ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញ ប្រជុំកំណត់ទីតាំង នៃការបង...

រដ្ឋបាលរាជធានីភ្នំពេញ ប្រជុំកំណត់ទីតាំង នៃការបង្រួមតំបន់បិទខ្ទប់ឱ្យមកនៅរួមតូច ដើម្បីសម្រួលការលំបាកជូនប្រជាពលរដ្ឋ

ថ្ងៃចេញផ្សាយ: Monday, May 10, 2021, 7:14 PM

img10052110 img100521

 

 

 

 

 

            ការបង្រួមតំបន់បិទខ្ទប់ឱ្យនៅរួមតូច ជាចេតនាមួយដែលរដ្ឋបាលរាជធានីភ្នំពេញ ត្រូវតែធ្វើ ដើម្បីសម្រួលការលំបាកជូនប្រជាពលរដ្ឋ បានធ្វើដំណើរ ចេញ-ចូល ទៅធ្វើការងារ និងប្រកបមុខរបរ ចិញ្ចឹមជីវិតបានស្រួល ខណៈដែលរដ្ឋបាលរាជធានីភ្នំពេញ បានបិទខ្ទប់អស់ជាច្រើនសប្តាហ៍កន្លងមកនេះ ដើម្បីកាត់ផ្តាច់ឱ្យបានការរីករាលដាលជំងឺកូវីដ-១៩។

            ដើម្បីឱ្យការងារ នៃការបង្រួមតំបន់បិទខ្ទប់អោយនៅរួមតូចនេះមានប្រសិទ្ធភាព មានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលអាចសង្ឃឹមបានថា មិនមានហានិភ័យ នៃការរីករាលដាលជំងឺកូវីដ-១៩បន្តទៀត  នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំ ជាមួយអភិបាលខណ្ឌទាំង១៤ តាមរយៈ Video conference ដើម្បីពិនិត្យ ពិភាក្សា និងកំណត់ទីតាំងឱ្យបានច្បាស់លាស់ មុននឹងធ្វើការសម្រេចដាក់តំបន់ដែលត្រូវបង្រួមនេះឱ្យមានប្រសិទ្ធភាព ដែលអាចជឿទុកចិត្តបាន នៅពេលខាងមុខនេះ។

            ឯកឧត្តម ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះ បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់អោយបានម៉ត់ចត់បំផុត គឺមិនអនុញ្ញាតឱ្យមានករណីប្រជាពលរដ្ឋ នៅតំបន់លឿង ចូលទៅតំបន់លឿងទុំ និងតំបន់ក្រហម ជាដាច់ខាត ហើយកិច្ចប្រជុំនេះយើងពិភាក្សាគ្នា ដើម្បីកំណត់ទីតាំងតំបន់ប្រឈមនោះមកនៅរួមតូច ដូច្នេះសុំអាជ្ញាធរយើងត្រូវសិក្សាកំណត់ឱ្យបានច្បាស់ មុននឹងកំណត់ពណ៌តំបន់នីមួយៗឱ្យនៅរួមតូចនេះ នៅថ្ងៃ១២ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ។

            ក្នុងកិច្ចប្រជុំនោះ គ្រប់ខណ្ឌទាំង១៤ បានឡើងរាយការណ៍ពីស្ថានភាពនៃការគ្រប់គ្រងកូវីដ-១៩ នៅក្នុងមូលដ្ឋានរៀងៗខ្លួន ដោយតំបន់ខ្លះដែលធ្លាប់ជាតំបន់ក្រហម និងតំបន់លឿងទុំ បានស្នើឱ្យប្រែក្លាយមកជាជាតំបន់លឿង ដោយតំបន់នោះមិនមានការរីករាលដាលជម្ងឺកូវីដ-១៩បន្តទៀត។ តំបន់ខ្លះទៀតសូមឱ្យនៅរក្សាតំបន់ ក្រហមឬតំបន់លឿងទុំដដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្នុងតំបន់មួយចំនួនមិនត្រូវបានបិទខ្ទប់ភូមិ សង្កាត់នោះទេ គឺគ្រាន់តែបិទខ្ទប់ផ្ទះដែលមានវិជ្ជមានកូវីដ-១៩តែប៉ុណ្ណោះ៕

img1005211 img1005217 img1005215 img1005218 img10052112 img10052111 img10052110 img10052113 img10052114 img100521 img1005216 img1005212 img1005213 img1005214