ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញចាប់ផ្តើមស្ថាបនា ស្ពានអាកា...

រដ្ឋបាលរាជធានីភ្នំពេញចាប់ផ្តើមស្ថាបនា ស្ពានអាកាសថ្មើរជើងនៅមុខផ្សារដើមគរនិងនៅមុខសាសាបឋមសិក្សាសន្ធរម៉ុកជាផ្លូវការហើយ

ថ្ងៃចេញផ្សាយ: Sunday, December 29, 2019, 10:07 AM

img28121916 img28121905

 

 

 

 

 

            រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩នេះ បានរៀបចំពិធីក្រុងពាលីទៅតាមទំនៀមទំលាប់ តាមបែបសាសនា បញ្ចុះបឋមសិលា​សាងសង់ស្ពានអាកាសថ្មើរជើងនៅមុខផ្សារដើមគរ និងនៅមុខសាសាបឋមសិក្សាសន្ធរម៉ុក។ ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧតត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ នៅចំណុចស្តុបសន្ធម៉ុក សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។  

បើតាមផែនការ ស្ពានអាកាសថ្មើរជើងនៅតំបន់ផ្សារដើមគរ និងនៅមុខសាលាបឋមសិក្សាសន្ធរម៉ុកនេះ នឹងប្រើប្រាស់រយៈពេល៦ខែ ស្ថាបនាអោយបានរួចរាល់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងសិស្សានុសិស្សបានឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព មិនប្រឈមទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ណាមួយកើតឡើងជាយថាហេតុ។  

គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅតំបន់មុខផ្សារដើមគរ ត្រូវសាងសង់ឡើងកាត់ទទឹងផ្លូវម៉ៅសេទុងខាងលិចជាប់នឹងផ្សារដើមគរ។ ចំណែកគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុកវិញ ត្រូវសាង់សង់នៅលើចំនុចផ្លូវប្រសព្វទាំង៤ទិសតែម្តង ពោលគឺត្រូវសាងសង់កាត់ទទឹងផ្លូវម៉ៅសេទុង២ខ្សែនិងកាត់ទទឹងផ្លូវកម្ពុជាក្រោម២ខ្សែ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សបានឆ្លងកាត់ផ្លូវនេះ ដោយសុវត្ថិភាព ទោះពួកគេមកពីទិសខាងណាក៏ដោយ។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញធ្លាប់បានអៈអាងហើយថា គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងទំាង២ទីតាំងនេះ នឹងស្ថាបនាឡើងអោយមានគុណភាពខ្ពស់ ដែលអាចប្រើប្រាស់បានរហូតដល់៥០ឆ្នាំឡើងទៅ ជាមួយនិងការរចនាជណ្តើរឡើងឲ្យមានភាពងាយស្រួលឡើងចុះទំាងកុមារនិងមនុស្សចាស់ ដែលអាចធ្វើដំណើរឆ្លងកាត់បានដោយភាពងាយស្រួល។ 

គួរបញ្ជាក់ថា មកដល់ពេលនេះរាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើងចំនួន៣កន្លែងហើយ ក្នុងនោះរួមមាននៅតំបន់ជម្ពូវ័ន្តខណ្ឌពោធិសែនជ័យមានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែង ហើយបើតាមគម្រោងរដ្ឋបាលរាជធានីភ្នំពេញនិងពង្រីកគម្រោងស្ថាបនានេះឲ្យបានច្រើនកន្លែងបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងប្រទេសជាតិមានការអភិវឌ្ឍនិងទីក្រុងមានភាពស៊ីវិល័យ និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព៕

img28121917 img28121912img28121902 img28121915 img28121901 img28121907 img28121904 img28121910 img28121903 img28121909