Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប...

(Khmer) ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅ៣ខណ្ឌ ក្នុងរាជធានីភ្នំពេញ ដំណើរការទៅដោយរលូន

Published Date: Thursday, June 10, 2021, 3:32 PM

(Khmer)

img1006215 img1006213

 

 

 

 

 

            ដំណើរនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ ទៅតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរយ៉ាងរលូន នៅលើទីតាំងចំនួន១៤ ដែលបានកំណត់ជាមួយនឹងការរក្សាគម្លាតសុវត្ថិភាពទៅតាមវិធានរបស់ក្រសួងសុខាភិបាលផងដែរ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ។

            នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ជាថ្ងៃចាប់ផ្តើមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ  ក្នុងនោះគេបានឃើញរដ្ឋបាលខណ្ឌទាំង៣ បានសហការយ៉ាងល្អជាមួយក្រុមគ្រូពេទ្យ ដោយតម្រូវអោយបងប្អូនប្រជាពលរដ្ឋតម្រង់ជួរយ៉ាងមានសណ្តាប់ធ្នាប់ ជាមួយគ្នានោះការរក្សាគម្លាតសុវត្ថិភាពសង្គម ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់នូវការរីករាលដាលជម្ងឺកូវីដ-១៩ ក៏បានធ្វើឡើងយ៉ាងល្អផងដែរ។

            ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ ធ្វើឡើងសម្រាប់តែប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌទាំង៣ខាងលើ ប៉ុណ្ណោះ ដោយរដ្ឋបាលរាជធានីភ្នំពេញ បានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ថា ដើម្បីជំរុញការចាក់វាក់សាំងឱ្យបានលឿន និងឆាប់រហ័សសម្រាប់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធនាការជាតិចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ដោយប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុបរបស់ជាតិ សំដៅបង្កើតឱ្យមានភាពសាំសហគមន៍ទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

កន្លងមក ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩  តែងបានចុះធ្វើការត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងជារឿយៗ និងបានជម្រុញឱ្យ ក្រុមការងារ ក្រុមគ្រូពេទ្យ និងអាជ្ញាធរដែនដី សម្រុកចាក់វ៉ាក់សាំងនេះឱ្យបានលឿន និងបានគ្រប់គ្នាសម្រាប់អ្នករស់នៅភ្នំពេញ យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ស្របតាមការកំណត់របស់រាជរដ្ឋាភិបាល ដើម្បីកាត់ផ្តាច់ឱ្យបាននូវការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនេះ។

            គួរបញ្ជាក់ថា ៖ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុពី១៨ឆ្នាំឡើងទៅ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ ដែលក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ដំណើរការចាក់វ៉ាក់ការពារជំងឺកូវីដ-១៩ ដូសទី១នៅខណ្ឌទាំង៣ខាងលើនេះ នឹងចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ។ ខណៈដូសទី២ នឹងចាប់ផ្ដើមនៅថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១។

            ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបង្ហាញទីតាំង និងលេខទូរស័ព្ទអ្នកសម្របសម្រួល សម្រាប់ប្រជាពលរដ្ឋធ្វើការទំនាក់ទំនង ពាក់ព័ន្ធការចាក់វ៉ាក់សាំងនៅខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ ដែលមានសរុប១៤ទីតាំង។

            គួរបញ្ជាក់បន្ថែមថា ៖ គិតមកដល់ពេលនេះប្រជាពលរដ្ឋនៅរាជធានីភ្នំពេញចំនួនជាង១លាន៦សែននាក់ហើយ ដែលទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដុសទី១និងដុសទី២៕

img1006212 img1006211 img1006215 img1006214