ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល បង្ហាញ...

រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល បង្ហាញពលរដ្ឋអោយជ្រួតជ្រាបពីការដាក់អ្នកជំងឺកូវីដ-១៩ ព្យាបាលនៅតាមផ្ទះ

ថ្ងៃចេញផ្សាយ: Tuesday, July 13, 2021, 3:33 PM

img13721a4 img13721a5

 

 

 

 

 

             រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការសហការជាមួយនឹងក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានរៀបចំធ្វើសន្និសីទសារព័ត៌មានមួយដើម្បីបង្ហាញពីនីតិវិធីមួយចំនួនជុំវិញការដាក់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាលព្យាបាលនៅតាមផ្ទះរបស់ខ្លួនបានយល់ និងអនុវត្តទៅតាមអ្វីដែលជាការណែនាំរបស់អាជ្ញាធរក៏ដូចជាក្រសួងសុខាភិបាល។

សន្និសីទសារព័ត៌មាននេះត្រូវបានធ្វើឡើងនៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល ដោយមានការចូលរួមពីអ្នកសារព័ត៌មានជាតិ អន្តរជាតិជាច្រើនរូបផងដែរ។

ឯកឧត្តម ង៉ូវ កាង បានមានប្រសាសន៍លើកឡើងថា សម្រាប់រាជធានីភ្នំពេញ យើងបានអនុវត្តនូវការព្យាបាលនៅតាមផ្ទះរយៈពីរខែហើយ ហើយក្នុងពេលនេះយើងក៏បានឃើញពីគុណសម្បត្តិ ជុំវិញការព្យាបាលជំងឺនៅតាមផ្ទះនេះដែរ។ ឯកឧត្តមបានបន្តទៀតថា ការព្យាបាលតាមផ្ទះ ត្រូវបានក្រសួងប្រកាសកាលពីថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២១ ហើយយើងបានប្រជុំពិភាក្សាបញ្ហានេះជាច្រើនលើកច្រើនសារហើយដែរ រហូតបានដាក់ចេញនូវវិធានការមួយចំនួនសម្រេចឲ្យមានការព្យាបាលអ្នកជំងឺកូវីដ-១៩នៅតាមផ្ទះដោយមិនមានហានិភ័យ។

ឯកឧត្តមបន្តទៀតថា បច្ចុប្បន្ននេះក្រសួងសុខាភិបាល បានបែងចែកមណ្ឌលព្យាបាលនៅកម្ពុជា ជាបីប្រភេទ ទីមួយគឺមណ្ឌលការព្យាបាលអ្នកជំងឺក្នុងកម្រិតស្រាលដែលអាចព្យាបាលនៅតាមផ្ទះបាន។ ទីពីរកន្លែងមណ្ឌល កម្រិតស្រាលរៀបចំដោយអាជ្ញាធររាជធានីភ្នំពេញ ឬក៏អាជ្ញាធរខេត្ត ដោយមានការគាំទ្រពីក្រសួងសុខាភិបាល។    ទី៣មន្ទីរពេទ្យដែលទទួលការព្យាបាលអ្នកជំងឺ មានកម្រិតធ្ងន់រហូតដល់ការប្រើប្រាប់អ៊ុកស៊ីសែន។ ឯកឧត្តមបន្តផងដែរថា ចំពោះការព្យាបាលនៅតាមផ្ទះនេះ ត្រូវតែមានលក្ខខណ្ឌមួយចំនួន ដូចជាក្រសួងពាក់ព័ន្ធត្រូវពិនិត្យមើលទៅលើលំនៅដ្ឋាននោះ ថាតើមានបន្ទប់ដាច់ដោយឡែកទេ មានបន្ទប់ទឹកដាច់ដោយឡែកទេ មានសមាជិកប៉ុន្មាននាក់ ដែលអាចនឹងអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះបាន។ បើមិនមានលក្ខខណ្ឌគ្រប់គ្រាន់ គឺមិនអនុញ្ញាតឲ្យមានការព្យាបាលនៅតាមផ្ទះឡើយ។ ឯកឧត្តមក៏បានបញ្ជាក់ដែរថា ការព្យាបាលតាមផ្ទះ មិនផ្ដោតសំខាន់ទៅលើការប្រើប្រាស់ថ្នាំពេទ្យនោះទេ។ ឯកឧត្តមជំរុញឲ្យអ្នកជំងឺដែលព្យាបាលតាមផ្ទះ ស្ថិតក្នុងស្ថានភាពស្រាល ឬ មិនមានរោគសញ្ញាទាំងនេះត្រូវហូបចុកឱ្យបានច្រើន ការផ្ដល់កម្លាំងចិត្ត ការអប់រំផ្លូវចិត្ត ការតាំងចិត្ត និងដេកឲ្យបានទៀងពេលនិងគ្រប់គ្រាន់ ជាមួយនិងការហាត់ប្រាណ។ ចំណែកឯការប្រើប្រាស់ថ្នាំ គឺប្រើទៅតាមទ្រង់ទ្រាយនៃជំងឺប៉ុណ្ណោះ ដូចជាមានជំងឺផ្តាសាយ យើងត្រូវប្រើប្រាស់ថ្នាំផ្តាសសាយប៉ុណ្ណោះ។

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងផងដែរថា ការព្យាបាលនៅតាមផ្ទះនេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរួចរាល់ហើយ ហើយយើងក៏បានអនុវត្តបានមួយជំហានហើយដែរ ដោយគិតមកដល់ពេលនេះ មានអ្នកទទួលការព្យាបាលតាមផ្ទះមានចំនួន ១.០៣៣នាក់ និងមានអ្នកជាសះស្បើយចំនួន ២៦៨នាក់ហើយដែរ។ ឯកឧត្តម កើត ឆែ បានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋអ្នកជំងឺកូវីដ-១៩ ដែលព្យាបាលនៅតាមផ្ទះ សូមទាក់ទងមកលេខទូរស័ព្ទ ទាន់ហេតុការណ៍គឺលេខ ១២២២ នោះអាជ្ញាធរក៏ដូចជាក្រុមគ្រូពេទ្យអាចទៅជួយបងប្អូនបានភ្លាមៗ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្តម កើត ឆែ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមសហការជាមួយអាជ្ញាធរក៏ដូចជាក្រសួងសុខាភិបាល ដើម្បីរួមគ្នាកាត់ផ្ដាច់ឲ្យបាននូវការរីករាលដាលជំងឺកូវិដ-១៩ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនេះ ជាពិសេសគឺការកុំជួបជុំផឹកស៊ី កុំលួចបើកខារ៉ាអូខេ ក្លឹបកំសាន្តជាដើម។ អ្នកដែលបង្កើតឱ្យមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ប្រឈមនឹងការផាកពិន័យជាមួយនឹងការបញ្ជូនទៅតុលាការ មានទោសទណ្ឌថែមទៀតផង។

ឯកឧត្តមបញ្ជាក់ថា បើយើងបានរងគ្រោះដោយកូវីដ-១៩ហើយ គួរកុំឲ្យល្មើសនឹងច្បាប់ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩រហូតដល់មានការផាកពិន័យនិងមានទោសទណ្ឌថែមទៀតឲ្យសោះ៕

img13721a6 img13721a1 img13721a3 img13721a2