ក្រុមហ៊ុន WILMAR MARKETING CLV COMPANY LIMITED ប្រគល់ស្បៀងអាហារ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយមេរោគកូវីដ-១៩

ថ្ងៃចេញផ្សាយ: Friday, May 07, 2021, 7:13 PM

img070521a2 img070521a4

 

 

 

 

 

            ក្រុមហ៊ុន WILMAR MARKETING CLV COMPANY LIMITED បានប្រគល់ស្បៀងអាហារមួយចំនួន ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរពីមេរោគកូវីដ-១៩ ខណៈដែលជម្ងឺនេះនៅតែបន្តការរាតត្បាត ដោយបានធ្វើអោយប្រជាពលរដ្ឋប្រមាណជាង១ម៉ឺននាក់បានឆ្លង និងចំនួនអ្នកស្លាប់កើនឡើងរហូតដល់ជាង១០០នាក់ហើយ។

            ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

            ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន WILMAR MARKETING CLV COMPANY LIMITED ដែលបានឧបត្ថម្ភទឹកស៊ីអុីវឆ្មាខ្មៅចំណុះ ៥០០មីលីលីត្រ ចំនួន ២.៥០០កេស មីម៉ីសាន ២៥០ក្រាម ចំនួន ៨៣៤កេស និងប្រេងឆា អរឃីដ ចំណុះ ១លីត្រ ចំនួន ១.៦៦៧កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩។ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជាបានទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាននឹងកំពុងជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩៕

img070521a3 img070521a1