ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាំយកអំ...

ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាំយកអំណោយសម្ដេចតេជោ ចែកជូនដល់កម្មករ កម្មការីនីរោងចក្រ និងប្រជាពលរដ្ឋ ប្រមាណ២ម៉ឺនគ្រួសារនៅសង្កាត់ចោមចៅទី១ ដែលត្រូវបានបិទខ្ទុបភូមិដ្ឋាន

ថ្ងៃចេញផ្សាយ: Sunday, April 11, 2021, 6:39 PM

img110421c15 img110421c8

 

 

 

 

 

             ប្រជាពលរដ្ឋ និងកម្មករ កម្មការីនីរោងចក្រប្រមាណ២ម៉ឺនគ្រួសារ រស់នៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ ដែលត្រូវបានអាជ្ញាធរបង្ខំចិត្តអោយបិទខ្ទុបភូមិដ្ឋាន នឹងទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ជាបន្តបន្ទាប់ ដើម្បីរំលែកការលំបាក ខណៈដែលពួកគាត់បាននឹងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ តាមបន្ទប់ជួលដើម្បីកាត់បន្ថយឲ្យបាននូវការឆ្លងរាលដាលនូវជំងឺកូវីដ-១៩។

            នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលឯកឧត្តម ដឹកនាំអាជ្ញាធរ និងមន្ត្រីចុះចែកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋ និងកម្មករ-កម្មការនី ចំនួន ១.០០០គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ តាមបន្ទប់ នៅក្នុងភូមិត្រពាំងថ្លឹងទី២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ នារសៀលថ្ងៃអាទិត្យទី១១ ខែមេសា ឆ្នាំ២០២១នេះ។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ៖បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការីនីរោងចក្រ រស់នៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ ដែលត្រូវបានអាជ្ញាធរបង្ខំចិត្តអោយបិទខ្ទុបភូមិដ្ឋាន ដើម្បីកាត់បន្ថយឲ្យបាននូវការឆ្លងរាលដាលនូវជំងឺកូវីដ-១៩នេះ មានប្រមាណ២ម៉ឺនគ្រួសារ ហើយក្នុងចំនួននេះ យើងត្រូវចែកអំណោយជូនពួកគាត់ជាតំណាក់កាល មិនអាចចែកម្តងទាំងអស់នោះទេ។ ជាក់ស្តែងនៅរសៀលថ្ងៃនេះ យើងត្រូវចែកជូនពួកគាត់ចំនួន ១.០០០គ្រួសារ ហើយក្នុង១ពាន់គ្រួសារនេះ មិនមែនចែក១លើនោះដែរ  ដោយត្រូវចែកជា៤លើក មានន័យថា ក្នុងមួយលើកត្រូវចែកត្រឹមតែ ២៥០គ្រួសារប៉ុណ្ណោះ ដោយធ្វើការផ្លាស់ប្តូរគ្នា ដើម្បីរក្សាគម្លាតសុវត្ថិភាព។ ថ្ងៃបន្តបន្ទាប់មកទៀតយើងនឹងបន្តចែកជូនបន្ថែមទៀត គឺមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់ឃ្លាននោះទេ ។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍បន្តទៀតថា៖ការបិទខ្ទប់លំនៅដ្ឋានរបស់បងប្អូន អាជ្ញាធរធ្វើឡើងដោយការបង្ខំចិត្តទេ ដូច្នេះ សូមបងប្អូនមេត្តាយោគយល់ ព្រោះវាជាវិធានដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។

            ឯកឧត្តម ក៏បានស្នើសុំផងដែរថា ចំពោះបងប្អូនដែលត្រូវបិទភូមិដ្ឋាននេះ សូមបងប្អូន គួរកុំធ្វើទំនាក់ទំនង ជជែកគ្នាលេង ផឹកស៊ីជុំគ្នា ឬសាកសួរសុខទុក្ខគ្នា ពីផ្ទះមួយទៅផ្ទះមួយអោយសោះ យើងគួររួមគ្នាទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា ។

            ឯកឧត្តម ឃួង ស្រេង បញ្ជាក់ដែរថា៖ អំណោយដែលត្រូវចែកជូននៅពេលនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥គីឡូ, មី១កេស, ត្រីខ ២០កំប៉ុង រួមទាំងថវិកា៣០ម៉ឺនរៀល។

            ឯកឧត្តមបានបន្ដថា ៖សម្ដេចទាំងទ្វេរ បានយកចិត្តទុកដាក់ណាស់ ចំពោះប្រជាពលរដ្ឋកម្ពុជាទាំងមូល ជាពិសេសប្រជាពលរដ្ឋដែលកំពុងសម្រាក ធ្វើចត្តាឡីស័កនៅតាមផ្ទះ តាមបន្ទប់ជួល ក៏ដូចជាតាមមណ្ឌលផ្សេងៗ   ទៀត។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលកំពុងធ្វើចត្តាឡីស័ក បន្តយកចិត្តទុកដាក់ធ្វើចត្តា-ឡីស័ក ឲ្យបានគ្រប់ចំនួន១៤ថ្ងៃ ដែលក្រសួងសុខាភិបាលបានកំណត់ ៕

img110421c14 img110421c13 img110421c12 img110421c11 img110421c9 img110421c10 img110421c8 img110421c7 img110421c6 img110421c5 img110421c4 img110421c3 img110421c2 img110421c1