ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានីភ្នំពេញ ...

ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានីភ្នំពេញ ពិភាក្សារកដំណោះស្រាយជួយដល់ប្រជាពលរដ្ឋក្រីក្រ និងបានផ្តល់អង្កចំនួន១៤០តោន ដើម្បីសម្រាលទុក្ខលំបាកប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយជំងឺកូវិដ-១៩

ថ្ងៃចេញផ្សាយ: Thursday, May 28, 2020, 3:35 PM

img28052013 img28052016 img28052011 img28052012

 

 

 

 

 

 

 

 

 

 

          ក្រោយកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅរាជធានីភ្នំពេញ ដើម្បីពិភាក្សារកដំណោះស្រាយជួយដល់ប្រជាពលរដ្ឋក្រីក្រក្នុងសហគបន៍ ដែលកំពុងប្រឈមនឹងការខ្វះខាតស្បៀង ក្នុងអំឡុងពេលនៃការរីករាលដាលរាគកវីដ-១៩ ស្របតាមខ្លឹមសារនៃលិខិតលេខ ១៧ សជណ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាល កម្ពុជា នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន រាជធានីភ្នំពេញ បានផ្តល់អង្កចំនួន១៤០តោន ដល់ខណ្ឌទាំង១៤ ដើម្បីសម្រាលទុក្ខលំបាកប្រជាពលរដ្ឋក្រីក្រ។

            លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំក្រុមការងារនេះ គឺដើម្បីពិភាក្សារកដំណោះស្រាយ ស្វែងរកគន្លឹះមួយចំនួន ធ្វើយ៉ាងណាជួយទៅដល់ប្រជាពលរដ្ឋក្រីក្រ រងគ្រោះនិងងាយរងគ្រោះ នៅក្នុងរាជធានី ខណៈដែលប្រទេសកម្ពុជាបាននឹងកំពុងប្រឈមមុខទៅនឹងជំងឺកូវីដ-១៩ ហើយការផ្តល់អង្កចំនួន១៤០តោន ដល់ខណ្ឌទាំង១៤ ដើម្បីសម្រាលទុក្ខលំបាកប្រជាពលរដ្ឋក្រីក្រ ស្របតាមកាលៈទេសៈដែលយើងកំពុងប្រឈមនេះ។

            ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ក្នុងស្ថានភាពកវីដ-១៩ ដែលបានដឹងគឺកំពុងរាតត្បាតនៅក្នុង   បណ្តាប្រទេស និងដែនដីចំនួន ២១០ ទូទាំងពិភពលោក។ ប្រទេសកម្ពុជា ក៏មិនអាចគេចផុតពីការគំរាមកំហែង នៃជំងឺកូវីដ-១៩ ដូចគ្នាផងដែរ ។ ទោះបីមកទល់ពេលនេះប្រជាពលរដ្ឋខ្មែរ រួមនិងជនបរទេស ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា មិនទាន់មាននរណាម្នាក់រងគ្រោះរហូតដល់បាត់បង់ជីវិតនៅឡើយក្តី ប៉ុន្តែយើងមិនទាន់អាចយកឈ្នះលើសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺនេះបាននូវឡើយទេ ដែលបានបង្កើតឱ្យមានផលប៉ះពាល់លើវិស័យសេដ្ឋ-កិច្ច និងសង្គមកិច្ច ដោយចៀសមិនរួច។ ចំពោះការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវបានរាជ  រដ្ឋាភិបាលកម្ពុជា កំណត់ថា ជាបញ្ហារួមរបស់ប្រទេសជាតិទាំងមូល ដូច្នេះវិធានការនានា ត្រូវដាក់ចេញដោយគណៈកម្មការជាតិ ក្រោមការបញ្ជាផ្ទាល់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រសួងសុខាភិបាល ជាស្ថាប័នអនុវត្តនាំមុខ ហើយរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាប្រតិបត្តិករសហការអនុវត្ត រាល់វិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ យ៉ាងណាមិញសម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ផ្អែកតាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរមូលដ្ឋានបានសហការអនុវត្តនូវរាល់វិធានការទាំងឡាយ ដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមរយៈការអនុវត្តនូវអនុសាសន៍ឆ្លើយតបភ្លាមៗដូចជាមិនឱ្យមាន ការជួបជុំរៀបចំកម្មវិធីពិធីសាសនា បិទទាំងស្រុងនូវសាលារៀន និងគ្រឹះស្ថានសិក្សាគ្រប់កម្រិត ទូទាំងរាជធានីភ្នំពេញ បិទទាំង ស្រុងនូវកម្មវិធីប្រគុំតន្ត្រីនៅតាមទីធ្លាសាធារណៈ, បិទអាជីវកម្មខារ៉ាអូខេ (KTV), ក្លឹប , រោងភាពយន្ត , បៀរហ្គាឌិន កាស៊ីណូណាហ្គាវើល , និងកន្លែងសប្បាយភាពក្នុង វិស័យទេសចរណ៍ជាដើម។ បានយកចិត្តទុកដាក់ និងចាត់វិធានការទាន់ពេលវេលាចំពោះក្រុមជនឱកាសនិយម និងក្រុមបំពុលសង្គម ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងចេតនាកេងចំណេញផលប្រយោជន៍ឬ បង្កឱ្យមានចលាចលក្នុងសង្គម។

