ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ផ្សាររដ្ឋទាំង២៥ នៅរាជធានីភ្នំពេញចាប់ផ្តើមលក់ដូរ...

ផ្សាររដ្ឋទាំង២៥ នៅរាជធានីភ្នំពេញចាប់ផ្តើមលក់ដូរឡើងវិញ

ថ្ងៃចេញផ្សាយ: Monday, May 24, 2021, 4:55 PM

img240521a11 img240521a4

 

 

 

 

 

            នៅព្រឹកថ្ងៃទី២៤  ខែឧសភា ឆ្នាំ២០២១ គឺជាថ្ងៃដែលរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការផ្សាររដ្ឋទាំង២៥លក់ដូរឡើងវិញ ក្រោយពីបានបិទខ្ទប់មិនឱ្យដំណើរការតាំងពីអំឡុងខែ មេសា កន្លងមក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩។ ទន្ទឹមនៃការបើកឱ្យដំណើរការឡើងវិញនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ ឃើញថា នៅតាមបណ្តាលផ្សាររដ្ឋនានានៅក្នុងរាជធានីភ្នំពេញ បានដំណើរការលក់ដូរមមាញឹកឡើងវិញហើយ ជាមួយ នឹងការអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។

            ដើម្បីជំរុញគណ:កម្មការផ្សារអនុវត្តវិធានសុខាភិបាលក្នុងថ្ងៃបេីកផ្សារលក់ឡេីងវិញនេះ ដំណើរការទៅបានរលូន ជៀសបាននូវការឆ្លងកូវីដ-១៩ លោកជំទាវ កែវ សុខពិសី  អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ  តំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យស្ថានភាពក្នុងផ្សារទួលទំពូង នៅខណ្ឌចំការមន និងបានជំរុញឱ្យគណ:កម្មការគ្រប់គ្រងផ្សារទួលទំពូង អនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសពាក់ព័ន្ធវិធានការរបស់ក្រសួងសុខាភិបាល៣ការពារ និង៣កុំ ។

            លោកជំទាវ បានណែនាំឱ្យមានការផ្សព្វផ្សាយតាមរយ:សារសម្លេងអប់រំ និងវាស់កំដៅនៅតាមច្រកចេញចូលផ្សារ និងត្រូវរក្សាគម្លាតពីគ្នាជាចាំបាច់  ដេីម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

            បេីតាមប្រធានគណះកម្មការគ្រប់គ្រងផ្សារទួលទំពូង លោក  ចំរេីន  សុខលីម  បានឱ្យដឹងថា ៖ ផ្សារទួលទំពូងចាប់ផ្តេីមបេីកលក់នៅព្រឹកនេះ បានគោរពតាមវិធានសុខាភិបាល និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ច្រកចូលផ្សារចំនួន៥ត្រូវបានបេីកទ្វារសំរាប់អាជីវករបានលក់ដូរ និងទំនិញឧបភោគបរិភោគ  ដោយនៅតាមច្រកចេញចូល លោកបានចាត់ចែងអោយមានកម្លាំងសន្តិសុខជួយសម្រួល ដោយការបាញ់កម្តៅ  លាងអាល់កុល និងធ្វេីការស្កេន QR code ផងដែរ មុននឹងអនុញ្ញាតិឱ្យអាជីវករចូលទិញ និងលក់នៅក្នុងផ្សារ។

            លោកប្រធានផ្សារទួលទំពូងបានបន្ថែមថា ៖ ក្រៅពីអនុវត្តវិធានសុខាភិបាលនៅតាមច្រក ក៏មានដាក់មេក្រូបំពងសំលេងពីសារអប់រំ និងមានការដេីរផ្សព្វផ្សាយតាមមេក្រូដល់អ្នកលក់ និងអ្នកទិញផងដែរ  ដោយត្រូវដាច់ខាតអនុវត្តវិធាន៣កាពារ ៣កុំ  សំដៅទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

            លោក ចំរេីន  សុខលីម ប្រធានគណះកម្មការផ្សារទួលទំពូងបានឱ្យដឹងថា ៖ ក្នុងផ្សារទួលទំពូងមានតូបចំនួន ១.៣៧៤តូប  ហេីយសំរាប់ថ្ងៃបេីកលក់ជាថ្មីមានអាជីរករមកលក់ដូរប្រមាណ៥០ភាគរយ លោកបានបញ្ជាក់ផងដែរថា ៖ ក្រុមអាជីវកដែលលក់ដូរនៅក្នុង្សារទួលទំពូងក៏បានចាក់វ៉ាក់សាំងបានប្រមាណ ១.១០០នាក់ ហើយដែរ។

            ដោយឡែកសម្រាប់ផ្សារ បឹងកេងកងវិញ លោក ឯក និមល ប្រធានគណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកង បានបញ្ជាក់ឱ្យដឹងដែរថា ៖ នៅផ្សារបឹងកេងកងបានដំណើរការហើយនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ លក់តែគ្រឿងហូបចុកតែប៉ុណ្ណោះ ដោយអាជីវករមកលក់ដូរចំនួន៧៦តូប។

            ជាមួយគ្នានោះលោក គួច ចំណាន ប្រធានគណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅ បានបញ្ជាក់ផងដែរថា ៖ផ្សារច្បារអំពៅមានបងប្អូនអាជីវករមកលក់ ប្រមាណ២០ភាគរយប៉ុណ្ណោះ ដោយលក់ដូរជាគ្រឿងហូបចុក។

ដោយឡែកលោកស្រី ប៉ុន ដានី អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី បានឱ្យដឹងថា៖នៅថ្ងៃបើកដំណើរការលក់ដូរនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ចាប់ពីម៉ោង ៥:៣០នាទីព្រឹក គិតរហូតដល់ម៉ោង ១១:៣០នាទី ផ្សារធំថ្មីបានចាប់បើកថ្ងៃដំបូងផ្នែកគ្រឿងឧបភោគ បរិភោគ មានតូប និងគ្រែចល័តសរុប ៦២៥ មកលក់បាន ១២៥តូប និងគ្រែចល័ត។

លោកស្រីបានឱ្យដឹងទៀតថា៖សម្រាប់ផ្សារធំថ្មីបានបើកច្រកចំនួនប្រាំបីច្រក មានកម្លាំងសន្តិសុខឈរជើងចំនួន៣១នាក់  និងសន្តិសុខ ២៥នាក់ទៀត ដើរចល័តចុះឡើងមានឧបករណ៍វាស់កំដៅ បាញ់អាល់កុល រក្សាគម្លាត ផ្សព្វផ្សាយអោយពាក់ម៉ាស់ ស្គេន QR code មុនចូលក្នុងផ្សារ។ ផ្សារមានឧបករណ៍វាស់កម្តៅចំនួន២០គ្រឿង ប្រើប្រាស់អាល់កុលក្នុងមួយថ្ងៃអស់ ២០លីត្រ  ដាក់ឧបករណ៍បំពងសំលេងចំនួន ៦គ្រឿង,អតិថិជនចូលផ្សារបានចំនួន ៧៧៥នាក់ ។

ក្នុងនោះដែរលោកស្រី បានណែនាំអាជីវករឱ្យអនុវត្តន៍ បីការពារ បីកុំ ជាប្រចាំ៕

img240521a10 img240521a3 img240521a1 img240521a7 img240521a6 img240521a5 img240521a12 img240521a13 img240521a9 img240521a8