ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯឧត្តមអភិបាលរាជធានីភ្នំពេញ បញ្ជាឱ្យអាជ្ញាធរខណ្ឌ...

ឯឧត្តមអភិបាលរាជធានីភ្នំពេញ បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះស្រង់ស្ថិតិពលរដ្ឋមានអាយុ៦០ឆ្នាំឡើង ដើម្បីរៀបចំឱ្យពួកគាត់ទៅចាក់វ៉ាក់សាំងកូវីដ-១៩

ថ្ងៃចេញផ្សាយ: Monday, March 08, 2021, 9:28 AM

img070321007 img070321002

 

 

 

 

 

            ដោយសារប៉ុន្មានថ្ងៃមកនេះ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករក្នុងរាជធានីភ្នំពេញ បានសម្រុកទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលធ្វើឱ្យបាត់បង់គម្លាតសុវត្ថិភាព ទើបអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានណែនាំទៅកាន់អាជ្ញាធរខណ្ឌទាំង ១៤ ត្រូវចុះស្រង់ស្ថិតិប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅឱ្យបានច្បាស់លាស់ ដើម្បីរៀបចំឱ្យពួកគាត់ទទួលបានការចាក់វ៉ាក់សាំងប្រកបដោយសណ្ដាប់ធ្នាប់ត្រឹមត្រូវ។

ការជំរុញណែនាំបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយអភិបាលខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធ និងតំណាងក្រសួងសុខាភិបាល នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ប៉ុន្មានថ្ងៃកន្លងមកនេះ ការចាក់វ៉ាក់សាំងកូវីដ-១៩ ឃើញថាមានប្រជាពលរដ្ឋបានសម្រុកទៅចាក់នៅតាមមន្ទីរពេទ្យ ដែលរៀបចំដោយក្រសួងសុខាភិបាលយ៉ាងច្រើនកុះករ នាំឱ្យមិនមានគម្លាតសុវត្ថិភាព។ ដោយមើលឃើញពីស្ថានភាពបែបនេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដើម្បីផ្អាកជាបណ្ដោះអាសន្ននូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយចាប់ពីថ្ងៃទី០៧-១០ ខែ មីនា ឆ្នាំ២០២១។

ទន្ទឹមនេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានណែនាំទៅអភិបាលខណ្ឌទាំង១៤ ត្រូវចុះស្រង់ស្ថិតិ ប្រជាពលរដ្ឋ និងកំណត់ប្រជាពលរដ្ឋដែលត្រូវទៅចាក់វ៉ាក់សាំងនេះឱ្យបានច្បាស់លាស់ ដើម្បីរក្សាគម្លាតសុវត្ថិភាពឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួង នៅពេលដែលប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំង នៅថ្ងៃ១០ ខែ  មីនា ឆ្នាំ២០២១ ខាងមុខតទៅ។

ឯកឧត្តម ឃួង ស្រេង បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវទៅចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវចុះឈ្មោះនៅសាលាសង្កាត់ ឬសាលាខណ្ឌ ដើម្បីឲ្យអាជ្ញាធរខណ្ឌរៀបចំឈ្មោះបញ្ជូនទៅចាក់វ៉ាក់សាំង ដោយកំណត់ថ្ងៃ និងពេលវេលាច្បាស់លាស់ ដើម្បីរក្សាគម្លាតសុវត្ថិភាព។

ឯកឧត្តមបានបញ្ជាក់ទៀតថា រដ្ឋបាលសង្កាត់នីមួយៗដែលបញ្ចេញឈ្មោះប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង ត្រូវចុះផ្ទាល់ដល់ទីតាំងទទួលការចាក់វ៉ាក់សាំងនោះ ហើយត្រូវដើរតួជាអ្នករៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ និងការរៀបចំគម្លាតសុវត្ថិភាពផងដែរ ដើម្បីជួយសម្រួលដល់មន្ទីរពេទ្យ។

img070321001 img070321012 img070321013 img070321015 img070321014 img070321011 img070321008 img070321009 img070321006 img070321003 img070321005img070321010