(Khmer) ការរួមគ្នាទប់ស្កាត់និងបង្ការឱ្យបាន នូវការឆ្លងជំងឺ COVID-19 ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ
Published Date: Thursday, April 09, 2020, 4:42 PM
(Khmer)
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ ក្រុមប្រឹក្សារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ បានមានប្រសាសន៍លើកឡើង ថា ការទប់ស្កាត់និងការបញ្ចៀសនូវការឆ្លងជំងឺ COVID-19 យើងទាំងអស់គ្នាត្រូវតែរួមគ្នាធ្វើយ៉ាងណាទប់ស្កាត់និងបង្ការឱ្យបានទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល។
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងជំងឺ COVID-19 ក្នុងកិច្ចប្រជុំក្រុមប្រឹក្សានេះដែរ យើងក៏បានកាត់បន្ថយនូវចំនួនសមាជិក,សមាជិកាដែលចូលរួម ជាមួយនឹងការកាត់បន្ថយពេលវេលា នៃកិច្ចប្រជុំនេះផងដែរ។
ឯកឧត្តម ប៉ា សុជាតិវង្ស ក្នុងកិច្ចប្រជុំនោះ ក៏បានលើកឡើងពីបញ្ហាគ្រឿងញៀនផងដែរ ដោយ ឯកឧត្តមបានជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការបង្ការ ទប់ស្កាត់និងបង្ក្រាបគ្រឿងញៀនឲ្យមានប្រសិទ្ធភាព ខណៈដែរមកដល់ពេលនេះ មានអ្នកជាប់ពន្ធនាគារដោយសារគ្រឿងញៀនមានរហូតទៅដល់ ៣០០០នាក់ហើយ។
កិច្ចការនេះដែរ ឯកឧត្តម ប៉ា សុជាតិវង្ស ក៏បានជំរុញឲ្យអាជ្ញាធរក៏ដូចជាសមត្ថកិច្ចបន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីបង្ក្រាបបញ្ហាគ្រឿងញៀននេះឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
ជាការឆ្លើយតបនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សារាជធានីភ្នំពេញនាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍បញ្ជាក់ផងដែរថា បញ្ហាគ្រឿងញៀនគឺជាបញ្ហាមួយដែលអាជ្ញាធរក៏ដូចជាសមត្ថកិច្ចបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការបង្ការទប់ស្កាត់ នឹងការបង្រ្កាបលើបទល្មើសទាំងនេះ។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញក៏បានបញ្ជាក់បន្ថែមទៀតថា ក្រៅពីការបង្ក្រាបបញ្ហាគ្រឿងញៀនយើងក៏បានធ្វើការផ្សព្វផ្សាយពីផលប៉ះពាល់ទៅលើបញ្ហាគ្រឿងញៀននេះផងដែរ ដោយយើងបានផ្សព្វផ្សាយសារអប់រំតាម រយៈក្រសួងអប់រំ និងក្រសួងសុខាភិបាលជាដើម។
ឯកឧត្តមបានបន្ថែមទៀតថា កាលពីពេលមុន នៅតាមបណ្ដាសាលារៀនក៏មានការធ្វើចរាចរគ្រឿងញៀន ដែរ។ ប៉ុន្តែនៅពេលនេះ វាជាមោទនភាព ដោយពេលនេះ នៅតាមបណ្ដាសាលារៀនទាំងនោះ មិនមានការជួញដូរគ្រឿងញៀនទៀតទេ ហើយយើងក៏បានបំបាត់ក្រុមក្មេងទំនើងនៅតាមបណ្ដាសាលារៀននេះផងដែរ៕