ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ចុះពិនិត្យដំណើរការច...

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋអាយុ៦០ឆ្នាំឡើង

ថ្ងៃចេញផ្សាយ: Tuesday, March 23, 2021, 3:06 PM

img230321007 img230321010

 

 

 

 

 

            ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ បានចុះទៅពិនិត្យស្ថានភាពជាក់ស្តែង នៅទីតាំងចាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ និងតាមមណ្ឌលសុខភាពនានាក្នុងរាជធានីភ្នំពេញ ខណៈដែលក្រុមការងារ និងក្រុមគ្រូពេទ្យកំពុងចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជូនមនុស្សចាស់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួចហើយ ត្រូវបន្តអនុវត្តនូវវិធានការការពារ របស់ក្រសួងសុខាភិបាល ពិសេសគឺអនុវត្ត ៣កុំ និង៣ការពារ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ទាំងអស់គ្នា។

ឯកឧត្តម ឃួង ស្រេង បានគូសបញ្ជាក់ទៀតថា ខណៈដែលប្រទេសកម្ពុជា បាននិងកំពុងរីករាលដាលនូវជំងឺកូវីដ-១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំរិះរកគ្រប់មធ្យោបាយដើម្បីរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋថែមទៀត។ ពិតណាស់ថា ប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ក៏ពិតមែន ប៉ុន្តែត្រូវតែបន្តការពារខ្លួនឯងពីជំងឺនេះបន្តទៀត ពោលត្រូវអនុវត្តទៅតាមវិធាន របស់ក្រសួងសុខាភិបាល ពិសេសគឺការអនុវត្ត៣កុំ និង៣ការពារ។

បើតាម ឯកឧត្តម ឃួង ស្រេង យុទ្ធនាការ នៃការចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់មនុស្ស ដែលមានអាយុ៦០ឆ្នាំឡើងនេះ ត្រូវធ្វើឡើងក្នុងរយៈពេល១៥ថ្ងៃ ដោយចាប់ផ្តើមយុទ្ធនាការ ចាប់ពីថ្ងៃទី២៣ ខែមីនានេះតទៅ ជាមួយទីតាំងចំនួន២០ ដែលរៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ។

ជាមួយគ្នានេះ ឯកឧត្តម ឃួង ស្រេង ក៏បានលើកឡើងថា ករណីប្រជាពលរដ្ឋដែលបាននិងកំពុងធ្វើចត្តាឡីស័ក ហើយមានបញ្ហាជីវភាពខ្វះខាត អាចធ្វើទំនាក់ទំនងមកអាជ្ញាធរមូលដ្ឋាន នោះអាជ្ញាធរនឹងចុះជួយឧបត្ថម្ភជាស្បៀងអាហារជូនភ្លាម។

គួរបញ្ជាក់ថា ក្រោយពីសួរសុខទុក្ខ និងផ្តាំផ្ញើប្រជាពលរដ្ឋដែលកំពុងចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ រួចហើយ ឯកឧត្តម ឃួង ស្រេង ក៏បានបន្តដឹកនាំមន្ត្រីបន្តចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងចាក់វ៉ាក់សាំងនៅមណ្ឌលសុខភាពព្រែកឯង បន្តទៀតផងដែរ៕

img230321018 img230321006 img230321011 img230321017 img230321016 img230321014 img230321021 img230321020 img230321024 img230321013

 

img230321015 img230321012 img230321022 img230321023 img230321025 img230321026 img230321008 img230321007 img230321004 img230321005 img230321009 img230321002