ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  កម្មករដែលត្រឡប់មកពីស្រុកកំណើត វិញនឹងដាក់ ឱ្យនៅដ...

កម្មករដែលត្រឡប់មកពីស្រុកកំណើត វិញនឹងដាក់ ឱ្យនៅដាច់ដោយឡែកពីគេឯងចំនួន១៤ថ្ងៃនៅទីតាំងចំនួន១០កន្លែងនៅក្នុងរាជធានី

ថ្ងៃចេញផ្សាយ: Monday, April 20, 2020, 10:39 AM

img19042011 img19042007

 

 

 

 

 

             កម្មករ កម្មការិនី ដែលត្រឡប់មកពីស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរកន្លងមកនេះ អាជ្ញាធររាជធានីភ្នំពេញ អនុវត្តតាមក្រសួងការងារ និងក្រសួងសុខាភិបាល នឹងដាក់អោយពួកគាត់នៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ។ ការអនុវត្តវិធានការបែបនេះ គឺដើម្បីសុខមាលភាពរបស់កម្មករ កម្មការិនី ដែលបម្រើការនៅតាមរោងចក្រទាំងអស់ ជៀសផុតពីជម្ងឺកូវីដ-១៩។

            នេះជាការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដែល ឯកឧត្តម ដឹកនាំក្រុមការងារមន្ទីរសុខាភិបាលរាជធានីពេញ ចុះពិនិត្យមណ្ឌលត្រួតពិនិត្យសុខភាពបណ្តោះអាសន្ន នៅវិទ្យាល័យ  ជម្ពូវ័ន្ត អនុវិទ្យាល័យគោកបញ្ជាន់ និងវិទ្យាល័យឫស្សីកែវ រាជធានីភ្នំពេញ ដែលជាទីកន្លែងសម្រាប់ត្រៀមដាក់កម្មករឱ្យនៅដាច់ដោយឡែក កាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ។

            មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា នៅរាជធានីភ្នំពេញយើងមានមណ្ឌលត្រួតពិនិត្យសុខភាព      បណ្តោះអាសន្ន ចំនួន១០កន្លែង ហើយមណ្ឌលត្រួតពិនិត្យសុខភាពបណ្តោះអាសន្នដែលធំជាងគេគឺមាន៣ទីតាំងខាងលើ ក្នុងនោះវិទ្យាល័យជម្ពូវ័ន្ត មានចំនួន៥០បន្ទប់ អនុវិទ្យាល័យគោកបញ្ជាន់ ចំនួន៣៩បន្ទប់ និងវិទ្យាល័យ   ប្ញស្សីកែវ ចំនួន ៤៩បន្ទប់ ដោយ១បន្ទប់ ដាក់មនុស្ស ២នាក់ ប៉ុណ្ណោះ។

            មន្ត្រីដដែលបញ្ជាក់ថា ក្រោយពីមណ្ឌលត្រួតពិនិត្យសុខភាពបណ្តោះអាសន្ពណាមួយរកឃើញថាមាន   កម្មករកម្មការិនីណាម្នាក់មានកំដៅខ្ពស់ ឬមានសញ្ញាអ្វីខុសពីប្រក្រតីយើងនឹងបញ្ជូនមកស្នាក់នៅវិទ្យាល័យជម្ពូវ័ន្ត ដែលជាទីតាំងធំនេះតែម្តង ដើម្បីបន្តពិនិត្យតាមដានបន្តទៀត។

            ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ក្នុងនាមអាជ្ញាធរដែនដី ក៏ដូចជារាជរដ្ឋាភិបាល យើងអត់យកទោសពៃអីទេ ការដាក់ឱ្យកម្មករ កម្មការិនី ដែលត្រឡប់មកពីស្រុកកំណើតដាក់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល គឺធ្វើឡើងដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋ កម្មករ កម្មការិនីទាំងអស់គ្នា។ បើអាជ្ញាធរមិនចាត់វិធានការបែបនេះទេ ប្រសិនបើមានកម្មករ កម្មការិនីណាម្នាក់មានផ្ទុកវីរុស COVID-19 អាចនឹងចម្លងដល់អ្នកដទៃ ព្រមទាំងអាចឱ្យរោងចក្រទាំងមូលប្រឈមមុខនឹងការបិទទ្វាររោងចក្រតែម្តង។ ដូច្នេះ ការអនុវត្តតាមវិធានការណ៍ណែនាំរបស់ក្រសួងការងារ គឺដើម្បីធ្វើយ៉ាងធានាដល់សុខមាលភាពរបស់កម្មករ កម្មការិនីទាំងអស់គ្នា។

            ឯកឧត្តម ឃួង ស្រេង មានជំនឿថា ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នេះនឹងទទួលបានជោគជ័យ តាមរយៈការដាក់ចេញនូវវិធានការច្បាស់លាស់ ម៉ឹងម៉ាត់ជាពិសេសនៅតាមបណ្តារាជធានី-ខេត្ត គឺមានគណៈកម្មការទទួលខុសត្រូវលើជំងឺនេះតាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ។

            គួរជម្រាបថា នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា ដាក់កម្មករ និយោជិត ដែលទៅស្រុកលេងចូលឆ្នាំរយៈពេល១៤ថ្ងៃ មុនឱ្យពួកគេចូលធ្វើការវិញ ដើម្បីបង្ការការចម្លងជំងឺកូវីដ១៩។ ដោយឡែកកម្មករ និយោជិត ដែលត្រឡប់មកពីចូលឆ្នាំវិញ ត្រូវតែដាក់ឱ្យនៅដាច់ដោយឡែកជាចាំបាច់ ហើយត្រូវតាមដានសុខភាពជាប្រចាំ។ វិធានការនេះធ្វើឡើង ដើម្បីកុំឱ្យមានការចម្លងរាតត្បាតជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។

            រយៈពេល ១សប្តាហ៍មកហើយ ចាប់តាំងពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ មកទល់នឹងពេលនេះ មិនមានករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាទេ ខណៈដែលអ្នកជំងឺកូវីដ១៩ ដែលបានជាសះស្បើយនៅ   កម្ពុជា បានកើនឡើងជាបន្តបន្ទាប់។

            សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ ករណីជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា មានត្រឹម១២២ករណីដដែល ខណៈដែលអ្នកជាសះស្បើយ កើនដល់១០៥នាក់ នៅទូទាំងប្រទេស និងមានអ្នកជំងឺប្រមាណ១៧នាក់ប៉ុណ្ណោះ កំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

img19042009 img19042001 img19042002 img19042006 img19042004 img19042005 img19042003 img19042008