ្សព្វផ្សាយ ការណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ អនុវត្តឱ្យបាននូវវិធានរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ៣កុំនិង៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន។ បន្ថែមពីលើនេះ ឯកឧត្តម   ឃួង ស្រេង ក៏បានជំរុញឱ្យយកចិត្តទុកដាក់ទៅលើការផ្ដល់សេវាចាក់វ៉ាក់សាំងជូនកុមារអាយុ ៥ឆ្នាំ ដោយគិតមកដល់ពេលនេះ កុមារមានអាយុ៥ឆ្នាំ ទទួលការចាក់វ៉ាក់សាំង covid-19 បានចំនួនជាង៣ម៉ឺននាក់ហើយ ក្នុងចំណោមកុមារអាយុ៥ឆ្នាំដែលត្រូវទទួលការចាក់វ៉ាក់សាំងទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ចំនួន ៤៩.៨៤៣នាក់។ ក្រៅពីនេះ ឯកឧត្តម ឃួង ស្រេង ក៏បានជំរុញឱ្យអាជ្ញាធរយកចិត្តទុកដាក់លើការជំរុញឱ្យបងប្អូនប្រជាពរដ្ឋទៅចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញផងដែរ ពោលគឺបើបងប្អូនប្រជាពលរដ្ឋដែលមិនអាចទទួលការចាក់វ៉ាក់សាំងបាន ដោយ សារបញ្ហាពិការភាពជាដើមនោះ ក្រុមគ្រូពេទ្យត្រូវទៅចាក់វ៉ាក់សាំងជូនពួកគាត់ដល់ផ្ទះតែម្តង។

            ពាក់ព័ន្ធនឹងបញ្ហាសំរាម ក៏ជាបញ្ហាដែល ឯកឧត្តម ឃួង ស្រេង បានលើកឡើងនៅក្នុងកិច្ចប្រជុំនោះផងដែរដើម្បីឱ្យរាជធានីភ្នំពេញ ក្លាយជាទីក្រុងស្អាតមានបរិស្ថានល្អ។ បន្ថែមពីនេះ ឯកឧត្តម ឃួង ស្រេង នៅបានជំរុញឱ្យក្រុមសមត្ថកិច្ច ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវចុះល្បាតជាប្រចាំ ដើម្បីតាមដានរាល់សកម្មភាពការលួចបើកខារ៉ាអូខេ ក្លឹបកំសាន្ត និងរង្គសាល ហើយចំពោះទីតាំងដែលបានអនុញ្ញាត ដូចជាភោជនីយដ្ឋាន ទីតាំងហូបចុកមួយចំនួន ក៏ត្រូវតែចុះពិនិត្យមើលផងដែរ ថាតើពួកគាត់បានអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាលដែរឬទេ៕

img1511212 img15112115 img15112119 img15112114 img1511211 img15112111 img15112113 img1511217 img15112118 img15112117 img1511219 img1511216 img15112110 img1511215 img1511214 img1511213