ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តម ឃួង ស្រេង ចុះត្រួតពិនិត្យមើលភូមិសាស្ត្រ...

ឯកឧត្តម ឃួង ស្រេង ចុះត្រួតពិនិត្យមើលភូមិសាស្ត្រ តាមបណ្ដាខណ្ឌនានាក្នុងរាជធានីភ្នំពេញ ក្រោយពីរាជរដ្ឋាភិបាលចេញបំរាម

ថ្ងៃចេញផ្សាយ: Friday, April 10, 2020, 9:09 AM

img090420n18 img090420n19

 

 

 

 

 

             នៅវេលាម៉ោងប្រមាណជិត១០យប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអភិបាលខណ្ឌ ព្រមទាំងមន្រ្តីសាលារាជធានីភ្នំពេញមួយចំនួន ចុះត្រួតពិនិត្យមើលភូមិសាស្ត្រ តាមបណ្ដាខណ្ឌនានាក្នុងរាជធានីភ្នំពេញ ក្រោយពីរាជរដ្ឋាភិបាលចេញបំរាមហាមឃាត់មិនឲ្យធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយ និងពីខេត្តចេញ-ចូលរាជធានីភ្នំពេញ នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ។

សូមជំរាបថា នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បិទការធ្វើដំណើរក្នុងប្រទេស ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្ត និងការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយទៀត រហូតដល់ពីស្រុកមួយ ទៅស្រុកមួយ ដោយចាប់អនុវត្តពីម៉ោង២៤៖០០នាទីថ្ងៃទី០៩ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។

បទបញ្ជារបស់រាជរដ្ឋាភិបាល ដែលចេញផ្សាយនៅថ្ងៃនេះ បានបញ្ជាក់ថា ហាមឃាត់ការធ្វើដំណើរនៅផ្ទៃក្នុងប្រទេស រួមមានការធ្វើដំណើរឆ្លងកាត់ចេញ-ចូលរាជធានីភ្នំពេញ (ដោយមិនប៉ះពាល់ដល់ការធ្វើដំណើរផ្ទៃក្នុងរាជធានីភ្នំពេញនោះទេ) ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ និងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត។

ប៉ុន្តែទោះបីជាយ៉ាងណាការហាមឃាត់នេះត្រូវបានលើកលែងចំពោះ៖

*  ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក

* រថយន្ត និងមធ្យោបាយធ្វើដំណើររបស់មន្ត្រីរាជការស៊ីវិលគ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដែលម្ចាស់យានយន្តត្រូវបង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យនូវអត្តសញ្ញាណបណ្ណការងាររបស់ខ្លួន

*  រថយន្ត និងមធ្យោបាយធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន

*  រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន

*  រថយន្តពន្លត់អគ្គីភ័យ

*  រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់

*  ការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ-សហគ្រាស ដែលត្រូវមានបណ្ណអនុញ្ញាតចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

* ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬ មណ្ឌលសុខភាព ដែលនៅជិតបំផុត ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ចំនួនមនុស្ស មិនឱ្យលើសពី ៤ (បួន) នាក់ សម្រាប់ករណីនីមួយៗ ។

បទបញ្ជានេះមានប្រសិទ្ធភាពអនុវត្តចាប់ពីម៉ោង ២៤:០០ ថ្ងៃទី០៩ រហូតដល់ម៉ោង ២៤:០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០៕

img090420n02 img090420n03 img090420n04 img090420n05 img090420n06 img090420n07 img090420n11 img090420n10 img090420n12 img090420n13 img090420n16 img090420n23 img090420n22 img090420n21 img090420n20img090420n18