ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  អភិបាលរាជធានី ដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរ ចុះ...

អភិបាលរាជធានី ដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរ ចុះពិនិត្យមើលស្ថានភាពផ្ទាល់ផ្សារស្ទឹងមានជ័យចាស់

ថ្ងៃចេញផ្សាយ: Wednesday, March 04, 2020, 12:59 PM

img030320213 img030320201

 

 

 

 

 

                ដោយសារស្ថានភាពផ្សារស្ទឹងមានជ័យចាស់ ដែលគេដឹងថាបានសង់ឡើងតាំងពីទសវត្សរ៍ទី៦០ ដោយធ្វើអំពីឈើប្រក់ក្បឿង មកដល់ពេលនេះមានលក្ខណៈចាស់ទ្រុឌទ្រោមយ៉ាងខ្លាំង ដែលនឹងអាចបង្កឲ្យមានគ្រោះថ្នាក់ដល់បងប្អូនអាជីវករ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលចូលទៅទិញឥវ៉ាន់នៅក្នុងផ្សារនេះ។ ដោយមើលឃើញស្ថានភាពបែបនេះ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌមានជ័យ ចុះពិនិត្យមើលស្ថានភាពផ្ទាល់ក្នុងទីតាំងផ្សារស្ទឹងមានជ័យចាស់នេះ ដើម្បីធ្វើការជួសជុលផ្សារនេះឡើងវិញ។   

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជាក់ស្ដែងនៅពេលនេះ ផ្សារស្ទឹងមានជ័យចាស់ ដែលបានកសាងឡើងតាំងពីទសវត្សរ៍ទី៦០មកនោះ ឃើញថាមានសភាពចាស់ទ្រុឌទ្រោម ហើយវានឹងអាចបង្កគ្រោះថ្នាក់ដល់បងប្អូនអាជីវករនិងប្រជាពលរដ្ឋ ខណៈដែលមានភ្លៀងឬ ខ្យល់កន្ត្រាក់ម្តងៗ។ ដូច្នេះទេ រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងធ្វើការជួសជុលផ្សារនេះឲ្យបានល្អប្រសើរឡើងវិញ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា គម្រោងនេះបើបងប្អូនអាជីវករ មានការជំទាស់មិនឲ្យធ្វើការជួសជុលឡើងវិញទេ អាជ្ញាធរក៏មិនធ្វើការជួសជុលវិញដែរ។ តែបើមានប្រជាពលរដ្ឋអាជីវករមានការគាំទ្រច្រើន លើសពីអ្នកមិនគាំទ្រ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការជួសជុលអោយបានល្អប្រសើរ ដោយរក្សានូវលំនាំដើមទាំងស្រុង។   

គួរបញ្ជាក់ផងដែរថា ផ្សារស្ទឹងមានជ័យចាស់តាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ផ្សារនេះ

បានកសាងឡើងក្នុងឆ្នាំ១៩៦៤ ដោយធ្វើអំពីឈើប្រក់ក្បឿងដែលមានទំហំ១៣ម៉ែត្រគុណនិង១៨ម៉ែត្រ។ ប៉ុន្តែមកដល់ពេលនេះ ដោយសារសត្វល្អិត ដូចជាកណ្តៀរ ខ្មូតជាដើម បានចូលស៊ី និងដោយសារមានអាយុកាលយូរហើយនោះ បានធ្វើអោយតួផ្សារមានលក្ខណៈពុកផុយ ទើបរដ្ឋបាលខណ្ឌមានជ័យស្នើសុំមករដ្ឋបាលរាជធានីអោយធ្វើការជួសជុលឡើងវិញ ព្រោះខ្លាចមានគ្រោះថ្នាក់ដោយយថាហេតុដល់បងប្អូនប្រជាពលរដ្ឋនិងអាជីវករ៕

img030320207 img030320206 img030320204 img030320203 img030320202 img030320205 img030320209 img030320210 img030320212 img030320211