ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល បើកកិច...

រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល បើកកិច្ចប្រជុំដើម្បីរិះរកគ្រប់មធ្យោបាយ ប្រយុទ្ធ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta)

ថ្ងៃចេញផ្សាយ: Tuesday, August 17, 2021, 6:19 PM

img1782113 img1782110

 

 

 

 

 

           ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា(Delta) ឱ្យមានប្រសិទ្ធភាព នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរទាំង១៤ខណ្ឌ ក្នុងគោលបំណងរិះរកគ្រប់មធ្យោបាយ ដើម្បីឈានទៅរកការកាត់ផ្តាច់អោយបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នេះ។

            ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា កាលពីខែធ្នូ ឆ្នាំ២០២០។មជ្ឈមណ្ឌលទប់ស្កាត់ជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក បានកត់សម្គាល់ថា មេរោគនេះ មានសមាសធាតុឆ្លងខ្លាំងបំផុត បើធៀបនឹងវីរុសកូវីដ-១៩ ប្រភេទមុនៗ។ ភាពសាហាវរបស់មេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតា (Delta) គឺឆ្លងរាលដាលក្នុងល្បឿនលឿនជាងវីរុសកូវីដ-១៩  ប្រភេទផ្សេងៗទៀត ហើយជាប្រភេទមេរោគដែលសកលលោកទាំងមូលទទួលស្គាល់ថា ងាយឆ្លងបំផុតនាពេលបច្ចុប្បន្ន ពោលគឺឆ្លងក្នុងល្បឿន ពី១០ទៅ១៥នាក់ ក្នុងពេលតែមួយ លឿនជាងមេរោគកូវីដ-១៩ ប្រភេទមុនៗ ។

            ឯកឧត្តម ឃួង ស្រេង បន្តទៀតថា គិតត្រឹមដើមខែសីហា ឆ្នាំ២០២១ មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) មានវត្តមាននៅក្នុងប្រទេស និងដែនដីសរុបចំនួន ១២៤ប្រទេស ក្នុងពិភពលោក។ ដោយឡែកនៅ ព្រះរាជាណាចក្រកម្ពុជា មេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតា (Delta)នេះ ត្រូវបានរកឃើញដំបូងកាលពីចុងខែមិថុនា ឆ្នាំ២០២១ លើពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែនគោកកម្ពុជា-ថៃ។ គិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) លើពលករត្រឡប់មកពីប្រទេសថៃ និងប្រទេសវៀតណាម អ្នកដំណើរតាមជើងហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិនៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន ៤៩៤នាក់ (ស្រ្តីចំនួន ២៩៣នាក់) ក្នុងមូលដ្ឋាន ចំនួន ២២ រាជធានី-ខេត្ត លើកលែងខេត្តចំនួន៣ ដែលមិនទាន់រកឃើញវត្តមានមេរោគនេះ គឺ ខេត្តកែប ខេត្តតាកែវ និងខេត្តក្រចេះ។ ដោយឡែកសម្រាប់មូលដ្ឋានរាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ អ្នកជំងឺកូវីដ-១៩ ដែលត្រូវបានរកឃើញផ្ទុកមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ចំនួន ១១១នាក់ ដោយបែងចែកជា ៣ករណី ក្នុងនោះករណីនាំចូលដែលតា (Delta) លើអ្នកដំណើរតាមជើងហោះហើរ ករណីរកឃើញដែលតា (Delta) នៅតាមមន្ទីរពេទ្យ និងករណីរកឃើញដែលតា (Delta)នៅក្នុងសហគមន៍។

            ឯកឧត្តមបន្តទៀតថា ៖ ក្នុងរយៈពេលកន្លងមក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ប្រភេទបំប្លែងថ្មីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសហការយ៉ាងជិតស្និទ្ធជាមួយនឹងបណ្តាអនុគណៈកម្មការ នៃគ.អ.ក. និងអង្គភាពពាក់ព័ន្ធ ស្របតាមអភិក្រម រកឃើញឆាប់រហ័ស គ្រប់គ្រងបានលឿន និងការកាត់ផ្ដាច់ខ្សែច្រវាក់ការឆ្លងរាលដាលបានទាន់ពេលវេលា។

            ស្ថិតក្នុងបរិការណ៍នៃការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បណ្តាលមកពីមេរោគបំប្លែងខ្លួនថ្មី ជាពិសេសមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ដែលបាននឹងកំពុងវាយលុកយ៉ាងសកម្មក្នុងរយៈពេលចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្តសហការយ៉ាងជិតស្និទ្ធជាមួយនឹងបណ្តាអនុគណៈកម្មការនៃ គ.អ.ក.និងអង្គភាពពាក់ព័ន្ធ ស្របតាមអភិក្រម រកឃើញឆាប់រហ័ស គ្រប់គ្រងបានលឿន និងការកាត់ផ្ដាច់ខ្សែច្រវាក់ការឆ្លងរាលដាលបានទាន់ពេលវេលា។ យើងបានត្រៀមទីតាំងមណ្ឌលចត្តាឡីស័ក សម្រាប់ទទួលពលករមកពីព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-វៀតណាម ចំនួន ២ទីតាំង បន្ថែមទៀត រួមមាន (១) អនុវិទ្យាល័យប៊ុនរាំនី ហ៊ុនសែន វត្តភ្នំ មានចំនួន ២៥០គ្រែ និង (២) វិទ្យាល័យ ជាស៊ីម ឈូកវា មានចំនួន ៣០០គ្រែ សរុបមានលទ្ធភាពទទួលអ្នកចត្តាឡីស័កចំនួន ៥៥០គ្រែឬ ៥៥០នាក់។ ទី២ ៖ ត្រៀមមណ្ឌលព្យាបាលសម្រាប់ទទួលអ្នកជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី ដែលតា (Delta) ដែលមានសមត្ថភាពទទូលជំងឺជាង ១.៤០០គ្រែ ដោយកំណត់យកមណ្ឌលព្យាបាលក្ខវីដ-១៩ សែនសុខ២ (ព្រីមៀសែនសុខ) ក្នុងនោះគ្រែសម្រាប់អ្នកជំងឺកូវីដ-១៩ មានចំនួន ១.៣៥០គ្រែ និងគ្រែសង្គ្រោះ ៖ បន្ទាន់មានចំនួន ៨៨គ្រែ។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងកិច្ចប្រជុំនោះ ក៏បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះរដ្ឋបាលរាជធានីភ្នំពេញ កងកម្លាំងទាំងអស់ អាជ្ញាធរខណ្ឌទាំង១៤ និងក្រុមគ្រូពេទ្យទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ-១៩ រហូតមានការថយចុះ។ តែចុងក្រោយនេះក៏មានប្រភេទដែលតារីករាលដាលបន្ត ដែលជំរុញអោយយើងទាំងអស់គ្នាយកចិត្តទុកដាក់អោយបានខ្លាំងក្លាបន្ថែមទៀត។ ដូច្នេះហើយទើបយើងបង្កើតអោយមានកិច្ចប្រជុំនេះឡើង ដើម្បីរិះរកគ្រប់មធ្យោបាយ ឈានទៅរកការកាត់ផ្តាច់អោយបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នេះ៕

img178211 img1782114 img178213 img178216 img178214 img178218 img1782110 img178219 img1782111 img1782112 img178215 img178217