ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ណែនាំឱ្...

ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ណែនាំឱ្យលោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា និងសិស្សានុសិស្ស ត្រូវគោរពប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ប្រតិបត្តិ ស្តង់ដា (SOP)

ថ្ងៃចេញផ្សាយ: Wednesday, September 15, 2021, 2:25 PM

img159218 img159217

 

 

 

 

 

            ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការផ្ដាំផ្ញើឱ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា និងសិស្សានុសិស្សទាំងអស់ ត្រូវគោរពប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ-១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា និងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩    ខណៈដែលសាលារៀនត្រូវបានបើកឱ្យដំណើរការឡើងវិញនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ។

ការលើកឡើងបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើង ខណៈដែល  ឯកឧត្តមដឹកនាំអាជ្ញាធរ និងមន្ទីរអប់រំយុវជន និងកីឡា ចុះពិនិត្យមើលការបើកឱ្យដំណើរការគ្រឹះស្ថានសិក្សារដ្ឋនិងឯកជនឡើងវិញ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ,វិទ្យាល័យចតុមុខ និងសាលារៀន ICS ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ដើម្បីអោយដំណើរការនៃការបើកសាលារៀនឡើងវិញជាជំហានដំបូងនេះទទួលបាននូវភាពជោគជ័យ ស្នើលោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា និងសិស្សានុសិស្សទាំងអស់ ត្រូវតែអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួង អប់រំ យុវជន និងកីឡា ពិសេសគឺការអនុវត្តនូវអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៣កុំ និង៣ការពារ។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ ពិតជាមានការព្រួយបារម្ភខ្លាំង ការបើកសាលាឡើងវិញនេះ ដោយហេតុនេះហើយ ទើបរដ្ឋបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់ខ្លាំងបំផុត ទៅលើការធ្វើតេស្តកូវីដ-១៩ លើលោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា និងអាណាព្យាបាលសិស្ស ជាមួយនិងការសម្អាតបរិស្ថានទីធ្លាសាលារៀន និងការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងសាលាផងដែរ។ ការងារនេះយើងមិនបញ្ចប់ត្រឹមនេះទេ គឺនៅតែបន្តធ្វើ ដើម្បីកុំឱ្យមានការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ដែលធ្វើយ៉ាងណាឱ្យដំណើរការនៃការបើកសាលារៀនឡើងវិញនេះទទួលបានភាពជោគជ័យ។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា ការបើកសាលារៀនឡើងវិញនេះ រដ្ឋបាលរាជធានីភ្នំពេញក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា មិនមានការបង្ខិតបង្ខំឱ្យសិស្សានុសិស្សត្រូវតែចូលមករៀន នៅក្នុងសាលាដាច់ខាតនោះទេ គឺស្ថិតទៅលើការស្ម័គ្រចិត្តរបស់ឪពុក ម្ដាយ អាណាព្យាបាលសិស្សានុសិស្ស ពោលគឺពួកគាត់ អាចចូលរៀននៅតាមសាលាក៏បាន ឬរៀនតាម Online ក៏បាន។

ពាក់ព័ន្ធនឹងការបើកសាលាឡើងវិញ ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា គ្រប់បណ្ដាគ្រឹះស្ថានរដ្ឋនិងឯកជន ដែលរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបើកឲ្យដំណើរការសម្រាប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ គឺរដ្ឋបាលរាជធានីភ្នំពេញ បានពិនិត្យឃើញថា សាលាទាំងអស់នោះ បានអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួង អប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញរួចហើយ៕

img159215 img159214 img1592112 img159218 img1592125 img1592124 img1592123 img1592122 img1592118 img1592121 img1592120 img1592119 img1592131 img1592130 img1592133 img1592134 img1592129 img1592127 img1592126 img159219 img1592110 img1592111 img159212 img159211 img1592117 img1592128