ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល សម្រេច...

រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល សម្រេចជ្រើសរើសយកទីតាំងពហុកីឡាដ្ឋានជាតិអូឡាំពិកធ្វើជាកន្ដែងពិនិត្យយកសំណាកជំងឺ covid-19 ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាលើកទី២

ថ្ងៃចេញផ្សាយ: Friday, December 04, 2020, 10:04 AM

img03122001 img03122007

 

 

 

 

 

            រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រសួងសុខាភិបាល បានសម្រេចជ្រើសរើសយកទីតាំងពហុកីឡាដ្ឋានជាតិអូឡាំពិក ធ្វើជាកន្ដែងសម្រាប់យកសំណាកប្រជាពលរដ្ឋដែលសង្ស័យថាមានជំងឺ covid -19 ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នៅថ្ងៃទី០៨ធ្នូខាងមុខនេះ។

            ដើម្បីអោយដំណើរការនៃការរៀបចំទីតាំងថ្មីខាងលើនេះ ដំណើរការទៅបានរលូន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នាល្ងាចថ្ងៃទី០៣ធ្នូនេះ បានដឹកនាំមន្ត្រី និងអាជ្ញាធរចុះពិនិត្យទីតាំងខាងលើជាមួយនឹងការណែនាំអោយរៀបចំ សណ្ដាប់ធ្នាប់ ការរៀបចំណតសម្រាប់បងប្អូនប្រជាពលរដ្ឋដែលត្រូវមកពិនិត្យយកសំណាកជាលើកទី២ និងការរៀបចំរោងបំពាក់ដោយម៉ាស៊ីនត្រជាក់ និងបង្គន់អនាម័យផងដែរ។

ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះ បានណែនាំអោយមន្ត្រី និងកម្លាំងពាក់ព័ន្ធ ក្នុងនាមជាអាជ្ញាធរដែនដី នឹងប្រើប្រាស់កម្លាំងប្រមាណ៥០នាក់ ដើម្បីជួយទៅលើការរៀបចំសណ្តាប់ធ្នាប់ សន្តិសុខពីខាងក្នុង និងក្រៅពហុកីឡាដ្ឋានជាតិអូឡាំពិកនេះ។

            លោកជំទាវ យក់ សម្បត្តិ បានមានប្រសាសន៍បញ្ជាក់ថា ការជ្រើសរើសយកទីតាំងពហុថាពហុកីឡាដ្ឋានជាតិអូឡាំពិក ដោយសារទីតាំងខាងលើមានលក្ខណៈធំទូលាយ យើងនឹងបង្រួមកន្លែងពិនិត្យយកសំណាកដែលមានជាច្រើនកន្លែងនៅក្នុងរាជធានីភ្នំពេញ មកប្រមូលផ្ដុំគ្នាតែមួយកន្លែង នៅពហុកីឡាដ្ឋានជាតិអូឡាំពិកនេះ។ដោយឡែក ការពិនិត្យយកសំណាកនៅក្រសួងមហាផ្ទៃ និងស្ថាប័នជាតិមួយចំនួនទៀត គឺយើងនៅរក្សាដដែល ដោយរក្សាដើម្បីពិនិត្យយកសំណាកជាលើកទី២ សម្រាប់មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ។

            លោកជំទាវ ក៏បានបញ្ជាក់ផងដែរថា ទីតាំងខាងលើនេះ នឹងធ្វើជាកន្លែងត្រួតពិនិត្យយកសំណាកចំពោះប្រជាពលរដ្ឋដែលសង្ស័យថា មានជម្ងឺកូវីដ–១៩ ចំនួនប្រមាណ៥០០០ ទៅ៦០០០នាក់ នាថ្ងៃទី ០៨ ខែធ្នូ ខាងមុខនេះ។

            លោកជំទាវក៏បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ក្រសួងសុខាភិបាលបានធ្វើការពិនិត្យសំណាក ទៅលើជនសង្ស័យដែលបានពាក់ព័ន្ធនឹងកូវីដ–១៩នេះ ចំនួន៨០០០នាក់ ក្នុងនោះយើងបានរកឃើញប្រជាពលរដ្ឋដែលមានវិជ្ជមានកូវីដ–១៩ ចំនួន១៩នាក់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការងារនេះមិនទាន់បញ្ចប់ទេ ដោយក្រុមការងាររបស់ក្រសួង នឹងពិនិត្យយកសំណាក់នៅថ្ងៃ០៨ធ្នូ ជាលើកទី២ និងជាលើកទី៣ និង១២ធ្នូខាងមុខ៕

img03122002 img03122005 img03122007 img03122003 img03122004 img03122008 img03122001 img03122006