ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ម៉ាសចំនួន១០ម៉ឺន ត្រូវបានក្រុមហ៊ុនមួយ ប្រគល់ជូនរ...

ម៉ាសចំនួន១០ម៉ឺន ត្រូវបានក្រុមហ៊ុនមួយ ប្រគល់ជូនរដ្ឋបាលរាជធានី ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩

ថ្ងៃចេញផ្សាយ: Tuesday, March 23, 2021, 9:04 AM

img220321b001 img220321b002

 

 

 

 

 

            ម៉ាសចំនួន១០ម៉ឺនម៉ាស ត្រូវបានក្រុមហ៊ុន ហ្គោលដិនថោន បាត់ដំបង ប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះ បាននឹងកំពុងរីករាលដាលចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

ពិធីប្រគល់ និងទទួល បានធ្វើឡើង នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

ឯកឧត្តម កើត ឆែ ក្នុងឱកាសនោះបានថ្លែងថា «ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន ហ្គោលដិនថោន បាត់ដំបង ដែលបានឧបត្ថម្ភម៉ាស ចំនួន ១០ម៉ឺនម៉ាស ជូនរដ្ឋបាលរាធានីភ្នំពេញ ដើម្បីចាត់វិធានការ បង្ការទប់ស្កាត់មេរោគកូវីដ-១៩»។

ឯកឧត្តមបន្តថា កាយវិការដ៏ល្អ ប្រកបដោយមនុស្សធម៌នេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី    នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។

ឯកឧត្តម បញ្ជាក់ថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិ បាននឹងកំពុងជួបប្រទះនឹងគ្រោះហានិភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩នេះ៕

img220321b004 img220321b003