Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) រាជធានីភ្នំពេញ ទីក្រុងហូជីមិញ និងរដ្ឋធា...

(Khmer) រាជធានីភ្នំពេញ ទីក្រុងហូជីមិញ និងរដ្ឋធានីវៀងចន្ទន៍ បើកកិច្ចប្រជុំត្រីភាគី ចែករំលែកបទពិសោធន៍ ដើម្បីយកឈ្នះលើសមរភូមិប្រយុទ្ធនឹងជំងឺកូវី៥-១៩

Published Date: Friday, May 07, 2021, 4:00 PM

(Khmer)

img0705215 img0705218

 

 

 

 

 

            រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំត្រីភាគីមួយ តាមរយៈ Video conference ដើម្បីចែករំលែកបទពិសោធន៍  ក្នុងការយកឈ្នះឱ្យបានលើសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលបាននឹងកំពុងកើតមាននៅទីក្រុងទាំង៣ និងនៅលើពិភពលោក។

            កិច្ចប្រជុំមានការចូលរួមពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ង្វៀន ថាញ់ផុង (NGUYEN THANH PHONG) ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ  ឯកឧត្តម   អាតសាផាងថង ស៊ីផាជន (ATHSAPHANGTHONG SIPHADONE) អភិបាលរដ្ឋធានីវៀងចន្ទន៍ ឯកឧត្តម វ៉ូ ក្លាងមិញ (VU QUANG MINH) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ប្រធានមន្ទីរការបរទេសទីក្រុងហូជីមិញ, អគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជា និងអគ្គកុងស៊ុលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅទីក្រុងហូជីមិញ ។

            ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា៖នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសម្រាប់ទីក្រុងទាំងបី “ភ្នំពេញ ហូជីមិញ និងវៀងចន្ទន៍” ក្នុងការប្រមូលផ្តុំនូវកម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប ដើម្បីយកឈ្នះលើសមរភូមិប្រយុទ្ធនឹងជំងឺកូវី-១៩ ដ៏កាចសាហាវនេះ។ ទំនាក់ទំនងមិត្តភាពដ៏រឹងមាំ ក្នុងភាពជាអ្នកជិតខាងល្អ និងសាមគ្គីភាពជាបងប្អូន ទីក្រុងទាំងបី នឹងបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនយើងទាំងក្នុងក្របខ័ណ្ឌត្រីភាគី អាស៊ាន និងពិភពលោក។

            ឯកឧត្តម ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះ ក៏បានលើកឡើងពីស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា និងរាជធានីភ្នំពេញ  វិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា និងចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបង្ការ-ទប់ស្កាត់ជំងឺកូវីដ-១៩ ដោយឯកឧត្តមបញ្ជាក់ថា កម្ពុជាបានរកឃើញជំងឺកូវីដ-១៩ដំបូង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ហើយក្នុងរយៈពេលស្ទើរតែពេញមួយឆ្នាំ២០២០ ជំងឺនេះ មិនបានឆ្លងចូលក្នុងសហគមន៍ឡើយ គឺមានតែការនាំចូលពីក្រៅតិចតួច។ ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២០ រហូតមកដល់ដើមខែឧសភា ឆ្នាំ២០២១នេះ ជំងឺកូវីដ-១៩បានផ្ទុះរាលដាល ចូលក្នុងសហគមន៍ជាបន្តបន្ទាប់ នោះគឺ “ព្រឹត្តិការណ៍សហគមន៍ ៣ វិច្ឆិកា ២០២០” និង “ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ២០២០” ដែលយើងបានបិទបញ្ចប់ដោយជោគជ័យ។ ដោយឡែក ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១” គឺជាដំណាក់កាលដ៏ស្រួចស្រាលប្រៀបដូចជារលកទី៣ នៃការផ្ទុះរាលដាលជំងឺកូវីដ-១៩ ដែលជាប្រភេទវីរុសបំប្លែងថ្មី។ ស្ថានភាពនៃការរីករាលជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១” ផ្តើមចេញដំបូងពីការឆ្លងនៅក្នុងចំណោមអ្នករស់នៅតាមអគារខុនដូរក្នុងរាជធានីភ្នំពេញ ហើយក្រោយមកបានឆ្លងចូលទៅក្នុងក្រុមប្រជាពលរដ្ឋប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាអ្នករត់ម៉ូតូឌុប អ្នកបើកបររថយន្តតាក់ស៊ី អ្នកលក់ដូរចល័ត ។ល។ និងបានឆ្លងបន្តចូលទៅក្នុងតំបន់រោងចក្រ និងផ្សារ ដែលជាហេតុធ្វើឱ្យស្ថានភាពជំងឺកូវីដ-១៩ កាន់តែមានភាពស្មុគស្មាញ និងពិបាកកំណត់ប្រភពចម្លង។ បើគិតពីពេលផ្ទុះការឆ្លងរាលដាល ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ រហូតមកដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ ស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា យើងបានរកឃើញករណឺវិជ្ជមានចំនួន ១៧.៦២១នាក់ ក្នុងនោះ នៅរាជធានីភ្នំពេញ មានអ្នកវិជ្ជមានចំនួន ១១.៨៦៦នាក់ ស្មើនឹង ៦៧% នៃចំនួនអ្នកឆ្លងទូទាំងប្រទេស រួមមានជនជាតិខ្មែរ ១១.៤០១នាក់ និងជនបរទេស ៤៦៥ នាក់ ស្មើនឹង ១១សញ្ជាតិ។

