ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងដាំដើមឈើ ប្រណិតៗជ...

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងដាំដើមឈើ ប្រណិតៗជិត២ពាន់ដើម នៅតាម បណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ចំនួន៥ នៅខណ្ឌដង្កោ

ថ្ងៃចេញផ្សាយ: Wednesday, June 24, 2020, 4:18 PM

img2406202006 img2406202005

 

 

 

 

 

            ប្រភេទកូនឈើប្រណិតៗ ប្រមាណជាជិត២០០០ដើម រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងដាំនៅតាម បណ្ដោយផ្លូវ២១៧ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយចាប់ផ្ដើមដាំក្នុងពេលឆាប់ៗនេះ ដើម្បីធ្វើឲ្យរាជធានីភ្នំពេញជាទីក្រុងដែលមានពណ៌បៃតង និងបរិស្ថានល្អប្រសើរ។

            អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ក្នុងកិច្ចប្រជុំជាមួយនឹងអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធនៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៣ ខែមិថុនានេះ បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងដាំកូនឈើប្រណិតៗ នៅតាមបណ្ដោយផ្លូវ២១៧ ក្នុងខណ្ឌដង្កោ ដោយចាប់ផ្ដើមដាំពីស្តុបចំការដូងរហូតដល់រង្វង់មូលគួរស្រូវ ជាប់ព្រំប្រទល់ខេត្តកណ្ដាល ហើយប្រភេទដើមឈើដែលត្រូវដាំជាប្រភេទឈើប្រណិត ដោយដាំអមសងខាងផ្លូវចន្លោះពីគ្នាប្រមាណ៨ម៉ែត្រ ហើយជាគម្រោង ដើមឈើដែលត្រូវដាំនៅតាមបណ្តោយផ្លូវនេះមានប្រមាណ១៨៤០ដើមលើចំងាយផ្លូវប្រវែង៧គីឡូម៉ែត្រសងខាង(ស្មើ១៤គីឡូម៉ែត្រ)។

            ឯកឧត្តម ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះក៏បានធ្វើការណែនាំទៅដល់អាជ្ញាធរខណ្ឌ មន្ទីរកសិកម្ម មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី និងក្រុមហ៊ុនទទួលម៉ៅការ ក្នុងការដាំដើមឈើនេះត្រូវចុះធ្វើការសិក្សាទីតាំងដែលត្រូវដាំ និងធ្វើវេទិកាសាធារណៈដើម្បីបង្ហាញពីគោលបំណងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលថាយើងនឹងដាំដើមឈើនៅតាមដងផ្លូវនេះ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ២១៧នេះ ចូលរួមសហការនិងថែទាំដើមឈើដែលបានដាំ នៅមុខផ្ទះរបស់ពួកគាត់ឲ្យបានល្អ។

            ពាក់ព័ន្ធនឹងការដាំដើមឈើប្រណិតៗនេះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវតែសិក្សាឲ្យបានច្បាស់លាស់មុននឹងដាំដើមឈើទាំងនេះ ដោយត្រូវគិតគូរអោយបានរួចរាល់អំពីទំហំនៃគម្រោងពង្រីកផ្លូវខាងលើ ក៏ដូចជាគិតគូរពីការដាក់ប្រព័ន្ធលូអោយហើយស្រេច ជៀសវាងមានបញ្ហា យើងកាប់ដើមឈើចោល វាពិតជាសោកស្តាយ។

img2406202004 img2406202003 img2406202002 img2406202001