ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាង ៥.០០០គ្រួសារ ត្រូវប...

ពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាង ៥.០០០គ្រួសារ ត្រូវបានជម្លៀសមកទីទួលសុវត្ថិភាព ជាមួយការមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីកម្លាំងសមត្ថកិច្ច

ថ្ងៃចេញផ្សាយ: Friday, October 16, 2020, 3:01 PM

img161020b23 img161020b18

 

 

 

 

 

               ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលឈរជើងជាប់ជាប្រចាំនៅតំបន់រងគ្រោះដោយទឹកជំនន់ក្នុងខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ បានឱ្យដឹងថា រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋជាង ៥.០០០គ្រួសារហើយ ត្រូវបានជម្លៀសមកទីទួលសុវត្ថិភាព ជាមួយការមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ផែនការទី១ នៃការសង្គ្រោះប្រជាពលរដ្ឋ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ច បានរួមដៃគ្នាអនុវត្តទទួលបានជោគជ័យ និងគ្រប់គ្រងបានគ្រប់ស្ថានការណ៍ទាំងអស់។ ពលរដ្ឋដែលត្រូវជម្លៀសមកកន្លែងមានសុវត្ថិភាពនេះ រួមមាន នៅខណ្ឌកំបូល, ពោធិ៍សែនជ័យ និងខណ្ឌដង្កោ ដែលរងគ្រោះច្រើនជាងគេ។

បើតាមការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង ទីតាំងដែលរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឲ្យប្រជាពលរដ្ឋ ស្នាក់នៅបណ្តោះអាសន្ន មាន៥ទីតាំង ក្នុងនោះរួមមាន ទីតាំងសាក់សំពៅ គងនយ រលួស នៅក្នុងបុរីពិភពថ្មីគួរស្រូវ ២ និងទីតាំងមុខផ្សារព្រែកជ្រៃ។ ឯកឧត្តមសង្កត់ធ្ងន់ថា មិនត្រឹមតែសង្គ្រោះប្រជាពលរដ្ឋ មកលើទីទួលសុវត្ថិភាពទេ អាជ្ញាធរថែមទាំងបានរៀបចំផ្តល់អាហារជូនពួកគាត់ផងដែរ ប្រកបដោយការទទួលសុខត្រូវ និងអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការផ្គត់ផ្គង់ម្ហូបអាហរដល់កម្លាំងគ្រប់ប្រភេទថែមទៀត។

ឯកឧត្តម ឃួង ស្រេង បានថ្លែងយ៉ាងដូច្នេះថា «តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយក     រដ្ឋមន្ដ្រី បានឲ្យរដ្ឋបាលរាជធានីភ្នំពេញ រៀបចំផ្គត់ផ្គង់ស្បៀងអាហារជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសទឹក មិនឲ្យបងប្អូនខ្វះបរិភោគនោះទេ។ យើងក៏បានរៀបចំបាយទឹកជូនដល់កងកម្លាំងអ្នកជួយសង្គ្រោះ និងជួយអ្នកដែលជាជនរងគ្រោះ មិនឲ្យមានការខ្វះខាតទេ រាប់ទាំងអ្នកសារព័ត៌មានផងដែរ»

ក្នុងករណីទឹកជំនន់មិនទាន់ស្រកចុះ ឬក៏កាន់តែកើនឡើង អភិបាលរាជធានីភ្នំពេញ បានអះអាងថា កងកម្លាំងគ្រប់ប្រភេទត្រៀមអន្ដរាគមន៍ជួយដល់ប្រជាពលរដ្ឋ មិនបោះបង់ចោលប្រជាពលរដ្ឋម្នាក់ណាឡើយ ហើយនេះជាការប្ដេជ្ញាចិត្ត និងអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី។

គួរជម្រាបថា មូលដ្ឋានសង្កាត់ចំនួន៥ ក្នុងខណ្ឌដង្កោ កំពុងរងនូវការវាយប្រហារយ៉ាងដំណំពីទឹកជំនន់ រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចចម្រុះជាច្រើនរយនាក់ កំពុងធ្វើការសង្គ្រោះប្រជាពលរដ្ឋ និងជម្លៀសចេញពីលំនៅឋាន ដើម្បីយកទៅទីទួលសុវត្ថិភាព៕

img161020b19 img161020b17 img161020b21 img161020b16 img161020b15 img161020b14 img161020b13 img161020b12 img161020b24 img161020b25 img161020b11 img161020b10 img161020b09 img161020b08 img161020b07 img161020b06 img161020b05 img161020b04 img161020b03 img161020b02 img161020b01