ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  គណៈបញ្ជាការឯកភាពរាជធានី ដាក់បទបញ្ជាអោយអាជ្ញាធរ ...

គណៈបញ្ជាការឯកភាពរាជធានី ដាក់បទបញ្ជាអោយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ពង្រឹងកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនាថ្ងៃឈប់សម្រាកជំនួសបុណ្យចូលឆ្នាំប្រពៃណីជាតិ

ថ្ងៃចេញផ្សាយ: Friday, August 07, 2020, 4:36 PM

img0708202006 img0708202004

 

 

 

 

 

           ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដាក់បទបញ្ជាអោយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវពង្រឹងកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ពិសេសនៅក្នុងពេលឈប់សម្រាកជំនួស នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលគ្រោងនឹងឈប់សម្រាកចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។

            ការដាក់បទបញ្ជា និងការណែនាំរបស់ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងកាលពីរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា កិច្ចការការពារសន្តិសុខសណ្ដាប់ធ្នាប់ គឺជាកិច្ចការងារដែលអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវយកចិត្តទុកដាក់ ពិសេសគឺក្នុងអំឡុងពេលនៃការឈប់សម្រាកជំនួស នៃការចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដែលគ្រោងនឹងជំនួសនៅថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ។ ដូច្នេះទេ អាជ្ញាធរ និងកងកំលាំងសមត្ថកិច្ចទាំងអស់ រួមទាំងមន្ទីរពាក់ព័ន្ធផង ត្រូវរួមសហការគ្នា ដើម្បីធ្វើយ៉ាងណារក្សាឲ្យបាននូវសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងឱកាសនៃថ្ងៃឈប់សម្រាកប៉ុន្មានថ្ងៃខាងមុខនេះ។ ក្រៅពីការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋហើយនោះ ការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ជារឿងសំខាន់ខ្លាំងមួយដែរ ដែលយើងត្រូវរួមគ្នាដើម្បីពង្រឹង និងទប់ស្កាត់អោយបានទៅតាមការណែនាំរបស់រាជ  រដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល។

            ក្រៅពីការងារខាងលើ ឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការដាស់តឿនទៅដល់ប្រធានមន្ទីរមួយចំនួន ចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ ត្រូវស្តាប់តាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញដែលជារដ្ឋបាលថ្នាក់ក្រោមជាតិ តែក៏មិនអាចផ្តាច់បានពីក្រសួងដែរ តែការងារដែលត្រូវធ្វើនោះគឺការបម្រើប្រជាពលរដ្ឋ។ ប្រធានមន្ទីរត្រូវសិក្សាពី    វិមជ្ឈការអោយបានច្បាស់លាស់ បើឆ្ងល់សួរគេ ដើម្បីយកមកអនុវត្តឲ្យចំតួនាទីនិងភារកិច្ចរបស់ខ្លួន៕