(Khmer) ឯកឧត្តមអភិបាលរាជធានីភ្នំពេញ អញ្ជើញជូនដំណើរប្រជាពលរដ្ឋឡើងជិៈរថយន្តទៅស្រុកកំណើត នៅរង្វង់មូលទេពមច្ឆា ជ្រោយចង្វារ(OCIC)
Published Date: Thursday, April 13, 2023, 9:51 AM
(Khmer)
ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញរួមជាមួយមន្ត្រីជាច្រើនរូបទៀត នាព្រឹកព្រលឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ គឺមុនថ្ងៃចូលឆ្នាំមួយថ្ងៃ បានអញ្ជើញជូនដំណើរប្រជាពលរដ្ឋឡើងជិៈរថយន្តទៅស្រុកកំណើតតាមខេត្ត ក្រុង នានានៅរង្វង់មូលទេពមច្ឆា ជ្រោយចង្វារ (OCIC) ក្នុងខណ្ឌជ្រោយចង្វារ ។
អនុវត្តតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងដឹកអ្នកដំណើរចំនួន៣៤៥គ្រឿង សំរាប់បំរើសេវាដឹកជញ្ជូនសាធារណៈ ដើម្បីសំរួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចសក័ ពុទ្ធសករាជ ២៥៦៧ដោយមិនយកប្រាក់ ដែលពិធីបុណ្យចូលឆ្នាំនឹងចូលមកដល់នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣។
ឯកឧត្ដមអភិបាលបានមានប្រសាសន៍ថា ៖ សំរាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ គឺប្រើប្រាស់រថយន្តចំនួន ៧០គ្រឿង ដោយមិនយកប្រាក់។ សំរាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត និងតាមបណ្តាខេត្ត មករាជធានីភ្នំពេញវិញ ប្រើប្រាស់រថយន្តចំនួន២៧៥គ្រឿងដែលមានទីតាំង និងគោលដៅចេញដំណើរ និងពេលវេលាច្បាស់លាស់ ក្នុងនោះមានផ្លូវជាតិលេខ១ មានភ្នំពេញ កណ្តាល,ភ្នំពេញព្រៃវែង រថយន្ត៥គ្រឿង មានចំណតនៅស្ថានីយចំណតវាលស្បូវ។ ភ្នំពេញ.កណ្តាល,ភ្នំពេញ.ស្វាយរៀង រថយន្ត៥គ្រឿង ចំណតនៅមុខទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ផ្លូវជាតិលេខ២ ភ្នំពេញ. កណ្តាល,ភ្នំពេញ.តាកែវ រថយន្ត៥គ្រឿង ទីតាំងចំណតដូចខាងលើ។ ផ្លូវជាតិលេខ៣ ភ្នំពេញ.កែប,ភ្នំពេញ.កំពត រថយន្ត៥គ្រឿង ទីតាំងចំណតនៅដីឡូត៏មុខគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញផ្លូវ២០០៤។ ផ្លូវជាតិលេខ៤ ភ្នំពេញ.កំពង់ស្ពឺ,ភ្នំពេញ.ព្រះសីហនុ រថយន្ត១០គ្រឿង ទីតាំងចំណតដីឡូត៏មុខគណបក្សប្រជាជនកម្ពុជារាជធានី ភ្នំពេញ។ គោលដៅផ្លូវជាតិលេខ៥ ភ្នំពេញ.កំពង់ឆ្នាំង,ភ្នំពេញ.ពោធិសាត់,ភ្នំពេញ.បាត់ដំបង,ភ្នំពេញ.បន្ទាយមានជ័យ ,ភ្នំពេញ.កំពង់ធំ រថយន្តសរុប១១៨គ្រឿង ទីតាំងចំណតគឺស្ថានីយចំណតសួនច្បារឬស្សីកែវ។ ផ្លូវជាតិលេខ៦.ភ្នំពេញសៀមរាប ចំនួន១០០គ្រឿង នៅរង្វង់មូលទេពមច្ឆា ជ្រោយចង្វារ(OCIC)។ ផ្លូវជាតិលេខ៦.លេខ៧ ភ្នំពេញ.កំពង់ចាម,ភ្នំពេញ.ត្បូងឃ្មុំ រថយន្ត១០គ្រឿង។
ឯកឧត្ដមបន្តថា ៖ ការជ្រើសរើសយកទីតាំងនៅរង្វង់មូលទេពមច្ឆា ជ្រោយចង្វារ(OCIC) ចំនួន១០០គ្រឿង .ភ្នំពេញ សៀមរាបនេះ ដោយសារតម្រូវការប្រជាពលរដ្ឋច្រើនជាងគេ ដោយសារថានៅសៀមរាបមានរៀបចំសង្ក្រាន។ ឯកឧត្ដមបញ្ជាក់ថា កំណើនពលរដ្ឋជិះឡានក្រុង ទៅលេងស្រុកកំណើតពីមួយឆ្នាំទៅមួយឆ្នាំកើនឡើងជាលំដាប់ លើកលែងតែប៉ុន្មានឆ្នាំមានកូវីដ-១៩ ។ ទាំងនេះដោយសារប្រទេសមានសន្តិភាពពេញលេញ។
ឆ្លៀតក្នុងឱកាសនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន,នឹងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់កុំតម្លើងថ្លៃសេវាដឹកជញ្ជូនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយសម្រួលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង ។
ឯកឧត្ដម ឃួង ស្រេង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមធ្វើដំណើរតាមរថយន្តក្រុងរបស់ រដ្ឋាករស្វយត័ដឹកជញ្ជូនសាធារណៈ (City Bus) រាជធានីភ្នំពេញ ដែលប្រកបដោយសុវត្ថិភាព និងផាសុខភាព។ ឯកឧត្ដមបន្តទៀតថា៖ក្រោមម្លប់នៃសន្តិភាព និងក្រោមការដឹកនាំប្រកបដោយភាពឈ្លៀសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍន៏លើគ្រប់វិស័យ សម្តេចតែងបានគិតគូដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងគ្រប់ពេលវេលា៕