ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាលរាជធានីស្នើអោយម្ចាស់បូរី ផ្តល់ទិន្...

ឯកឧត្តមអភិបាលរាជធានីស្នើអោយម្ចាស់បូរី ផ្តល់ទិន្នន័យកាំមេរ៉ាសុវត្ថិភាពជូនសមត្ថកិច្ច ដើម្បីពង្រឹងសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ

ថ្ងៃចេញផ្សាយ: Thursday, October 08, 2020, 2:36 PM

img081020012 img08102004

 

 

 

 

 

             អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានស្នើអោយម្ចាស់បូរី និងខុនដូទាំងអស់នៅក្នុងរាជធានីភ្នំពេញ ផ្តល់ទិន្នន័ពីកាំមេរ៉ាសុវត្ថិភាព ជូនសមត្ថកិច្ច ដើម្បីពង្រឹងកិច្ចសហការជាមួយគ្នា ឲ្យបានល្អក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ អោយកាន់តែប្រសើរ ហើយសមត្ថកិច្ចនឹងរក្សាជាការសម្ងាត់ ដោយមិនអនុញ្ញាតឱ្យយកទិន្នន័ ចេញពីកាំមេរ៉ាសុវត្ថិភាពទាំងនោះ ទៅផ្សព្វផ្សាយដោយគ្មានការអនុញ្ញាតឡើយ។

            ការស្នើបែបនេះបានធ្វើឡើងកាលរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០នេះ នៅក្នុងកិច្ចប្រជុំ ស្តីពីការពង្រឹងការងារសន្តិសុខ សុវត្ថិភាព នៅតាមបុរី និងខុនដូ នៅក្នុងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ចាប់ពីពេលនេះទៅ គ្រប់បូរី និងខុនដូទាំងអស់នៅរាជធានីភ្នំពេញ ត្រូវតែបំពាក់កាំមេរ៉ាសុវត្ថិភាព និងមានប្រព័ន្ធសន្តិសុខសុវត្ថិភាព ដើម្បីធានាភាពកក់ក្តៅជូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅ។

            ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ចង់ឱ្យម្ចាស់បូរីទាំងអស់ ភ្ជាប់ប្រព័ន្ធផ្តល់ទិន្នន័យចេញពីកាំមេរ៉ាសុវត្ថិភាពនេះ ភ្ជាប់ទៅមជ្ឈមណ្ឌលកាំមេរ៉ាសុវត្ថិភាពរបស់ស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីងាយស្រួលក្នុងការចុះអន្តរាគមន៍នៅពេលមានបញ្ហាមិនប្រក្រតីណាមួយកើតឡើង។ ឯកឧត្តមបានសន្យាថា រាល់ទិន្នន័យដែលភ្ជាប់មកស្នងការរាជធានីភ្នំពេញ នឹងរក្សាជាការសម្ងាត់ នឹងមិនអនុញ្ញាតឱ្យយកទិន្នន័យចេញពីកាំមេរ៉ាសុវត្ថិភាព ទៅផ្សព្វផ្សាយដោយគ្មានការអនុញ្ញាតឡើយ។

            ឯកឧត្តមបន្តថា ការពង្រឹងកិច្ចសហការរវាងម្ចាស់បូរី ម្ចាស់ខុនដូ និងសមត្ថកិច្ចនេះ គឺដើម្បីអាចរាយការណ៍អោយគ្នាទៅវិញទៅមក នៅពេលមានករណីមិនប្រក្រតីណាមួយកើតឡើង ដែលអាចអោយសមត្ថកិច្ចជួយអន្តរាគមន៍ជួយដោះស្រាយបានទាន់ពេលវេលា។

            ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍បន្តថា បច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញមានសំណង់បូរី ជាច្រើនបានរស់នៅដាច់ដោយឡែក ហើយកន្លែងខ្លះមានភាពស្មុគស្មាញ ងាយកើតឡើងនូវបទល្មើសនានាដែលទាមទារឲ្យភាគីទំាង២មានកិច្ចសហការជាមួយគ្នាទ្វេដង ដើម្បីបង្កើនភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងបូរីនោះ។

            ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ បានគាំទ្រចំពោះយន្តការទាំងនេះ ដែលធានាបានសន្តិសុខសុវត្ថិភាពជូនអ្នកស្នាក់នៅ។ ក្រៅពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានស្នើឱ្យម្ចាស់បូរី ខុនដូ ត្រូវបំពាក់ប្រព័ន្ធការពារសុវត្ថិភាពបន្ថែមទៀត ដូចជាត្រៀមបង្ការពន្លត់អគ្គិភ័យ ឬរថយន្តពន្លត់អគ្គិសភ័យ មានប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ ២៤ម៉ោងលើ២៤ម៉ោង មានច្រកចេញចូលត្រឹមត្រូវ ការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ ត្រូវមានសន្តិសុខយាមកាមជាដើម។ បន្ថែមពីនេះទៀតម្ចាស់បុរីគួរបង្កើតអោយមានបទបញ្ជាផ្ទៃក្នុងនៅក្នុងបុរី បើបុរីរបស់អស់លោកមានសន្តិសុខល្អ នោះមិនខ្វះអតិថិជននោះទេ។

   សូមបញ្ជាក់ថា បច្ចុប្បន្ននៅរាជធានីភ្នំពេញមានបូរីចំនួន១៤៩ទីតាំង និងខុនដូចំនួន១៣៧ទីតាំង៕

img08102009 img081020010 img08102008 img08102007 img081020011 img08102006 img08102001 img08102003