ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ក្រៅពីផាកពិន័យអ្នកមិនគោរពច្បាប់ចរាចរណ៍ ប៉ូលីសត្...

ក្រៅពីផាកពិន័យអ្នកមិនគោរពច្បាប់ចរាចរណ៍ ប៉ូលីសត្រូវចែកម៉ាស់ជូនអ្នកដំណើរជាមួយនិងការណែនាំអោយពួកគាត់ពាក់ម៉ាសជាប្រចាំ

ថ្ងៃចេញផ្សាយ: Thursday, November 12, 2020, 9:34 AM

img11112005 img11112001

 

 

 

 

 

           អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ចំពោះប៉ូលីសចរាចរណ៍ ដែលដាក់គោលដៅត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្សេងៗ ក្នុងរាជធានីភ្នំពេញ អាចផាកពិន័យទៅលើអ្នកមិនគោរពច្បាប់ចរាចរណ៍ តែក៏ត្រូវពិនិត្យមើលទៅលើប្រជាពលរដ្ឋផងដែរ បើពួកគាត់ ធ្វើដំណើរតាមដងផ្លូវមិនពាក់ម៉ាស់យើងត្រូវប្រគល់ម៉ាស់ជូនពួកគាត់ជាមួយនិងការណែនាំអោយពួកគាត់ពាក់ម៉ាសជាប្រចាំ។

            ការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនារាត្រីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្នុងពិធីប្រគល់និងទទួលម៉ាស់របស់សម្តេចតេជោចំនួន២លានម៉ាស់ ក្រោមវត្តមាន ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅសាលារាជធានីភ្នំពេញ ។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ម៉ាស់ក្រណាត់ទាំង២លាននេះគឺជាអំណោយរបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់អោយមកសាលារាជធានីភ្នំពេញ តាមរយៈរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីយកទៅប្រគល់ជូនទៅដល់ប្រជាពលរដ្ឋក្រីក្រដែលមិនមានលទ្ធភាពក្នុងការទិញម៉ាក់យកមកប្រើប្រាស់។ ម៉ាស់ទាំងនេះ ប្រគល់ជូនទៅខណ្ឌទាំង១៤នៅក្នុងរាជធានីភ្នំពេញ ប្រគល់ជូនកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជូនស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ។   

            ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា សម្ដេចតេជោហ៊ុនសែន តែងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយកន្លងមកនេះ សម្ដេចបានជួយប្រជាពលរដ្ឋរងគ្រោះដោយការលិចលង់ដោយទឹកជំនន់ ហើយមកដល់ពេលនេះសម្ដេចនៅបានបន្តចែកម៉ាស់ជូនប្រជាពលរដ្ឋក្រីក្រថែមទៀត ដើម្បីឲ្យប្រជាពលរដ្ឋមានលទ្ធភាពក្នុងការការពារនូវជំងឺកូវី-១៩ ។

            ឯកឧត្តមបញ្ជាក់ថា ម៉ាស់នេះ អាចប្រគល់ជូនប្រជាពលរដ្ឋម្នាក់២ម៉ាស់ ដោយម៉ាស់នេះអាចបោកគក់បាន ហើយក៏អាចប្រើប្រាស់បានពី ២ខែ ទៅ៣ខែផងដែរ បើយើងចេះថែរក្សាវាបានល្អ។

ឯកឧត្តមក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាពាក់ម៉ាស់ការពារទាំងអស់គ្នា ដើម្បីទប់ស្កាត់នូវការឆ្លងជំងឺកូវីដ-១៩។

            ដោយឡែក ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់រួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នេះ ពិសេសចំពោះអ្នកដែលកំពុងចត្តាឡីស័ក ត្រូវ   អនុវត្តឱ្យបានត្រឹមត្រូវទៅតាមការណែនាំរបស់លោកគ្រូពេទ្យ ក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវនៅដាច់ដោយឡែកពីគេឯង ដើម្បីកុំឲ្យមានការចម្លងទៅអ្នកដទៃផ្សេងទៀត៕

img111120015 img11112006 img11112007 img11112008 img111120010 img111120011 img111120014 img111120013