ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  អភិបាលរាជធានីភ្នំពេញផ្ដល់ស្រូវពូជដល់ប្រជាពលរដ្ឋ...

អភិបាលរាជធានីភ្នំពេញផ្ដល់ស្រូវពូជដល់ប្រជាពលរដ្ឋនៅខណ្ឌដង្កោ

ថ្ងៃចេញផ្សាយ: Wednesday, November 04, 2020, 3:46 PM

img04112007 img041120010

 

 

 

 

 

            អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសផ្ដល់ស្រូវពូជដល់បងប្អូនប្រជាពលរដ្ឋជាង ៦០០គ្រួសារ នៅក្នុងសង្កាត់ចំនួន០៥ ក្នុងខណ្ឌដង្កោ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានសន្យាថា នឹងផ្គត់ផ្គង់ទឹកសម្រាប់បង្កបង្កើនផលស្រូវ និងដំណាំផ្សេងៗទៀត បើបងប្អូនប្រជាពលរដ្ឋខ្វះទឹកដើម្បីបង្កបង្កើនផល។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលទទួលរងនូវការលិចលង់ដោយទឹកជំនន់នៅក្នុងខណ្ឌដង្កោនេះ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ណាស់ ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយនៅពេលនេះ សម្តេចបានផ្ដល់នៅស្រូវពូជ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋបានបង្កបង្កើនផលឡើងវិញ។ ក្រោយពីទទួលបាននូវគ្រាប់ពូជនេះហើយ ឯកឧត្តមសន្យាលើការផ្គត់ផ្គង់ទឹកថែមទៀត ដើម្បីបង្កបង្កើនផលស្រូវនេះ ដោយឯកឧត្តមបានជំរុញឲ្យអភិបាលខណ្ឌដង្កោ ចាត់ចែងរឿងនេះ ពោលគឺបើបងប្អូនប្រជាពលរដ្ឋខ្វះខាតទឹកក្នុងការបង្កបង្កើនផលស្រូវនិងដំណាំផ្សេងៗ នៅក្នុងមូលដ្ឋាន ខណ្ឌដង្កោកយើងចាត់ចែងភ្លាម។

            ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការណែនាំទៅដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ ខណៈបង្កបង្កើនផលដំណាំស្រូវ និងដំណាំរួមផ្សំឡើងវិញ គឺត្រូវអនុវត្តទៅតាមលក្ខណៈបច្ចេកទេសរបស់ក្រសួងកសិកម្មឲ្យបានត្រឹមត្រូវ ដើម្បីឱ្យផលដំណាំទទួលបានទិន្នផលគាប់ប្រសើរ។

            ឯកឧត្តម ហួត ប៊ុនណារី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍លើកឡើងថា សម្រាប់រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងជំនន់ទឹកភ្លៀងនៅរាជធានី គឺបានធ្វើឲ្យខណ្ឌចំនួន៤បានទទួលរងនូវការលិចលង់ ក្នុងនោះខណ្ឌដែលប៉ះពាល់ធ្ងន់ធ្ងរជាងគេគឺនៅខណ្ឌដង្កោលនេះហើយ។ ដើម្បីស្ដារឡើងវិញក្រោយពីទទួលបាននូវស្រូវពូជនេះហើយ សូមបងប្អូនប្រជាពលរដ្ឋ បង្កបង្កើនផលឲ្យបានទាន់ពេលវេលាទៅតាមអ្វីដែលអាចធ្វើបាន។

            ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០២០នេះ កម្ពុជាពិតជាទទួលរងនូវផលប៉ះពាល់ពីរធំៗ នោះគឺបញ្ហាជម្ងឺកូវីដ–១៩ និងបញ្ហាទឹកជំនន់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី កម្ពុជានៅតែមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការនាំចេញអង្ករទៅក្រៅប្រទេសបានប្រមាណ៥៣ម៉ឺនតោន ដែលមានទឹកប្រាក់ប្រមាណ៣៦៦លានដុល្លារ ហើយចំពោះការផ្ដល់ស្រូវពូជនេះ យើងបានសម្រិតសម្រាំង ដែលអាចបង្កបង្កើនផលបានទិន្នផលពី៨០ទៅ៨៥ភាគរយ។

            លោកស្រី គីម ញឹម អភិបាលខណ្ឌដង្កោ បានលើកឡើងថា ពូជស្រូវស្រាលដែលចែកជូនប្រជាកសិករនេះមានចំនួន ៥០តោន ស្មើ ៦៦៣គ្រួសារ សង្កាត់គងនយ សង្កាត់ទៀន សង្កាត់រលួស សង្កាត់ស្ពានថ្ម និងសង្កាត់សាក់សំពៅខណ្ឌដង្កោ។

            លោកស្រីបន្តថា ចាប់តាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ មានភ្លៀងធ្លាក់ខ្លាំងបន្តបន្ទាប់គ្នា បណ្តាលឱ្យទឹកស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្រខណ្ឌដង្កោមានការហក់ឡើងខ្ពស់ ធ្វើឲ្យជន់លិចភូមិចំនួន៤២ភូមិ ក្នុងសង្កាត់ចំនួន១១ ជន់លិចផ្ទះសំបែងចំនួន ៤៩៦៥ខ្នងផ្ទះ ស្មើនឹង ៥៥៨៧គ្រួសារ ដែលមានប្រជាពលរដ្ឋចំនួន២៣៥៦០នាក់ រងគ្រោះជំនន់ទឹកស្ទឹងព្រែកត្នោតដោយផ្ទាល់ និងបង្កការខូចខាតដំណាំស្រែចំការចំនួន ១០៧៩ ហិកតា សត្វគោសរុបចំនួន ១៤៨៨ក្បាល និងប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន ៥៣ ខ្សែ ស្មើនឹង ២០.១៩៥ម៉ែត្រ សាលារៀនចំនួន ១២ទីតាំង វត្តអារាមចំនួន ១០ទីតាំង មណ្ឌលសុខភាព០៣ទីតាំង ប៉ុស្តិ៍សុខភាព០២ទីតាំង រោងចក្រ១៣ទីតាំង សហគ្រាសធន់តូច និងសិប្បកម្មចំនួន ១១ទីតាំង ដែលមានកម្មករសរុប ៥៤១៦នាក់ ស្រី៣៦៤៥នាក់ ក្នុងនោះដែរក៏មានជំនន់ទឹកភ្លៀងបណ្តាល ភូមិចំនួន១៩ ក្នុងសង្កាត់ចំនួន៥ ជន់លិច១២៧៩ខ្នងផ្ទះ ស្មើនឹង១៣២៥គ្រួសារ ដែលមានប្រជាព័លរដ្ឋចំនួន ៦៩១២នាក់ ក្នុងភូមិសាស្ត្រខណ្ឌ​ដង្កោ៕

img04112002 img04112003 img04112001 img04112004 img04112005 img04112006 img04112008 img04112009 img041120011 img041120012 img041120013