ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បន្តចែកអំណោយជូនប្រជ...

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បន្តចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងខណ្ឌកំបូល

ថ្ងៃចេញផ្សាយ: Tuesday, October 20, 2020, 2:36 PM

img20102009 img20102003

 

 

 

 

 

             ប្រជាពលរដ្ឋចំនួន៣៨៥គ្រួសារ រស់នៅក្នុងសង្កាត់ចំនួន៤ នៅក្នុងខណ្ឌកំបូល ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង បានទទួលអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

ពិធីប្រគល់អំណោយខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅក្នុងបរិវេណវត្តសុវណ្ណអម្ពា ហៅវត្តស្វាយមាស ស្ថិតនៅក្នុងសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ក្រោមការដឹកនាំ និងបញ្ជាពីសម្តេចតេជោ ហ៊ុន សែន គឺសម្តេចបានណែនាំ និងជំរុញឲ្យកងកម្លាំងទាំងអស់ ធ្វើយ៉ាងណាសង្រ្គោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះឲ្យបានមកកាន់ទីទួលសុវត្ថិភាពបានទាន់ពេល។ អនុវត្តតាមបទបញ្ជានេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការសហការជាមួយកងកម្លាំងប្រដាប់អាវុធ ពិសេសកម្លាំងកងទ័ព យើងបានជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាពបានដោយជោគជ័យ ជាមួយនឹងអាហារហូបចុកគ្រប់គ្រាន់ផងដែរ ហើយការសង្រ្គោះប្រជាពលរដ្ឋនេះ គឺយើងធ្វើឡើងដោយមិនគិតពីនិន្នាការនយោបាយ ឬគណបក្សណានោះទេ ពោលគឺឲ្យតែប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ គឺយើងជួយទាំងអស់ ជាមួយនឹងការផ្ដល់អំណោយជូនពួកគាត់ផងដែរ។

ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ជាទិសដៅរបស់រដ្ឋបាលរាជធានីភ្នំពេញ យើងនឹងដាក់ម៉ាស៊ីនបូមទឹក នៅតាមបុរី និងផ្ទះប្រជាពលរដ្ឋដែលទទួលរងនូវការលិចលង់ដោយជំនន់ទឹកភ្លៀង ហើយក្រោយពីបូមទឹកស្រកអស់ពីលំនៅដ្ឋានប្រជាពលរដ្ឋហើយ យើងនឹងណែនាំឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បាញ់ថ្នាំសម្លាប់មេរោគ និងសម្លាប់សត្វល្អិតផងដែរ ដើម្បីសុខមាលភាពប្រជាពលរដ្ឋ។

គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋដែលមកទទួលអំណោយនេះ មានចំនួន៣៨៥គ្រួសារ មកពី៤សង្កាត់ គឺសង្កាត់ប្រទះឡាង សង្កាត់ភ្លើងឆេះរទេះ សង្កាត់បឹងធំ និងសង្កាត់កំបូល ដោយក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន ២៥គីឡូក្រាម មី១កេស ទឹបបរិសុទ្ធ១កេស ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាចំនួន៥ម៉ឺនរៀល៕

img20102005 img201020012 img201020011 img201020010 img201020014 img201020015 img201020016 img201020017 img201020018 img201020019 img201020020 img201020021 img201020022 img201020023 img201020024 img201020025 img201020026 img201020027 img201020028 img201020029