ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ពិធីបើកការដ្ឋានស្ថាបនាស្ពានសាក់សំពៅថ្មី

ពិធីបើកការដ្ឋានស្ថាបនាស្ពានសាក់សំពៅថ្មី

ថ្ងៃចេញផ្សាយ: Friday, August 05, 2016, 11:02 PM

នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦នេះ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានសាក់សំពៅថ្មី ដែលមានទីតាំងព្រំប្រទល់រវាងសង្កាត់សាក់សំពៅ និងសង្កាត់គង់ណយ ខណ្ឌដង្កោ។ ស្ពានសាក់សំពៅថ្មីនេះ មានប្រវែង ១០៨ម៉ែត្រ ទទឹង ៩ម៉ែត្រ ជាស្ពានឆ្លងកាត់ស្ទឹងព្រែកត្នោត វាមានប្រយោជន៍សំខាន់សម្រាប់ប្រជាពលរដ្ឋដឹកជញ្ជូនកសិផលនានារបស់ខ្លួនទៅទីផ្សារ និងបម្រើប្រយោជន៍ជាច្រើនទៀតក្នុងតំបន់នេះ។

ការស្ថាបនាស្ពានសាក់សំពៅថ្មី ក៏ព្រោះតែស្ពានចាស់មានសភាពទ្រុឌទ្រោមខ្លាំង ទើបរដ្ឋបាលរាជធានីភ្នំពេញសម្រេចជំរុញសាងសង់ស្ពានថ្មីនេះ បើទោះជាថវិកាមិនទាន់មានគ្រប់គ្រាន់យ៉ាងណាក្តី។ គួររំលឹកថា ស្ពានសាក់សំពៅចាស់បានបម្រើប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋក្នុងតំបន់ខាងលើ តាំងពីទស្សវត៨០មកម្លេះ ហើយគ្រឹះរបស់វាគ្រាន់តែបុកឈើតែប៉ុណ្ណោះ។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ស្ពានសាក់សំពៅថ្មីនេះ នឹងស្ថាបនារួចរាល់នៅខែវិច្ឆិកាខាងមុខ ធ្វើយ៉ាងណាឱ្យរួចបានមុនទឹកធំមកដល់។ ឯកឧត្តមបានបន្តទៀតថា សមិទ្ធិផលនេះកើតឡើងបាន ក៏ដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។ ឯកឧត្តមបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានទទួលប្រយោជន៍ពីស្ពាននេះ ឱ្យចេះថែរក្សា និងប្រើប្រាស់វាឱ្យមានប្រយោជន៍ កុំខ្ចិលច្រអូស ខិតខំធ្វើការឱ្យមានជីវភាពធូរធា ក្រោមម្លប់សន្តិភាព ស្ថិរភាពសង្គមយ៉ាងពិតប្រាកដ៕

13895225_859157684220375_1067895863844530606_n 13873194_859157567553720_4949857334551799290_n 13920998_859157334220410_5355826316609978564_n 13895432_859157234220420_1448379700155994242_n