Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ការសង្គ្រោះប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ និ...

(Khmer) ការសង្គ្រោះប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ និងសង្គ្រោះប្រជាពលរដ្ឋរងគ្រោះពីទឹកជំនន់ ជាមួយនឹងការផ្ដល់ជំនួយមនុស្សធម៌ ជាការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ អនុវត្តបានល្អនៅឆ្នាំ២០២១

Published Date: Wednesday, March 02, 2022, 5:23 PM

(Khmer)

img02032219img02032226

 

 

 

 

 

            នៅក្នុងឆ្នាំ២០២១ កន្លងមកនេះ សកម្មភាពចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាម មូលដ្ឋានរបស់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានកាត់បន្ថយ តែបានជំនួសមកវិញនូវសកម្មភាពសង្គ្រោះប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ និងប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ជាមួយនឹងការផ្ដល់ជំនួយមនុស្សធម៌ជូនពួកគាត់ជាចាំបាច់ផងដែរ។

            នេះបើតាមការបញ្ជាក់របស់ ឯកឧត្ដម  ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ ថ្លែងក្នុងពិធី “បើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ”នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ ។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍បន្តទៀតថា៖ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ បានបើកកិច្ចប្រជុំសាមញ្ញូចំនួន ៩ លើក, វិសាមញ្ញ ១ លើក, សម្ងាត់ ១លើក និងកិច្ចប្រជុំគណៈកម្មាធិការរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ចំនួន ៤៨លើក ប៉ុន្តែការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី ភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០២១ នៅតាមបណ្ដាខណ្ឌទាំង១៤ ត្រូវបានអាក់ខាន ស្របតាមលិខិតលេខ ១៥២២ សជណ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។ ចំពោះកិច្ចប្រជុំប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំតាមមូលដ្ឋានរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌទាំង១៤ ក្នុងឆ្នាំនេះ ត្រូវជួបប្រទះនូវបញ្ហាប្រឈមក្នុងការប្រមូលផ្ដុំជួបប្រជុំ ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ប៉ុន្តែទោះបីយ៉ាងណាក្តី យើងបានខិតខំពុះពាររៀបចំកិច្ចប្រជុំតាមប្រព័ន្ធទំនាក់ទំនងសង្គម (អនឡាញ) ដើម្បីស្តាប់លទ្ធផលអនុវត្តការងារ និងចូលរួមដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ដោយរក្សាបាននូវប្រសិទ្ធភាព និងនិរន្តរភាពការងារមូលដ្ឋាន។  គណៈអភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំប្រចាំសប្ដាហ៍ អឌ្ឍមាស ប្រចាំខែ និងប្រជុំដោះស្រាយបញ្ហាផ្សេងៗ ដើម្បីពិនិត្យ ពិភាក្សា និងដាក់ចេញវិធានការចាំបាច់ ពាក់ព័ន្ធទៅនឹងកិច្ចការពារសន្តិសុខ-សណ្ដាប់ធ្នាប់ ការអភិវឌ្ឍ បញ្ហាអនាម័យ-បរិស្ថាន ការគ្រប់គ្រងវិបត្តិបង្កឡើងដោយជំងឺកូវីដ-១៩ និងជំរុញការអនុវត្តយុទ្ធនាការជាតិចាក់វាំក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋាន-សម្ភោធសមិទ្ធផល នានាបានចំនួន ៧២ លើក ។

            ឯកឧត្ដម ឃួង ស្រេង បានបន្តថា សមិទ្ធផល និងស្នាដៃសំខាន់ៗ របស់រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបានក្នុងឆ្នាំ២០២១ កន្លងមក ដែលសុទ្ធសឹងតែជាការចូលរួមចំណែកយ៉ាងសកម្មពីក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន, ក្រុមប្រឹក្សា គណៈអភិបាល, ថ្នាក់ដឹកនាំ, មន្ត្រីរាជការ, កងកម្លាំង, បុគ្គលិករដ្ឋបាលគ្រប់លំដាប់ថ្នាក់, ទីក្រុងសម្ព័ន្ធមេត្រី, អង្គការសង្គមស៊ីវិល, ដៃគូអភិវឌ្ឍន៍, សប្បុរសជន, វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។

            ឯកឧត្ដម ឃួង ស្រេង ក្នុងឱកាសនោះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ក្រសួង-ស្ថាប័ន, ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន, ទីក្រុងសម្ព័ន្ធមេត្រី, អង្គការសង្គមស៊ីវិល, ដៃគូអភិវឌ្ឍន៍, សប្បុរស​ជន និងវិស័យ ឯកជនទាំងអស់ ដែលបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងផ្តល់ការឧបត្ថម្ភគាំទ្រជាប់ជាប្រចាំដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការចូលរួមអនុវត្តការងារក្នុងឆ្នាំកន្លងមក ឱ្យប្រព្រឹត្តទៅដោយជោគជ័យ ពុះពារជម្នះបាននូវរាល់ការលំបាកស្មុគស្មាញ ឧបសគ្គរាប់មិនអស់ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ ជាពិសេសការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២១ កន្លងទៅប្រកបដោយប្រសិទ្ធភាពខ្ពស់។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថាបន្ត៖រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់អនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ដោយរក្សាបានសន្តិសុខ-សណ្ដាប់ធ្នាប់សាធារណៈល្អជូនប្រជាពលរដ្ឋ និងសង្គមជាតិ ដោយចំនួនបទល្មើសព្រហ្មទណ្ឌកើតមាន ៣២៨/៦៥៤ ថយចុះ ៣២៦លើក ស្មើនឹង ៤៩,៨% ក្នុងនោះគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានម្ចាស់ការ បង្ក្រាបបទល្មើសទាំងនេះ សរុបចំនួន ៣១១ ករណី ស្មើនឹង ៩៤,៨% នៃចំនូនបទល្មើសរួម ដែលនេះបង្ហាញឱ្យឃើញពីសញ្ញាណវិជ្ជមាន នៃការថយចុះនូវចំនួនបទល្មើសព្រហ្មទណ្ឌ, សុខសុវត្ថិភាព និងកិច្ចសហប្រតិបត្តិការ បង្ក្រាប​បទល្មើស កាន់តែមានប្រសិទ្ធភាព។ ចំពោះគ្រោះថ្នាក់ចរាចរណ៏វិញ ក៏មានការថយចុះប្រមាណ ៤៣,២% បើប្រៀបធៀបនឹងឆ្នាំ២០២០ ខណៈអ្នកស្លាប់ និងអ្នករបួស ក៏មានការថយចុះគួរឱ្យកត់សម្គាល់។ ប៉ុន្តែបន្ទាប់ពីការបើកដំណើរការសេដ្ឋកិច្ច-សង្គមឡើងវិញលើគ្រប់វិស័យ អត្រានេះបានហក់ស្ទុះឡើងវិញ គួរឱ្យព្រួយបារម្ភ ស្របពេលដែលបទល្មើសគ្រឿងញៀនក៏នៅតែជាក្តីកង្វល់រួមរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលចាំបាច់ត្រូវតែបន្តយកចិត្តទុកដាក់រួមគ្នា។

img02032210 img02032220 img02032235 img02032212 img02032237 img02032236 img02032229 img02032232 img02032213 img0203224 img02032211 img0203223 img0203222 img0203228 img0203221 img02032221 img02032225 img02032223 img02032222 img02032224 img02032227 img02032228 img02032214 img02032215 img02032234 img02032231 img02032230 img02032238 img02032233 img0203225