Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) រដ្ឋបាលរាជធានីភ្នំពេញ មានមន្ត្រីរាជការជ...

(Khmer) រដ្ឋបាលរាជធានីភ្នំពេញ មានមន្ត្រីរាជការជានារី ចំនួន៩៤នាក់ ដែលបាននឹងកំពុងបំពេញការងារ និងទទួលខុសត្រូវលើការដឹកនាំអង្គភាព គ្រប់គ្រងរដ្ឋបាល ជំនាញបច្ចេកទេស និងជាប្រតិបត្តិករជួរមុខ

Published Date: Tuesday, March 14, 2023, 2:13 PM

(Khmer)

img1432325 img1432326

 

 

 

 

 

            នេះជាការបញ្ជាក់អោយដឹងពី ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលឯកឧត្តម និងលោកជំទាវ ព្រមទាំង ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរ ខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ“ស្ត្រីរួមគា្នរក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល”នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា ក្នុងឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ “ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល” ដែលជាប្រធានបទមួយមានគោលបំណងរំលេចពីតម្លៃសុខសន្តិភាព ដែលនាំឱ្យមានការលើកកម្ពស់សមភាពយេនឌ័រ និងការអភិវឌ្ឍក្នុងយុគសម័យបច្ចេកវិទ្យាព័ត៌មានវិទ្យា ព្រមទាំងជាសារបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីការយកចិត្តទុកដាក់ គាំពារ ថែរក្សា លើកទឹកចិត្ត និងផ្តល់តម្លៃខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះបងប្អូននារី ដែលជាដៃគូមិនអាចខ្វះបាន ក្នុងដំណើរការស្តារ កសាង និងអភិវឌ្ឍជាតិមាតុភូមិ ព្រមទាំងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុង រយៈពេលជាង ៣ ឆ្នាំ កន្លងមកនេះ។

            ឯកឧត្ដម ឃួង ស្រេង ក្នុងឱកាសនោះ ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងសមិទ្ធផលការងារជាច្រើន ដែលបងប្អូននារី ក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញ ដែលបានសហការចូលរួម ជ្រោមជ្រែងបំពេញភារកិច្ចពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច ដោយមិនខ្លាចនឿយហត់ និងបានចូលរួមចំណែកជាច្រើនក្នុងសកម្មភាពសង្គម សកម្មភាពមនុស្សធម៌ យុទ្ធនាការចាក់វាក់សាំង បង្ការជំងឺកូវីដ-១៩ និងការអភិវឌ្ឍរាជធានីភ្នំពេញ រហូតទទួលបានជោគជ័យយ៉ាងធំធេង។

            ឯកឧត្ដម ឃួង ស្រេង បានបន្តថា ការរៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ធ្វើឡើងក្នុងគោលបំណងរំលឹកឡើងវិញនូវគំរូវីរភាពរបស់បងប្អូននារី ដែលបានតស៊ូរើបម្រះ និងពុះពារគ្រប់ឧបសគ្គ ដើម្បីរំដោះខ្លួនចេញផុតពីការជិះជាន់ និងការរើសអើងនៅក្នុងសង្គម រហូតសម្រេចបានជោគជ័យ ទទួលបានសិទ្ធិ-សេរីភាព នឹងបានធ្វើឱ្យមានសមភាពរវាងបុរស និងស្ត្រីទាំងក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌។ បច្ចុប្បន្ននេះ នារីនៅតជាដៃគូមិនអាចខ្វះបាន និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍជាតិមាតុភូមិ តាមរយៈសមត្ថភាពដឹកនាំរបស់នារី ជាថ្នាក់ដឹកនាំនៅតាមបណ្តាក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាពរដ្ឋ និង ឯកជន ។

            ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា៖ នៅសាលារាជធានីភ្នំពេញ មានមន្ត្រីរាជការក្របខ័ណ្ឌសរុបចំនួន ២៨១ នាក់ ក្នុងនោះ នារីមានចំនួន ៩៤ នាក់ ស្មើនឹង ៣៣,៥% កំពុងកាន់មុខតំណែងជាសមាជិកាក្រុមប្រឹក្សារាជធានី ចំនួន ៥ រូប, អភិបាលរងរាជធានី ជានារី ចំនួន ១ រូប, នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ ជានារី ចំនួន ៣ រូប, អនុប្រធានការិយាល័យប្រជាពលរដ្ឋ ជានារី ១ រូប, នាយិកា-នាយិការងទីចាត់ការ-អង្គភាព ចំនួន ៧ រូប និងថ្នាក់ការិយាល័យ ជានារី មានចំនួន ២៥រូប ដែលកំពុងបំពេញការងារ និងទទួលខុសត្រូវលើការដឹកនាំអង្គភាព គ្រប់គ្រងរដ្ឋបាល ជំនាញបច្ចេកទេស និងជាប្រតិបត្តិករជួរមុខ ក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋយ៉ាងសកម្មបំផុត។

            ឯកឧត្ដមបានអំពាវនាវដល់គ្រប់ ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ទាំងអស់ សូមបន្តរួមគ្នាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងបុព្វហេតុលើកកម្ពស់សិទ្ធិនារី និងត្រូវស្គាល់អំពីសុខទុក្ខរបស់នារី ដើម្បីជួយដល់ពួកគាត់ក្នុងការទប់ស្កាត់ អំពើហិង្សាក្នុងគ្រួសារ ការជួញដូរស្រ្តី និងកុមារ កាត់បន្ថយអត្រាមរណភាពមាតា និងទារក ព្រមទាំងចូលរួមដោះស្រាយបញ្ហាស្រ្តីមានវិបត្តិផ្សេងៗទៀត ឱ្យកាន់តែប្រសើរឡើង៕

img143239 img1432310 img1432316 img143235 img1432313 img1432312 img1432315 img143236 img1432314 img1432311 img143238 img143237 img1432318 img1432319 img1432317 img1432321 img1432322 img1432323 img1432324 img1432320 img1432326 img1432327 img1432328 img1432329 img1432330 img1432331 img1432332 img1432333 img143234 img143233 img143232 img143231