បានចុះអប់រំផ្សព្វផ្សាយ និងចែកខិត្តបណ្ណសុខភាពជូនប្រជាពលរដ្ឋតាមមូលដ្ឋាន, ទីផ្សារ និង សហគមន៍ ជាមួយនឹងការផ្សព្វផ្សាយតាមបណ្តាញ , ផ្ទាំងប៉ាណូ និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើនទីតាំង ទូទាំងរាជធានីភ្នំពេញ ។

            បន្ថែមលើនេះទៀត កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញ សេចក្តីណែនាំ ស្តីពីការបន្តអប់រំសុខភាពជូនប្រជាពលរដ្ឋ និងពង្រឹងការងារតាមដានការអនុវត្តវិធានការ ការពាររលកទីពីរ នៃការចម្លងមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញថែមទៀត។

            ពាក់ព័ន្ធនិងស្ថានភាពសហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញ និងការធ្វើអត្តសញ្ញាណកម្ម គ្រួសារក្រីក្រក្នុងសហគមន៍នៅរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៣ ក្រោយពេលដែល     សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញនូវចំណាត់ការដ៏ម៉ឺងម៉ាត់ ក្នុងការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ ក្រោមប្រធានបទអភិវឌ្ឍន៍ ១០០ សហគមន៏ ផែនការ ក្នុង១ឆ្នាំ” តាមរយៈផ្តល់សម្បទានដីសង្គមកិច្ច និងការអភិវឌ្ឍលំនៅដ្ឋាន នៅនឹងកន្លែង យើងបានរកឃើញសហគមន៍ក្រីក្រនៅរាជធានីចំនួន ៣៣៥សហគមន៍ ស្ថិតក្នុងសង្កាត់ចំនួន ៥២ នៃខណ្ឌចំនួន ៩ ។ តែក្រោមម្លប់សន្តិភាព នៃនយោបាយ ឈ្នះ-ឈ្នះ៖” របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឱ្យចំនួនសហគមន៍ក្រីក្រ មានការថយចុះពី ៣៣៥ សហគមន៍ ក្នុងឆ្នាំ២០០៣ មកត្រឹមតែ ១៥១ សហគមន៍ ក្នុងឆ្នាំ២០២០។

            ឯកឧត្តមបន្តថា ជាទិសដៅភារកិច្ច និងយន្តការគាំទ្រចំពោះប្រជាព៌លរដ្ឋក្រីក្រ សម្រាប់កិច្ចប្រជុំនេះ យើងនឹងកំណត់រួមគ្នាអំពីទិសដៅភារកិច្ច និងយន្តការគាំទ្រជួយដល់ប្រជាពលរដ្ឋក្រីក្រតាមរយៈកិច្ចសហការល្អរវាងអាជ្ញាធរមូលដ្ឋានជាមួយនិងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅតាមបណ្តាខណ្ឌទាំង ១៤។

            គួរបញ្ជាក់ថា ក្រោយបញ្ចប់កិច្ចប្រជុំក្រុមការងារថ្នាក់ជាតិខាងលើ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន  បានប្រគល់អង្កចំនួន១៤០តោន របស់សម្តេចនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនរដ្ឋបាលរាជធានីភ្នំពេញ និងបន្តប្រគល់ជូនខណ្ឌទាំង១៤ ដោយក្នុង១ខណ្ឌទទួលបានអង្កចំនួន១០តោនដើម្បីរួមចំណែក សម្រាលដល់ទុក្ខលំបាករបស់ប្រជាសហគមន៍ក្រីក្រ ដែលកំពុងប្រឈមនឹងការខ្វះខាតស្បៀងអាហារ៕

img28052008 img28052007 img28052010 img28052009 img28052006 img28052005 img28052004 img28052003 img28052002 img28052001