ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជ...

បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Monday, January 11, 2021, 3:37 PM

img11012021005 img11012021006

 

 

 

 

             ការរក្សាអោយបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ និងការទប់ស្កាត់ ការបំពងសំឡេងរំខាននានានៅតាមទីសាធារណៈត្រូវបានលើកឡើងក្នុងអង្គប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១២នេះ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្តមអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងអភិបាលខណ្ឌទាំង១៤ ព្រមទាំងមន្ទីរចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញមួយចំនួនទៀត។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជាបញ្ហាមួយដែលអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទ ត្រូវតែយកចិត្តទុកដាក់ជាប្រចាំ ដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសផ្សេងៗ ទទួលបាននូវការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានជំរុញអោយអាជ្ញាធរខណ្ឌទាំង១៤ បន្តការចុះតាមបុរីនានា នៅក្នុងរាជធានីភ្នំពេញ ដោយចងក្រងជាកម្លាំង ហើយបើមានបញ្ហាដែលដោះស្រាយបាន គឺត្រូវដោះស្រាយភ្លាមជូនប្រជាពលរដ្ឋ ហើយបើបញ្ហាដែលមិនអាចដោះស្រាយបាន ត្រូវរាយការណ៍ជូនមកថ្នាក់រាជធានីភ្នំពេញ ដើម្បីអោយថ្នាក់រាជធានីបន្តដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋបន្តទៀត។

ពាក់ព័ន្ធនឹងម៉ូតូធំៗដែលបានបង្កសំឡេងរំខាន ក៏ដូចជាម៉ូតូដែលកែច្នៃស៊ីម៉ាំង រំខានដល់ប្រជាពលរដ្ឋ ឯកឧត្តម ឃួង ស្រេង ក៏បានលើកឡើងផងដែរ ដោយឯកឧត្តមបញ្ជាក់ថា ការទប់ស្កាត់ម៉ូតូបំពងសម្លេងរំខាននេះ អាជ្ញាធរក៏​ដូចជាកម្លាំងមានសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួន ឃាត់ម៉ូតូបានចំនួន៦០គ្រឿងហើយ ក្នុងចំនួននេះឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យមន្ទីរពាក់ព័ន្ធពិសេសគឺមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីរបរិស្ថានរាជធានីភ្នំពេញ ត្រូវចុះផ្ទាល់ទៅដល់ទីតាំងដែលបានឃាត់ទុកនៅរសៀលថ្ងៃនេះ ដើម្បីធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងការប៉ះពាល់ទៅលើបរិស្ថាន មុននឹងប្រគល់ឲ្យម្ចាស់ម៉ូតូវិញ ។ ប៉ុន្តែទោះបី ជាយ៉ាងណាក្តី ឯកឧត្តមបញ្ជាក់ថា ម៉ូតូដែលមានសំឡេងបំពងខុសលក្ខណៈបច្ចេកទេសគឺនៅរក្សាទុកដដែល ដោយរង់ចាំការណែនាំពីក្រសួងមហាផ្ទៃ។

ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា កម្លាំងមានសមត្ថកិច្ចរបស់រាជធានី មិនបានចាប់ម៉ូតូធំៗនេះពីក្នុងផ្ទះប្រជាពលរដ្ឋដូចការលើកឡើងរបស់ជនអគតិមួយចំនួនណានោះទេ។

ក្រៅពីបញ្ហាទាំងប៉ុន្មានខាងលើនេះ ឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការណែនាំអោយអភិបាលខណ្ឌទាំង១៤ មានវិធានការឲ្យបានម៉ឺងម៉ាត់ និងតឹងរឹងបំផុតចំពោះសំណង់ដែលបាននឹងកំពុងសាងសង់នៅក្នុងរាជធានីភ្នំពេញ ដោយធ្វើយ៉ាងណាកុំឲ្យមានហានិភ័យ ដូចជាការធ្លាក់វត្ថុរឹងពីលើអគារខ្ពស់ៗ បង្កឲ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋទៀត។

ស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ស ថេត បានបញ្ជាក់ផងដែរថា នៅក្នុងរាជធានីភ្នំពេញមាន សន្តិសុខសណ្ដាប់ធ្នាប់ល្អប្រសើរហើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងក៏នៅតែមានបញ្ហាប្រឈមមួយចំនួនផងដែរ ដែលយើងត្រូវតែបន្តយកចិត្តទុកដាក់នោះគឺ បញ្ហាគ្រឿងញៀន ដែលមកដល់ពេលនេះបទល្មើសគ្រឿងញៀន ការសេពគ្រឿងញៀននៅតែបន្តកើតមាន ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាដើម្បីទប់ស្កាត់ ។ ឯកឧត្តមបញ្ជាក់ផងដែរថា រាល់បទល្មើសដែលបានកើតឡើងភាគច្រើន ជនបង្កបទល្មើសភាគច្រើនជាអ្នកដែលមានសារធាតុញៀន។ បូរីមួយចំនួននៅតែកើតមាននូវបទល្មើសលួច និងគាស់ផ្ទះ ដែលយើងជាកងកម្លាំងមានសមត្ថកិច្ចត្រូវបន្តការយកចិត្តទុកដាក់ចំពោះបទល្មើសទាំងនេះ។ ក្រៅពីនេះក្នុងរយៈពេលមួយខែ ពីរខែនេះ បទល្មើសដែលផ្ដើមពីក្រុមក្មេងទំនើង ក៏បានកម្រើកឡើងវិញផងដែរ ដោយក្រុមនេះបានប្រមូលផ្ដុំគ្នាជាក្រុម មានដាវ ស្នាប់ដៃ បង្កភាពអនាធិបតេយ្យវាយតប់គ្នា។ ករណីនេះយើងក៏បានធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្នុងនាមជាកងកម្លាំង ត្រូវតែខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ឲ្យបាន រក្សាភាពកក់ក្តៅជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ៕

img11012021003 img11012021012 img11012021008 img11012021011 img11012021010 img11012021009 img11012021007 img11012021001