ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  គិតមកដល់ពេលនេះ អ្នកចាក់វ៉ាក់សាំងការពារជម្ងឺកូវី...

គិតមកដល់ពេលនេះ អ្នកចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ដូសទី១ បានជិត៦លាននាក់ហើយ អាចបញ្ចប់មុនផែនការមេរហូតដល់៧ទៅ៨ខែ សម្រាប់គម្រោងចាក់១០លាននាក់នៅព្រះរាជាណាចក្រកម្ពុជា

ថ្ងៃចេញផ្សាយ: Tuesday, July 20, 2021, 12:23 PM

img197212 img197215

 

 

 

 

 

            គិតមកដល់ពេលនេះ ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ដូសទី១ បានចំនួន ជិត៦លាននាក់ហើយ ខណៈដែលអ្នកចាក់វ៉ាក់សាំងដូសទី២ បានចំនួនជាង៤លាននាក់ ហើយការងារនេះរាជរដ្ឋាភិបាលបានជម្រុញការចាក់អោយបានរួចរាល់សម្រាប់មនុស្ស១០លាននាក់ ក្នុងរង្វង់ខែតុលាឬខែវិច្ឆិកាឆ្នាំ២០២១ខាងមុខនេះ មានន័យថា នឹងអាចបញ្ចប់មុនផែនការមេរហូតដល់៧ទៅ៨ខែ។

            នេះបើតាមការបង្ហាញឱ្យដឹងក្នុងអង្គប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Conference) ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.ប.ក) ដោយមានការចូលពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ។

            ក្នុងកិច្ចប្រជុំនោះ លោកជំទាវវេជ្ជបណ្ឌិត  ឱ  វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិ   បាលបានបញ្ជាក់អោយដឹងថា ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ដូសទី១ មានចំនួន ៥.៩១២.៥៤៥នាក់ (ស្រី មាន ២.៩៤៥.៦៨២នាក់ ស្មើនឹង ៤៩,៨២%) ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងទាំង២ដូស មានចំនួន ៤.១៣១.០៥៧នាក់ ស្មើនឹង ៦៩,៨៧% នៃចំនួនអ្នកបានចាក់ដូសទី១ (ស្រី៖ ១.៤០២.៣១០នាក់ ស្មើនឹង ៤៨.៣១%)

            លោកជំទាវបន្តថា អង្គការ WHO និង UNICEF មានចំណាប់អារម្មណ៍ខ្ពស់លើការងារចាក់វ៉ាក់សាំង តាម រយៈការចូលរួមចុះពិនិត្យដល់ទីតាំងចាក់វ៉ាក់សាំងផ្ទាល់ ដែលបានជួយផ្សាយនូវព័ត៌មាន ដល់អន្តរជាតិ អំពីការយកចិត្តទុកដាក់ប្រកបដោយភាពវៃឆ្លាត និងគតិបណ្ឌិត របស់សម្តេចតេជោនាយករដ្ឋមន្តី លើការផ្តល់លទ្ធភាពក្នុងការទទួលបានវ៉ាក់សាំងដោយស្មើភាពគ្នា និងមានសន្ទុះលឿន ជូនដល់ប្រជាជនកម្ពុជា និងជនបរទេស ដែលកំពុងបំពេញបេសកម្ម និងរស់នៅស្របច្បាប់នៅកម្ពុជា។

            ចំពោះការសម្រេចពីប្រមុខរាជរដ្ឋាភិបាល និងសំណូមពរ លោកជំទាវ បានលើកឡើងទៀតថា ដោយសារមានវ៉ាក់សាំងនៅសល់ក្នុងស្តុកចំនួន ៨០១.២០១ដូស នៅឃ្លាំងឱសថកណ្ដាល យោងតាមការណែនាំរបស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ត្រូវដកវ៉ាក់សាំងនេះក្នុងចំនួន ៦០០.០០០ដួស ដើម្បីបញ្ជូនទៅតាមទីតាំងដែលមានតម្រូវការវ៉ាក់សាំងជាបន្តទៀត។ រីឯ វ៉ាក់សាំងនៅសល់ចំនួន ៧៥៨.៨០២ ដួស នៅខាងកងទ័ព (គ.វ.ក-១៩) គោរពស្នើសុំឱ្យធ្វើការបង្វែរមក (គ.វ.ក-១៩) វិញ ឬក៏ធ្វើផែនការចាក់ជាមួយ (គ.វ.ក-១៩) ឱ្យបានច្បាស់លាស់ ដើម្បីឱ្យមានសង្គត់ភាពជាមួយផែនការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋដែលមានអាយុពី ១៨ឆ្នាំឡើងទៅឱ្យគ្រប់គោលដៅចំនួន ១០លាននាក់ ។ លោកជំទាវបន្តថាការចាក់ជូនប្រជាជនដែលនៅសេសសល់ប្រមាណជា ៧៣២.៤១១នាក់ទៀត ដែលត្រូវប្រើវ៉ាក់សាំងប្រហែលជា លើសពី ១លានដូសបន្ថែមទៀត (ថ្មីៗនេះ សម្ដេចតេជោ បានអនុញ្ញាតឱ្យទិញសម្រាប់សាគួរ ប្រើប្រាស់វ៉ាក់សាំងចំនួន ១លានដួសបន្ថែម)។

យោងសាររបស់ សម្តេចតេជោ ខាងលើដែរ នឹងប្រើប្រាស់កម្លាំងក្រុមគ្រូពេទ្យរដ្ឋ បើកយុទ្ធនាការចាក់វ៉ាក់សាំងដល់ កុមារ និងយុវវ័យដែលមានអាយុ ១២ឆ្នាំ ដល់ ១៨ឆ្នាំ ប្រមាណជាជិត ២លាននាក់ ដែលនឹង (ត្រូវការ   វ៉ាក់សាំងប្រមាណជាជិត៤លានដូស) ៕

img197214 img197216 img197212 img197217 img197211 img197213