            ឯកឧត្តម ឃួង ស្រេង បន្តថា ចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា និងចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ២០២១ គឺយើងអនុវត្តការងារចំនួន៣សំខាន់ គឺ ទី១)-វិធានការរដ្ឋបាល. ទី២)-វិធានការសុខាភិបាល និងទី៣)-វិធានការគាំពារសង្គម។ ចំពោះ វិធានការរដ្ឋបាល យើងបានទប់ស្កាត់ ការធ្វើដំណើរឆ្លងកាត់រាជធានី-ខេត្ត វិធានការបម្រាមគោចរ វិធានការរឹតត្បិតចំពោះសកម្មភាពជួបជុំប្រមូលផ្តុំ និងអាជីវកម្មដ្ឋាន វិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។  បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ប៉ុន្តែ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបន្តការបិទខ្ទប់ផ្នែកខ្លះនៃភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេល ០១សប្តាហ៍ទៀត ដោយបែងចែកជា ៣តំបន់ គឺតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង។ ចំពោះវិធានការគាំពារសង្គមវិញ យើងបាន  ផ្តល់ជំនួយសង្គ្រោះបន្ទាន់ចាំបាច់នានា ជូនប្រជាពលរដ្ឋក្រីក្រ ដែលមានការលំបាកក្នុងជីវភាព នៅក្នុងភូមិសាស្ត្របិទខ្ទប់ ជាពិសេសនៅក្នុង “តំបន់ក្រហម” បានចំនួនជាង ២៨ម៉ឺនគ្រួសារ និងកំពុងផ្តល់ជូនបន្ថែមទៀត។

            ក្នុងនោះឯកឧត្តម ឃួង ស្រេង សំណូមពរថា ក្រោយពេលដែលវិបត្តិនេះត្រូវបានបញ្ចប់ ឯកឧត្តម សូមឱ្យ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ និងឯកឧត្តមអភិបាលរាជធានីវៀងចន្ទន៍ ពង្រឹង និងពង្រីកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែស៊ីជម្រៅលើគ្រប់វិស័យ ដើម្បីជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការស្តារវិស័យ សេដ្ឋកិច្ច និងសង្គមកិច្ច ជាពិសេសពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការ ទៅក្នុងវិស័យសុខាភិបាល និងការលើកកម្ពស់សុខុមាលភាពសាធារណៈ ឱ្យកាន់តែទូលំទូលាយ សំដៅរួមគ្នាទប់ស្កាត់បញ្ហាសកល ដែលអាចកើតមាននាពេលអនាគត ដូចក្នុងករណីដែលយើងកំពុងប្រឈមមុខសព្វថ្ងៃ៕

img07052111 img0705217 img0705219 img0705216 img07052110 img07052112 img0705211 img0705212 img0705213 img0705214