Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) រដ្ឋបាលរាជធានីភ្នំពេញ ប្ដេជ្ញាចិត្ថបន្ត...

(Khmer) រដ្ឋបាលរាជធានីភ្នំពេញ ប្ដេជ្ញាចិត្ថបន្តការងារឱ្យកាន់តែល្អប្រសើរបន្ថែមទៀតនៅក្នុងឆ្នាំ២០២២នេះ

Published Date: Thursday, March 03, 2022, 3:43 PM

(Khmer)

img03032259 img03032230

 

 

 

 

 

            ឯកឧត្ដមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការប្ដេជ្ញាចិត្ថថា នឹងបន្តធ្វើការងារនៅក្នុងឆ្នាំ២០២២នេះ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសលើការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការគ្រប់គ្រងសំរាមឱ្យកាន់តែល្អប្រសើរ ខណៈដែលមានក្រុមហ៊ុន៣ បាននឹងកំពុងតែប្រកួតប្រជែងគ្នាលើការប្រមូលសំរាមចេញពីរាជធានីភ្នំពេញ និងការដាក់ចេញនូវវិធានការឱ្យបានហ្មត់ចត់បំផុត ជុំវិញការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ដើម្បីបើកសេដ្ឋកិច្ចជាតិឡើងវិញ។

            ការប្ដេជ្ញាចិត្តបែបនេះ របស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងនៅក្នុងពិធីបិទ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវកិត្តិសង្គហបណ្ឌិត  ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដា្ឋនរាជធានីភ្នំពេញ។

            ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើងពីសមិទ្ធផលសំខាន់នានាដែលសម្រេចបានដោយរដ្ឋបាលរាជធានីភ្នំពេញ នៅឆ្នាំ២០២១ និងបានលើកឡើងពីបញ្ហាប្រឈមនានា ដើម្បីរកដំណោះស្រាយឱ្យកាន់តែល្អប្រសើរ ជាធាតុចូលដើម្បីយកទៅអនុវត្តនៅក្នុងឆ្នាំ ២០២២។

            ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា នៅក្នុងអង្គសន្និបាតនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបែងចែកជា៤ក្រុម ដើម្បីពិភាក្សាលើប្រធានបទ ចំនួន៤ ក្នុងនោះ៖

           ១- “ ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ”                                          

           ២- “ ពង្រឹងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ  កម្រិតថ្នាក់រាជធានី ថ្នាក់ខណ្ឌ និង សង្កាត់ ”

           ៣- “វឌ្ឍភាពការងារគ្រប់គ្រងសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ”                                  

           ៤-“បទពិសោធន៍លើការងារប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការបើកដំណើរការសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យ តាមគន្លង   
                 ប្រក្រតីភាពថ្មី”

អង្គសន្និបាតបានពិភាក្សា យ៉ាងយកចិត្តទុកដាក់ទៅលើប្រធានបទទាំងបួននេះ គឺធ្វើយ៉ាងណាឱ្យការអនុវត្តបានកាន់តែល្អប្រសើរជាងបណ្ដាឆ្នាំមុនៗទៀត បើទោះបីមានបញ្ហាប្រឈមមួយចំនួនក៏ដោយ។

អង្គសន្និបាត បានស្នើទៅក្រសួងមហាផ្ទៃ ដើម្បីធ្វើវិសោធនកម្ម ការងារមួយចំនួន ធ្វើយ៉ាងណាជំរុញការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ កាន់តែល្អប្រសើរ។ បញ្ហាសំណល់រឹង សំរាម គឺជាបញ្ហាមួយដែលអង្គសន្និបាតបានលើកឡើង និងរិះរកគ្រប់មធ្យោបាយដើម្បីធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញ ទុកដាក់ការប្រមូលសំរាមកាន់តែល្អប្រសើរបន្ថែមទៀត។ ការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ជាបញ្ហាសំខាន់ដែលអង្គសន្និបាតបានលើកឡើង ដោយធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដើម្បីឱ្យយើងមានឱកាសបើកសេដ្ឋកិច្ចប្រទេសឡើងវិញ សម្រាប់ឆ្នាំ២០២២នេះ។

            ឯកឧត្ដម ឃួង ស្រេង បានបន្តថា ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ក៏ជាកិច្ចការដែលរដ្ឋបាលរាជធានីភ្នំពេញត្រូវតែពង្រឹងឱ្យបានល្អប្រសើរបំផុត ខណៈដែលកម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននៅពេលខាងមុខនេះ។

            សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងឱកាសនោះបានសំដែងនូវការកោតសរសើរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលអនុវត្តការងារបានយ៉ាងល្អនៅក្នុងឆ្នាំ២០២១ ពិសេសគឺ រក្សាបាននូវសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពរដ្ឋនៅក្នុងរាជធានីភ្នំពេញ ការអភិវឌ្ឍរាជធានីភ្នំពេញ បានកាន់តែរីកចម្រើន ដែលធ្វើឱ្យជីវភាពបងប្អូនប្រជាពលរដ្ឋកាន់តែធូរធារ។

            សម្ដេចក្រឡាហោម ស ខេង ក៏បានសំដែងនូវការកោតសរសើរផងដែរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញក៏ដូចជាអាជ្ញាធរខណ្ឌទាំង១៤ សមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀត ដែលបានចូលរួមនៅក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន។ រដ្ឋបាលរាជធានីភ្នំពេញត្រូវតែអនុវត្តឱ្យបានល្អប្រសើរ លើការពង្រឹងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អបន្ថែមទៀត នៅក្នុងឆ្នាំ២០២២នេះ ។

            សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ផងដែរថា ស្របពេលដែលស្ថានភាពសង្គ្រាមនៅអ៊ុយក្រែន កាន់តែក្តៅ សម្ដេចបានជំរុញឱ្យអាជ្ញាធររាជធានីភ្នំពេញ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់ ការពារសន្តិសុខឱ្យបានម៉ឺងម៉ាត់បំផុតទៅលើស្ថានទូត ស្ថានតំណាងនានាដែលមាននៅក្នុងរាជធានីភ្នំពេញ ធ្វើយ៉ាងណាកុំឱ្យជនឱកាសនិយមឆក់យកឱកាសនេះបង្កឱ្យមានភាពចលាចលនៅកម្ពុជា។ យើងមិនត្រូវមើលស្រាលសភាពការណ៍នោះទេ។ ត្រូវអនុវត្តធ្វើយ៉ាងណាឱ្យភូមិសង្កាត់ មានសុវត្ថិភាពទទួលបាននូវការជឿទុកចិត្តពីបងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ៕

img03032230 img03032213 img03032245 img03032241 img03032242 img03032256 img03032254 img03032255 img03032253 img03032243 img03032244 img03032247 img03032250 img03032235 img03032234 img03032233 img03032232 img03032227 img03032231 img03032229 img03032228 img03032226 img03032224 img03032225 img03032222 img03032223 img03032221 img03032219 img03032220 img03032218 img03032217 img03032216 img03032215 img03032211 img0303229 img0303228 img0303227 img0303226 img0303225 img02032238