ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាលរាជធានីភ្នំពេញ រុញឱ្យអាជ្ញាធរមូលដ្...

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ រុញឱ្យអាជ្ញាធរមូលដ្ឋានអនុវត្តឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត លើវិធានការរដ្ឋបាលនៃការបិទបំរាមគោចរក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Tuesday, August 03, 2021, 2:06 PM

img382114 img382111

 

 

 

 

 

              ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ ការដាក់ចេញនូវសេចក្តី សំរេចរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់​៨ខេត្ត និងសេចក្តីសំរេចលេខ២៤៩/២១សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ លើវិធានការរដ្ឋបាលនៃការបិទបំរាមគោចរក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់​រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ធ្វើឡើងក្នុងគោល​បំណងតែមួយគត់ គឺដើម្បីរក្សាអាយុជីវិតបងប្អូនប្រជាពលរដ្ឋឱ្យជៀសផុតពីជំងឺកូវីដ-១៩ ពិសេសវុីរីសបំម្លែងថ្មីដែលតា (DELTA) ។

            ការបញ្ជាក់បែបនេះរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ Video conference នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នៅសាលារាជធានីភ្នំពេញ។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ ការអនុវត្តនូវសេចក្តីសម្រេចលេខ២៤៩/២១សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ឃើញថាទាំងកម្លាំងកងរាជអាវុធហត្ថរាជធានី ស្នងការនគរបាលរាជធានី និងអាជ្ញាធរខណ្ឌទាំង១៤ អនុវត្តការងារនេះបានយ៉ាងល្អប្រសើរណាស់ ហើយប្រជាពលរដ្ឋក៏បានចូលរួមយ៉ាងសកម្មផងដែរ មានន័យថា ដល់ម៉ោងអនុវត្តគឺប្រជាពលរដ្ឋមិនមានធ្វើដំណើរលើដងផ្លូវនោះទេ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការងារនេះក៏នៅមានចំណុចចន្លោះប្រហោងមួយចំនួនដែរ ដោយសារតែនៅតាមដងផ្លូវ តូចៗនៅមានប្រជាពលរដ្ឋធ្វើដំណើរនូវឡើយ។ ដូចច្នេះស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ជាពិសេសស្នើរឱ្យ អាជ្ញាធរខណ្ឌទាំង១៤ ធ្វើការណែនាំបន្តឱ្យគណះបញ្ជាការឯកភាពសង្កាត់ទាំង១០៥ បន្តពង្រឹងលើការងារនេះបន្ថែមទៀត ដល់ភូមិនិងដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ឱ្យប្រជាពលរដ្ឋលោកចូលរួមឱ្យបានច្រើន សំដៅធ្វើយ៉ាងណាយើងរួមគ្នាឈានទៅផ្តាច់ឬសគល់ជំងឺកូវីដ-១៩ ពិសេសវុីរីសបំប្លែងថ្មីដែលតា (DELTA) ឱ្យបាន។

ឯកឧត្តមបន្តថា ៖ ក្នុងនោះឱ្យប្រជាពលរដ្ឋលោកមើលឃើញការខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់របស់យើងដែលយកចិត្តទុកដាក់ចំពោះពួកគាត់ និងកូនចៅរបស់គាត់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩គ្រប់គ្នា ហើយពួកគាត់ជឿជាក់ទុកចិត្តលើអាជ្ញាធរយើង។

            ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ទៀតថា ៖ ការអនុវត្តសេចក្តីសំរេចលេខ២៤៩/២១សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ លើវិធានការរដ្ឋបាលនៃការបិទបំរាមគោចរក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ កម្លាំងទាំងអស់ត្រូវអនុវត្តឱ្យបានតឹងរឹងបំផុត ហើយចំពោះអ្នកល្មើសត្រូវឃាត់ទាំងមនុស្ស ឃាត់ទាំងយានយន្ត និងផាកពិន័យទៅ​តាមច្បាប់ ដោយមិនមានការលើកលែងនោះទេ។ ឯកឧត្តមបន្តថា ចាប់ពីម៉ោងនេះទៅ មិននិយាយពីការអប់រំទៀតទេ។ វាល្មមដល់ពេលហើយ ព្រឹត្តការណ៍សហគមន៍២០គុម្ភៈ គិតមកដល់ពេលនេះមាន រយៈពេល៩ខែហើយ ប្រជាពលរដ្ឋគួរយល់ដឹងហើយ មិនត្រូវល្មើសនោះទេ។

            បន្ថែមពីលើនេះទៀត ដើម្បីចូលរួមទប់ស្កាត់ឲ្យបាននូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសការរីករាលដាលវីរុសប្រភេទថ្មី (ដែលតា)នេះដែរ  ឯកឧត្តម ឃួង ស្រេង បានស្នើឱ្យគ្រប់មន្ទីរទាំងអស់ចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ គឺត្រូវដាក់បដា ៣ការពារ ៣កុំនៅក្នុងអង្គភាពរបស់ខ្លួន ដើម្បីបង្ហាញឱ្យឃើញពីការចូលរួមក្នុងការកាត់ផ្តាច់ឬសគល់ជំងឺកូវីដ-១៩ឱ្យបាន៕

img38212 img382112 img382111 img38213 img38218 img38216 img38211 img38217 img382110 img38219 img38214 img38215