ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញ រៀបចំផែនការគ្រប់គ្រងការរី...

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំផែនការគ្រប់គ្រងការរីករាលដាលជំងឺកូទីដ-១៩ នៅតាមរោងចក្រ ដើម្បីធានាសុខុមាលភាព សុវត្ថិភាព និងជីវភាព បុគ្គលិក កម្មករ និយោជិត

ថ្ងៃចេញផ្សាយ: Friday, June 11, 2021, 3:16 PM

img100621a5 img100621a7

 

 

 

 

 

            រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំផែនការ ស្តីពីវិធានការគ្រប់គ្រងការរីករាលដាលជំងឺកូទីដ-១៩ តាម បណ្តារោងចក្រ-សហគ្រាស នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដើម្បីធានាឱ្យបាននូវសុខុមាលភាព សុវត្ថិភាព និងជីវភាព របស់បុគ្គលិក និងកម្មករ-និយោជិត ព្រមទាំងនិរន្តរភាពផលិតកម្មរបស់រោងចក្រ សហគ្រាស ក្នុងរាជធានីភ្នំពេញ ។

            ដើម្បីឱ្យផែនការ ស្តីពីវិធានការគ្រប់គ្រងការរីករាលដាលជំងឺកូទីដ-១៩ តាមបណ្តារោងចក្រ សហគ្រាស នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ទទួលបានសុក្រិតភាពក្នុងការអនុវត្តល្អប្រសើរ និងដើម្បីឱ្យគម្រោងផែនការនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃ   គណៈអភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំតាមរយៈ Video conference មួយ ជាមួយតំណាងក្រសួងសុខាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ នៅសាលារាជធានីភ្នំពេញ។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ៖ ការរៀបចំផែនការនេះ គឺក្នុងគោលបំណងធានាឱ្យបាននូវសុខុមាលភាព សុវត្ថិភាព និងជីវភាពរបស់បុគ្គលិក និងកម្មករ-និយោជិត ព្រមទាំងនិរន្តរភាពផលិតកម្មរបស់រោងចក្រ សហគ្រាស ក្នុងរាជធានីភ្នំពេញ តាមរយៈការកំណត់នូវវិធានការចាំបាច់ ដោយ​បែង​ចែកជា៣ដំណាក់កាល គឺ (១) វិធានការចំពោះមុខ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរោងចក្រ សហគ្រាស (២) វិធានការរយៈពេលមធ្យម ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងរោងចក្រ សហគ្រាស និង (៣) វិធានការរយៈពេលវែង ដើម្បីគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរោងចក្រ សហគ្រាស។

            ឯកឧត្តមបន្តថា ៖  ការបង្កើតឱ្យមានកិច្ចប្រជុំជាមួយក្រសួងសុខាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុនេះឡើង គឺដើម្បីឱ្យផែនការនេះទទួលបានសុក្រិតភាព ក្នុងការអនុវត្ត ល្អប្រសើរ និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ យកទៅអនុវត្តចំគោលដៅ នោះគឺ ទី១ វិធានការ ចំពោះមុខ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរោងចក្រ សហគ្រាស ទី២ វិធានការរយៈពេលមធ្យម ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងរោងចក្រ សហគ្រាស និងទី៣ វិធានការរយៈពេលវែង។

            ក្នុងផែនការនេះក៏បានរំលេចផងដែរថា ៖ រាជធានីភ្នំពេញ ជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ជាមជ្ឈ មណ្ឌលប្រមូលផ្តុំលើគ្រប់វិស័យ រួមមានវិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច បេតិកភណ្ឌ វប្បធម៌ ទេសចរណ៍ និងការទូត ក្នុងនោះអាស្រ័យដោយកត្តាភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ កម្លាំងពលកម្ម និងសេវារដ្ឋបាលសាធារណៈ រោងចក្រ សហគ្រាស ប្រមាណ ៦០ភាគរយបានបោះទីតាំងក្នុងមូលដា្ឋនរាជធានីភ្នំពេញ។

ទោះបីស្ថិតក្នុងស្ថានភាពនការរីករាលដាលជំងឺកូវីដ-១៩ ប៉ុន្តែសកម្មភាពអាជីវកម្ម-ផលិតកម្មរបស់ រោងចក្រ សហគ្រាសស្ទើរតែទាំងអស់ នៅតែដំណើរការជាប្រក្រតី និងមានរោងចក្រ សហគ្រាសតិចតួចប៉ុណ្ណោះដែលបានផ្អាកដំណើរការ។

            គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រោងចក្រវិនិយោគមានចំនួន ៧៤៦មូលដ្ឋាន និងឧស្សាហកម្មខ្នាតតូច-សិប្បកម្មមានចំនួន ៤.៩៨៥មូលដ្ឋាន បានបង្កើតការងារដោយផ្ទាល់ ចំនូន ៤៧៦.៣៥៩នាក់ និងដោយប្រយោលជាច្រើនសែននាក់ផ្សេងទៀត ហើយអនុគណៈកម្មាធិការវិនិយោគរាជធានីភ្នំពេញ បានចុះបញ្ជីស្ថាពរជូនរោងចក្រវិនិយោគចំនួន ៣៤មូលដ្ឋាន បន្ថែមទៀត។

            យ៉ាងណាមិញ ផ្អែកតាមបទពិសោធន៍នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានរោងចក្រ មួយនៅរាជធានីភ្នំពេញ ដែលមានការឆ្លងបន្តរាយប៉ាយ ទៅក្នុងរោងចក្រ សហគ្រាសមួយចំនួនទៀត គឺបណ្តាលមកពីមូលហេតុចម្បងៗ រួមមាន (១) ការស្នាក់នៅរបស់បុគ្គលិក និងកម្មករ-និយោជិតច្រើនរោងចក្រ-សហគ្រាស ប្រមូលផ្តុំក្នុងផ្ទះជួល ឬ អគារជួលរួមគា្ន (២) ការធ្វើដំណើរដោយមធ្យោបាយរួមរបស់បុគ្គលិក និងកម្មករ និយោជិកដែលមិនមែនបម្រើការងារក្នុងរោងចក-សហគ្រាស តែមួយ (៣) ការទិញម្ហូបអាហារ ពីកន្លែងលក់ដូរមិនរៀបរយ និង (៤) ការមិនអនុវត្ត ឬ អនុវត្តមិនបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាដើម។

            ឈរលើមូលដ្ឋានដូចបានបញ្ជាក់ជូនខាងលើនេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីភាពចាំបាច់ និងសារៈសំខាន់ដែលត្រូវយកចិត្តទុកដាក់ចំពោះវិស័យនេះ ជាពិសេសស្ថិតក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ ដើម្បីបន្តអនុវត្តប្រកបដោយថាមពលនូវគោលនយោបាយ “ចំណង២ និងចុងខ្សែ៤ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បុគ្គលិក និងកម្មករ និយោជិកទាំងអស់ក្នុងរាជធានីភ្នំពេញ។ សម្រាប់ការដាក់ចេញនូវផែនការ ស្តីពីវិធានការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ តាមបណ្តាល រោងចក្រ-សហគ្រាស នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានគោលបំណងធានាឱ្យបាននូវសុខុមាលភាព សុវត្ថិភាព និងជីវភាពរបស់បុគ្គលិក និងកម្មករ-និយោជិត ព្រមទាំងនិរន្តរភាពផលិតកម្មរបស់រោងចក្រ     សហគ្រាស ក្នុងរាជធានីភ្នំពេញ៕

img100621a4 img100621a1 img100621a8 img100621a2 img100621a6 img100621a3