ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ការដ្ឋានស្ថាបនា មហាវិថីថ្មី១ខ្សែ ទទឹង៣០ម៉ែត្រ ន...

ការដ្ឋានស្ថាបនា មហាវិថីថ្មី១ខ្សែ ទទឹង៣០ម៉ែត្រ និងបណ្តោយជាង៥គីឡូម៉ែត្រ​បានដំណើរការហើយ

ថ្ងៃចេញផ្សាយ: Tuesday, September 08, 2020, 2:31 PM

img0809202005 img0809202003

 

 

 

 

 

            ការដ្ឋានស្ថាបនាមហាវិថីថ្មីមួយខ្សែដែលមានទទឹង៣០ម៉ែត្រ និងបណ្តោយផ្លូវជាង៥គីឡូម៉ែត្រ ដោយចាប់ពីផ្លូវលេខ១០០៣ ផ្លូវបត់ចូលផ្សារទំនើបអេអនម៉លសែនសុខ ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ រហូតដល់មហាវិថីឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ បានដំណើរបើកការដ្ឋានហើយ។

            ពិធីបើកការដ្ឋានបានធ្វើឡើងនាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ នៅលើកបណ្តោយផ្លូវនេះ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបារាជធានីភ្នំពេញ និងមានការចូលរួមពីប្រជាពលរដ្ឋជាច្រើននាក់។

            ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ឲ្យដឹងថា មហាវិថីថ្មីនេះ ភ្ជាប់មកមហាវិថីអង្គរ ឆ្ពោះមករង្វង់មូលកាំកូ។ ជាប្រភេទផ្លូវភ្លោះ មានប្រវែង ៥៨៦០ម៉ែត្រ ទទឹង ៣០ម៉ែត្រ ជាផ្លូវបេតុងអារមេរ កម្រាស់ ២០សង់ទីម៉ែត្រ។ ក្នុងនោះ ផ្លូវសងខាង ១២ម៉ែត្រ សួនកណ្តាល ២ម៉ែត្រ និងចិញ្ចើមផ្លូវសងខាង ២ម៉ែត្រ ផ្លូវទ្វេរទិស មាន៣គន្លងសម្រាប់រថយន្តទៅមក និង១គន្លងសម្រាប់ទោចក្រយានយន្តទៅមក។ ដាក់បណ្តាញលូសងខាងផ្លូវទំហំ ០,៨ម៉ែត្រ ប្រវែង ១១៧២០ម៉ែត្រ និងដាក់លូឆ្លងកាត់ទទឹងផ្លូវ ចំនួន៨កន្លែង។

            លោក សាំ ពិសិដ្ឋ បានបញ្ជាក់ផងដែរថា នៅកណ្តាលសួនច្បារនៃមហាវិថីនេះ ក៏មានតម្លើងបង្គោលភ្លើងបំភ្លឺផ្លូវព្រែកជា២ ដាំដើមជ្រៃ ដើម្បីជារបាំងពន្លឺចាំងភ្នែក និងដាំស្មៅ ជាមួយនឹងការរៀបការឺឡា និងរៀបខឿនចិញ្ចើមផ្លូវសងខាង និងដាំដើមឈើ តម្លើងភ្លើងស្តុបចរាចរចំនួន ៤កន្លែង លាបគំនូសចរាចរ និងតម្លើងស្លាកសញ្ញាចរាចរផងដែរ។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែនបានធ្វើអោយប្រទេសជាតិ មានសន្តិភាពពេញលេញ មានឱកាសក្នុងការអភិវឌ្ឍប្រទេសជាតិអោយរីកចំរើនយ៉ាងឆាប់រហ័ស។ ជាក់ស្តែងកំណាត់ផ្លូវយើងបានស្ថាបនាឡើងជាផ្លូវថ្មី ដែលមានបណ្តោយរហូតជាង៥គីឡូម៉ែត្រ និងមានទទឹង៣០ម៉ែត្រ អាចកាត់បន្ថយការកកស្ទះចរាចរនៅតំបន់ភាគខាងជើងរាជធានីភ្នំពេញ។

            ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា កំណាត់ផ្លូវនេះ ស្ថាបនាដោយក្រុមហ៊ុនឯកជន តែស្ថិត ក្រោមការត្រួតពិនិត្យបច្ចេកទេសពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។ ឯកឧត្តម ក៏បានស្នើសុំអោយប្រជាពលរដ្ឋចូលរួមសហការ និងយោគយល់ចំពោះផលប៉ះពាល់ និងការរំខានពីការដ្ឋាននេះ។

            ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋ និងគណៈគ្រប់គ្រងវត្តអារាម វិហារសាសនាទាំងអស់ បង្កើនការប្រុងប្រយ័ត្នចំពោះបញ្ហាសុខភាព ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តនូវរាល់វិធានការទាំងឡាយ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសក្នុងកំឡុងពេលប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ បើទោះបីមកដល់ពេលនេះស្ថានភាពបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ គ្មានការចម្លងក្នុងសហគមន៍ក៏ដោយ ប៉ុន្តែនៅលើពិភពលោក និងបណ្តាល    ទីក្រុងនៃប្រទេសមួយចំនួន ក្នុងតំបន់អាស៊ាន ជំងឺនេះនៅតែបន្តរីករាលដាលគួរឲ្យព្រួយបារម្ភ៕

img0809202003 img0809202001 img0809202004 img0809202002