ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ជំរុញឲ្យអាជ្ញាធរខណ្...

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធចុះពិនិត្យការ ខូចខាតហេដ្ឋារចនាសម្ព័ន្ធដោយជំនន់ទឹកភ្លៀង ដើម្បីជួសជុលនិងស្តារឡើងវិញ

ថ្ងៃចេញផ្សាយ: Wednesday, October 28, 2020, 9:38 AM

img271020a06 img271020a04

 

 

 

 

 

            អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង ១៤និងមន្ទីរពាក់ព័ន្ធទាំងអស់ធ្វើរបាយការណ៍អោយបានជាក់លាក់ និងជាបន្ទាន់ ដើម្បីស្រង់ទិន្នន័យនៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងដំណាក់កាលលិចលង់ដោយទឹកជំនន់ទឹកភ្លៀងនាប៉ុន្មានថ្ងៃកន្លងមកនេះ។ ការជំរុញបែបនេះគឺដើម្បីអោយរដ្ឋបាលរាជធានីភ្នំពេញមានរបាយការណ៍ជាក់លាក់មួយបញ្ជូនទៅក្រសួងមហាផ្ទៃក៏ដូចជារាជរដ្ឋាភិបាល ក្នុងការសុំថវិកាជាតិយកមកធ្វើការជួសជុល ហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតនេះឲ្យបានល្អប្រសើរឡើងវិញ។

            ការជំរុញបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើង ក្នុងកិច្ចប្រជុំមួយជាមួយអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ជំនន់ទឹកភ្លៀងនាប៉ុន្មានថ្ងៃនេះបានធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តាខណ្ឌមួយចំនួន ពិសេសខណ្ឌនៅជាយក្រុងបានទទួលរងប៉ះពាល់ធ្ងន់ធ្ងរជាងគេ។ ដូច្នេះទេឯកឧត្តមស្នើឲ្យអភិបាលនៃគណៈអភិបាលខណ្ឌទាំងអស់រួមជាមួយនិងមន្ទីរពាក់ព័ន្ធ ត្រូវចុះពិនិត្យនិងធ្វើរបាយការណ៍ឲ្យបានលឿន ដើម្បីអោយរដ្ឋបាលរាជធានីភ្នំពេញ មានរបាយការណ៍ជូនទៅរាជរដ្ឋាភិបាលក្នុងការសុំថវិកាយកមកធ្វើការជួសជុលកែលម្អ ការខូចខាតនេះឡើងវិញ ពិសេសគឺការកសាងនូវប្រព័ន្ធលូ ប្រឡាយបង្ហូរទឹក និងការជួសជុលបណ្ដាផ្លូវដែលខូចខាតមួយចំនួនផ្សេងទៀត ដើម្បីតភ្ជាប់ឡើងវិញ សម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ ហើយប្រជាកសិករដែលខូចខាតផលស្រូវ ដំណាំរួមផ្សំ យើងក៏នឹងត្រូវផ្តល់ជូនពួកគាត់ផងដែរ។

            លោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ផងដែរថា ក្នុងអំឡុងនៃការលិចលង់ដោយជំនន់ទឹកភ្លៀងនាប៉ុន្មានថ្ងៃនេះ បើគ្មានការដឹកនាំ និងចុះបញ្ជាផ្ទាល់ពីឯកឧត្តមអភិបាល នៃ  គណៈអភិបាលរាជធានីភ្នំពេញទេ ផលប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធនានា និងមានលក្ខណៈធ្ងន់ធ្ងរជាងនេះ តែដោយការខិតខំប្រឹងប្រែងជំរុញពីសំណាក់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយបញ្ហាទឹកជន់លិចនៅក្នុងរាជធានីភ្នំពេញនេះ ជាមួយនឹងការកាយពង្រីកប្រឡាយបង្ហូរទឹកជាដើម បានធ្វើអោយផលប៉ះពាល់់មានលក្ខណៈ​ ធូស្រាល។

            លោកបញ្ជាក់ថា ការពង្រីកនៅប្រឡាយបង្ហូរទឹកមានលក្ខណៈធំជាងមុននេះ ក្រោយពីការកាយប្រឡាយនេះហើយ យើងនឹងរក្សាប្រឡាយក្នុងទំហំដដែល ដោយមិនមានការលុបដាក់ប្រព័ន្ធលូតូចទេ សំដៅធ្វើយ៉ាងណាកុំឲ្យមានបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងនេះ លិចលង់នៅឆ្នាំក្រោយៗទៀត៕

img271020a05 img271020a03 img271020a02 img271020a01