ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តម ឃួង ស្រេង ៖ សូមបងប្អូនជនរួមជាតិទាំងអស់រ...

ឯកឧត្តម ឃួង ស្រេង ៖ សូមបងប្អូនជនរួមជាតិទាំងអស់រក្សាឱ្យបានសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ធ្វើយ៉ាងណាកុំឲ្យរបបប្រល័យពូជសាសន៍វិលមកជាលើកទីពីរម្ដងទៀត

ថ្ងៃចេញផ្សាយ: Tuesday, September 01, 2020, 4:23 PM

img0109202003 img0109202001

 

 

 

 

 

            អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានធ្វើការអំពាវនាវដល់ក្មួយៗយុវជនយុវនារី និងបងប្អូនប្រជាពលរដ្ឋទាំងអស់រួមគ្នាទប់ស្កាត់ ការធ្វើបដិវត្តន៍ពណ៌ ការបម្រើមនោគមន៍វិទ្យាបរទេសនិងប្រឆាំងរាល់ការជ្រៀតជ្រែកពីសំណាក់កងកម្លាំងអមិត្ត និងមិនឲ្យមានក្រុមណាមួយឬចលនាណាមួយ ទាញសង្គមជាតិរបស់យើងឲ្យធ្លាក់ក្នុងវិបត្តិកលិយុគដូចពេលអតីតកាល៣ឆ្នាំ៨ខែនិង២០ថ្ងៃទៀតទេ បើទោះបីក្នុងតម្លៃណាក៏ដោយ។

            ឯកឧត្តម ឃួង ស្រេង បានអំពាវនាវបែបនេះកាលពីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ ខណៈដែល ឯកឧត្តមបានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធរូបសំណាក«ស្ត្រីកំពុងអង្គុយអោបកូន» នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា នៅក្នុងប្រទេសកម្ពុជាយើង និយាយដោយឡែកនៅរាជធានីភ្នំពេញ ក្នុងពេលអតីតកាល នៃរបបប៉ុលពតគឺបានធ្វើឲ្យរាជធានីភ្នំពេញ ក្លាយជាទីក្រុងខ្មោច ប្រជាពលរដ្ឋត្រូវបានជម្លៀសទៅកាន់ជនបទគ្មានសល់ បញ្ញាវ័ន្តត្រូវបានសម្លាប់រង្គាល ប្រជាជនអត់អាហារស្គមស្គាំង មានតែស្បែកនិងឆ្អឹង សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្មគ្រប់ប្រភេទត្រូវបានលុបបំបាត់ ហើយហេដ្ឋារចនាសម្ព័ន្ធនានាត្រូវបានបំភ្លេចបំផ្លាញដល់ចំណុចសូន្យ។ ដូច្នេះ សូមបងប្អូនជនរួមជាតិទាំងអស់រក្សាឲ្យបានសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ធ្វើយ៉ាងណាកុំឲ្យរបបប្រល័យពូជសាសន៍វិលមកជាលើកទីពីរម្ដងទៀត។

            ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ការកសាងរូបសំណាកស្ត្រីកំពុងអង្គុយអោបកូន ស្ថិតនៅក្នុងបរិវេណមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកនេះ គឺដើម្បីរំលឹកឡើងវិញនូវសច្ចធម៌ប្រវត្តិសាស្ត្រ នៃជីវិតរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលត្រូវព្រាត់ប្រាស់ក្រុមគ្រួសារ ប្រពន្ធព្រាត់ប្ដី ប្ដីព្រាត់កូន ហើយក៏មិនដឹងថាត្រូវព្រាត់ស្លាប់ឬ ព្រាត់រស់ ឯអ្នកនៅរស់ក៏រង់ចាំតែពេលត្រូវបានគេយកទៅសម្លាប់ប៉ុណ្ណោះ ពោលគឺជីវិតមានតែក្តីអស់សង្ឃឹម និងភាពភ័យរន្ធត់គ្រប់ពេលវេលា។ ដូច្នេះយើងត្រូវតែចងចាំគ្មានថ្ងៃបំភ្លេច នឹងត្រូវផ្សព្វផ្សាយដល់មនុស្សជំនាន់ក្រោយឲ្យបានយល់ដឹងកុំឲ្យរបបព្រៃផ្សៃនេះវិល ត្រឡប់មកលើសង្គមជាតិយើងជាលើកទី២ទៀតឲ្យសោះ។

img0109202004 img0109202002 img0109202008 img0109202007 img0109202006 img0109202009