ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ថ្លែងកោតសរសើរ ...

ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ថ្លែងកោតសរសើរ រដ្ឋបាលរាជធានីភ្នំពេញ ដែលបានសហការធ្វើឱ្យបេសកកម្មការទូត៤ឆ្នាំ ទទួលបានផ្លែផ្កា និងជោគជ័យយ៉ាងធំធេង

ថ្ងៃចេញផ្សាយ: Wednesday, June 23, 2021, 3:09 PM

img2306213 img2306216

 

 

 

 

 

           ឯកអគ្គរដ្ឋទូតសាធារណ​រដ្ឋបារាំង​ប្រចាំកម្ពុជា លោកជំទាវ Eva NGUYEN BINH បានសម្ដែងនូវការអរគុណ និងកោតសរសើរយ៉ាងខ្លាំង ចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានសហការជាមួយស្ថានទូតសាធារណរដ្ឋបារាំងបានយ៉ាងល្អ ដែលធ្វើឱ្យការងារក្នុងបេសកកម្មរបស់លោកជំទាវ រយៈពេល៤ឆ្នាំនេះទទួលបានផ្លែផ្កា និងជោគជ័យយ៉ាងធំធេង។

ការលើកឡើងរបស់លោកជំទាវ Eva NGUYEN BINH បានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ ខណៈដែលលោកជំទាវ ចូលជួបសម្តែងការគួរសម និងជំរាបលា ឯកឧត្តម ឃួង ស្រេង អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ ក្រោយបញ្ចប់អាណត្តិការទូតរបស់លោកជំទាវនៅព្រះរាជាណាចក្រកម្ពុជា នៅសាលារាជធានីភ្នំពេញ។

ក្នុងជំនួបសម្តែងការគួរសម និងជំរាបលា ឯកឧត្តម ឃួង ស្រេង នោះ លោកជំទាវ Eva NGUYEN BINH ក៏បានសម្ដែងការកោតសរសើរផងដែរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈដែលជម្ងឺនេះបានរីករាលដាលពេញពិភពលោក ហើយរាជធានីភ្នំពេញក៏បានរីករាលដាលជម្ងឺនេះផងដែរនោះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី រដ្ឋបាលរាជធានីភ្នំពេញ បានគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩នេះបានយ៉ាងល្អប្រសើរ។

លោកជំទាវបញ្ជាក់ទៀតថា ៖ ខ្ញុំពិតជាមានភ័ព្វសំណាង ដែលបានស្នាក់នៅបំពេញការងារការទូតនៅព្រះរាជាណាចក្រកម្ពុជា ស្របពេលដែលនៅលើពិភពលោក មានការរីករាលដាលជំងឺកូវី-១៩ ហើយ ព្រះរាជាណាចក្រកម្ពុជាមានការរីករាលដាលជម្ងឺនេះមានកម្រិតតិចតួច។

លោកជំទាវ Eva NGUYEN BINH បានបន្តទៀតថា រដ្ឋបាលរាជធានីភ្នំពេញ ពិតជាមានការលំបាកខ្លាំងណាស់ ចំពោះការទប់ស្កាត់ជំងឺកូវីដ-១៩។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងតស៊ូជាមួយនឹងការទប់ស្កាត់និងជំងឺកូវី-១៩នេះបានយ៉ាងល្អ។

ជាការឆ្លើយតប ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា ៖ សាធារណរដ្ឋបារាំង និងព្រះរាជា​ណាចក្រ​កម្ពុជា បានមានទំនាក់ទំនងការទូតជាមួយគ្នាជាយូរមកហើយ ហើយទំនាក់ទំនងនេះ កាន់តែរឹងមាំ និងកាន់តែល្អប្រសើរ ។

ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា ៖ ក្នុងបេសកកម្ម បំពេញការងាររបស់លោកជំទាវនៅព្រះរាជាណាចក្រ​កម្ពុជា រយៈពេល៤ឆ្នាំនេះ លោកជំទាវ Eva NGUYEN BINH បានបំពេញបេសកកម្មការទូតបានយ៉ាងល្អ និងទទួលជោគជ័យ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានសម្ដែងនូវការសោកស្តាយផងដែរ ដែលឯកឧត្តមមិនបានជួបជជែកនិងហូបបាយសាមគ្គីជាមួយ នឹងលោកជំទាវអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង មុនបញ្ចប់អាណត្តិ ដោយសារតែការរាតត្បាតជំងឺកូវីដ-១៩។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងនឹងជួបគ្នា ចាប់ដៃគ្នាបំពេញការងារ នៅថ្ងៃខាងមុខទៀត ខណៈដែលលោកជំទាវនឹងក្លាយជាប្រធានវិទ្យាស្ថានបារាំងនៅប៉ុន្មានថ្ងៃខាងមុខនេះ៕

img2306214 img2306212 img2306215 img2306211