ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  វិស័យសំណង់នៅរាជធានីភ្នំពេញ បានដំណើរការទៅដោយរលូន...

វិស័យសំណង់នៅរាជធានីភ្នំពេញ បានដំណើរការទៅដោយរលូន បើទោះបីស្ថិតក្នុង តំណាក់កាលកូវីដ-១៩ ក៏ដោយ

ថ្ងៃចេញផ្សាយ: Thursday, August 26, 2021, 10:10 AM

img2582114 img2582113

 

 

 

 

 

             វិស័យសំណង់ គឺជាវិស័យមួយដែលបាននឹងកំពុងដំណើរការយ៉ាងមមាញឹកនៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះទេដើម្បីឲ្យវិស័យនេះនៅតែដំណើរការដដែល បើទោះបីព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងតំណាក់កាលកូវីដ-១៩ ក៏ដោយនោះ  អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញេ ឯកឧត្តមឃួង ស្រេង តែងយកចិត្តទុកដាក់ដើម្បីធ្វើយ៉ាងណាឲ្យវិស័យនេះនៅតែដំណើរការទៅមុខ មិនរំខានដោយកូវីដ-១៩ឡើយ។

            ជាក់ស្តែងនៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយ   វិស័យឯកជន ពិសេសគឺវិស័យសំណង់នេះតែម្ដងដើម្បីធ្វើយ៉ាងណាឱ្យវិស័យឯកជនចូលរួមសហការជាមួយអាជ្ញាធរ រាជធានីភ្នំពេញ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ផង តែវិស័យសំណង់នៅតែដំណើរការ បើទោះបីស្ថានភាពជំងឺកូវីដ-១៩មិនទាន់ត្រូវបានបញ្ចប់ក៏ដោយ។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថាជំងឺកូវីដ-១៩ បានរីករាលដាលយ៉ាងខ្លាំងនៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រហូតដល់រាជធានីភ្នំពេញត្រូវបានបិទខ្ទប់ ដើម្បីកាត់ផ្ដាច់ការរីករាលដាលនៃជំងឺនេះ។ យើងបានធ្វើការងារនេះទាំងយប់ ទាំងថ្ងៃ ដើម្បីកុំឲ្យជំងឺនេះរីករាលដាលធំឡើងដែលយើងគ្រប់គ្រងមិនបាននោះ។

            ឯកឧត្តមបញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ នៅដំណាក់កាលចុងក្រោយនេះ គឺបានរីករាលដាលដល់បងប្អូនកម្មករសំណង់ កម្មករ កម្មការិនីរោងចក្រ តែដោយការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ សហការជាមួយនឹងវិស័យឯកជន យើងបានទប់ស្កាត់នូវការរីករាលដាលជំងឺនេះមិនឲ្យរីករាលដាលបានយ៉ាងល្អ។

            ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា ការបង្កើតអោយមានកិច្ចប្រជុំឡើងនៅថ្ងៃនេះ យើងមានគោលបំណងតែមួយគត់ នោះគឺចង់ឲ្យវិស័យឯកជនចូលរួមសហការជាមួយអាជ្ញាធររាជធានីភ្នំពេញបន្ថែមទៀត ដើម្បីទប់ស្កាត់ជំងឺដ៏កាចសាហាវនេះឲ្យបាន។ មានន័យថា បើទោះបីជំងឺកូវីដ-១៩នៅតែកើតមាន តែសកម្មភាពការងារនានា លើវិស័យសំណង់មិនត្រូវបានផ្អាកដំណើរការនោះទេ។

            ឯកឧត្តម បានបន្តទៀតថា កន្លងមកនេះ ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន សម្ដេចបានខិតខំរកអស់គ្រប់មធ្យោបាយ ដើម្បីកៀងគរធ្វើយ៉ាងណារកវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋកម្ពុជាអោយបានគ្រប់គ្នា ជាមួយនឹងការរក្សានូវវិធានរបស់ក្រសួងសុខាភិបាល ពិសេសការអនុវត្ត៣កុំនិង៣ការពារ របស់សម្ដេចតេជោហ៊ុនសែន ធ្វើឱ្យការរីករាលដាលជម្ងឺកូវីដ-១៩ អាចទប់ស្កាត់បាន។

            ក្នុងកិច្ចប្រជុំនោះដែរ អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមន៍អ្នកអភិវឌ្ឍន៍លំនៅដ្ឋាននៅកម្ពុជាក៏បានមានប្រសាសន៍លើកឡើងអំពីការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ ពីសំណាក់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ដោយសម្ដេចបានរកវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋអោយបានគ្រប់គ្នា ខណៈដែលនៅប្រទេសមួយចំនួននៅអាស៊ី ចាក់វ៉ាក់ជូនពលរដ្ឋរបស់គេ បានភាគរយតិចនៅឡើយ។ លោកបានបន្តថា ការចាក់វ៉ាក់សាំងជាមួយនឹងការចូលរួមសហការពីវិស័យឯកជន ព្រមទាំងប្រជាពលរដ្ឋក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានធ្វើឲ្យវិស័យឯកជននៅតែដំណើរការទៅមុខមិនអាក់ខានដោយសារ covid-19 នោះទេ។

            គួរបញ្ជាក់ថា ដើម្បីធានាឱ្យបាននូវសុខុមាលភាព សុវត្ថិភាព និងជីវភាពរបស់បុគ្គលិក និងកម្មករ-និយោជិត ក្នុងវិស័យសំណង់ ព្រមទាំងនិរន្តរភាពការងាររបស់ការដ្ឋាន កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់ម្ចាស់ការដ្ឋាន . អ្នកគ្រប់គ្រងការដ្ឋានសំណង់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវរឹតបន្តឹងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ឱ្យ បានម៉ឺងម៉ាតបំផុតផងដែរ ទើបយើងអាចទប់ស្កាត់បានរហូតមកដល់ពេលនេះ៕

img258212 img258217 img2582115 img2582111img258211img2582112 img2582110 img258219 img258218 img258214 img258216 img258215