ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ប្រកាសរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលខណ្ឌចំការមន

ប្រកាសរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលខណ្ឌចំការមន

ថ្ងៃចេញផ្សាយ: Thursday, February 13, 2020, 2:08 PM

img12022006img12022004

 

 

 

 

            កាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០​នេះ មានការរៀបចំពិធីប្រកាសរចនាសម្ពន្ធ័ថ្មី នៃរដ្ឋបាលខណ្ឌចំការមន រាជធានីភ្នំពេញ។ ពិធីនេះដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកត្តម នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោក ថេង សុថុល អភិបាលខណ្ឌចំការមនព្រមទាំងមន្រ្តីរាជការនៃសាលាខណ្ឌចំការមនជាច្រើនរយនាក់ផងដែរ។

ក្នុងពីធីនោះគណៈអធិបតីបានលើកឡើងថា ដោយមានការរៀបចំ​ដាក់​ឲ្យ​អនុវត្ត​នូវ​អនុក្រឹត្យ​ស្ដីពី​មុខងារនិង​រចនាសម្ព័ន្ធ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ និង​អនុក្រឹត្យ ស្ដីពី​ការ​ប្រគល់​មុខងារ និង​ផ្ដល់​សេវា​សុខាភិបាល​ទៅ​ឲ្យ​រដ្ឋបាល​រាជធានី ខេត្ត គឺជា​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​របស់​រាជរដ្ឋាភិបាលដែល​កើត​ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​កម្មវិធី​កំណែទម្រង់​ស្នូល​ទាំង​បី​រួមមាន​ដូចជា កំណែទម្រង់​វិមជ្ឈការ និង​វិស​ហមជ្ឈការ​, កំណែទម្រង់​ការគ្រប់គ្រង​រដ្ឋបាល​សាធារណៈ​, និង​កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ព្រមទាំង​ការ​គាំទ្រនិង​ការចូលរួម​យ៉ាង​សកម្ម​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ។ ជាមួយគ្នានេះ​ កម្មវិធី​ជាតិ​១០​ឆ្នាំ បានផ្តោត​លើ​សមាសធាតុ​ទាំង​៥ រួមមាន៖​ ការរៀបចំ​ស្ថាប័ន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​, ការរៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​ និង​អភិវឌ្ឍ​ធនធានមនុស្ស​សម្រាប់​រ​ដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ​, ការផ្ទេរ​មុខងារ និង​ធនធាន​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ,ការធ្វើ​វិមជ្ឈការ​ហិរញ្ញវត្ថុ​, និងការរៀបចំ​ស្ថាប័ន​គាំទ្រ​កំណែទម្រង់​វិមជ្ឈការ និង​វិស​ហមជ្ឈការ។
ចាប់ពីដើមឆ្នាំ២០២០ទៅ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្ទេរមុខងារ និងរចនាសម្ព័ន្ធទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិនៅលើវិស័យធំៗចំនួន១៨រួមមាន៖១.វិស័យរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងភូមិបាល, ២.វិស័យអភិវឌ្ឍន៍ជនបទ, ៣.វិស័យធនធានទឹក, ៤.វិស័យបរិស្ថាន និងធនធានធម្មជាតិ, ៥.វិស័យរ៉ែ និងថាមពល,     ៦.វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ៧.វិស័យសាធារណការ និងដឹកជញ្ជូន, ៨.វិស័យឧស្សាហកម្ម និងសិប្បកម្ម, ៩.វិស័យពាណិជ្ជកម្ម, ១០.វិស័យទេសចរណ៍, ១១.វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា,       ១២.វិស័យកិច្ចការនារី, ១៣.វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ១៤.វិស័យធម្មការ និងសាសនា, ១៥.វិស័យវប្បធម៌ និងវិចិត្រសិល្បៈ, ១៦.វិស័យប្រៃសណីយ៍ និងទូរគមនាគមន៍, ១៧.វិស័យសុខាភិបាល, ១៨.វិស័យអប់រំ។

ការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលអោយស្របទៅតាមស្ថានភាពជាក់ស្តែង​របស់រាជរដ្ឋាភិបាលកម្ពុជា ពីមួយអាណត្តិទៅមួយអាណត្តិគឺមិនមែនជារឿងចៃដន្យឡេីយ​ តែបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ជានាយករដ្ឋមន្ត្រី ចំពោះបុព្វហេតុបម្រេីប្រជាជនជាម្ចាស់ឆ្នោតនិងធ្វេីអោយប្រទេសជាតិកាន់តែមានការរីកលូតលាស់លេីគ្រប់វិស័យ៕

img12022002img12022004img12022005